yIGF កម្ពុជា Close

០៨:១០ – ០៨:២៥ សុន្ទរកថាគណៈអធិបតី

អត្ថបទទាក់ទង

«ដំណើរ និងគោលបំណងនៃគណៈកម្មាធិការរៀបចំថ្មីឆ្ពោះទៅកាន់ អភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ២០២៤»

នៅខែកក្កដា ឆ្នាំ ២០២៤ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) បានស្វាគមន៍គណៈកម្មាធិការរៀបចំថ្មីចំនួនប្រាំរូប ​ដែលសមាជិកនីមួយៗត្រូវបានចាត់តាំងឱ្យចូលក្នុងចំណោមក្រុមសំខាន់ៗចំនួនបួនគឺ គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស គណៈកម្មាធិការរៀបចំកម្មវិធី គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ និងគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ ជាមួយនឹងគោលដៅ​និងបេសកកម្មច្បាស់លាស់​ គណៈកម្មាធិការថ្មីថ្មោងទាំងប្រាំរូបនឹងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត និងដោះស្រាយបញ្ហាសំខាន់ៗជុំវិញអ៊ីនធឺណិតតាមរយៈការចូលរួមសកម្មភាពការងារក្នុង YIGF Cambodia។គណៈកម្មការរៀបចំថ្មីនឹងចូលរួមជាផ្នែកមួយដ៏សំខាន់សម្រាប់ YIGF Cambodia ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ក្នុងអត្ថបទនេះ ពួកគេនឹងចែករំលែកដំណើរនៃការចូលរួមក្នុងសហគមន៍ YIGF Cambodia ពិភាក្សាអំពីបញ្ហាអ៊ីនធឺណិតដែលពួកគេចាប់អារម្មណ៍ និងស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីបេសកកម្ម គោលដៅ និងសារសំខាន់ៗដែលពួកគេចង់ផ្សព្វផ្សាយទៅដល់សាធារណជន ជាពិសេសក្រុមយុវជន។គណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរិន រូស្សា អាយុ ២២ឆ្នាំ ជានិស្សិតទើបបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។កាលពីឆ្នាំ២០២៣ រូស្សា ធ្លាប់ចូលរួមក្នុង YIGF Cambodia ជាអ្នកជជែកដេញដោលក្នុងកម្មវិធីកិច្ចពិភាក្សាវែកញែកទាក់ទងនឹងអ៊ីនធឺណិត ដែលរៀបចំដោយគណៈកម្មាធិការរៀបចំ YIGF កម្ពុជា ២០២៣។ លោកក៏ធ្លាប់ចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) កាលពីឆ្នាំមុនផងដែរ។ បទពិសោធន៍ទាំងនេះបានបំផុសគំនិត និងជំរុញឱ្យលោកចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត។ក្នុងនាមជាយុវជនដែលមានចូលចិត្តប្រធានបទអ៊ីនធឺណិត រូស្សា ជឿជាក់ថាវេទិកា YIGF Cambodia គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ទាញការចូលរួមរពីយុវជនលើបញ្ហាអ៊ីនធឺណិត ដូចជា ការប្រើប្រាស់អ៊ីនធឺណិតដោយស្មើភាព និងប្រកដបដោយបរិយាបន្ន។ លោកនឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់នូវគំនិតថ្មីៗដោយប្រើប្រាស់តួនាទីនៃការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។រូស្សាមានក្តីរំភើបជាខ្លាំង និងមានកិត្តិយសដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអភិវឌ្ឍន៍ខ្លួងក្នុងបរិយាកាសការងារថ្មីជាមួយក្រុម។«វាជាឱកាសដ៏អស្ចារ្យមួយ ដើម្បីរៀនសូត្រ រីកចម្រើន និងរួមចំណែកក្នុងសកម្មភាពមួយដ៏មានន័យ។ ខ្ញុំរាងភ័យបន្តិចដែរ ព្រោះខ្ញុំចង់ប្រាកដថាខ្ញុំអាចធ្វើការងារបានទៅតាមអ្វីដែលក្រុមរបស់ខ្ញុំរំពឹងទុក និងផ្តល់លទ្ធផលដែលមានឥទ្ធិពល។ ប៉ុន្តែជារួម ខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្ត និងចង់ចាប់ផ្តើមលើការងារថ្មីនេះ»។ក្នុងនាមជាសមាជិកថ្មីនៃគណកម្មាធិការផ្នែកទំនាក់ទំនង គាត់មានបេសកកម្ម និងគោលដៅ ដើម្បីលើកកម្ពស់សំឡេងរបស់យុវជន និងកសាងសហគមន៍នៃយុវជនដែលមានចិត្តចង់លើកស្ទួយសិទ្ធិឌីជីថលជាមួយគ្នា។គាត់​បាន​បន្ថែម​ថា៖ «បេសកកម្មរបស់ខ្ញុំជាមួយវេទិកា YIGF Cambodia គឺផ្តល់សិទ្ធិអំណាចដល់យុវជន ដើម្បីរៀបចំអនាគតឌីជីថលរបស់យើង។ ខ្ញុំជឿជាក់លើការជជែកដោយបើកចំហរ ការអប់រំនិង ការសហការគ្នា ដើម្បីបង្កើតអ្នកដឹកនាំឌីជីថលជំនាន់ថ្មី។»ក្នុងនាមជាអ្នកមានបទពិសោធន៍ខាងប្រព័ន្ធផ្សព្វផ្សាយ លោកនឹងប្រើជំនាញរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ការបែងចែកផ្នែកឌីជីថល នៅក្នុងប្រទេសកម្ពុជាតាមរយៈតួនាទីរបស់គាត់នៅក្នុងវេទិកា YIGF Cambodia។ លោកបានពោលថា «ខ្ញុំនឹងតស៊ូមតិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតដែលអាចចូលប្រើបាន ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងមាតិកាភាសាក្នុងស្រុក។ ខ្ញុំនឹងសហការជាមួយភាគីពាក់ព័ន្ធចម្រុះ និងពង្រីកសំឡេងភាគតិច ដើម្បីធានាថាគ្រប់គ្នាមានឱកាសអាចទទួលបានអត្ថប្រយោជន៍ដែលអ៊ីនធឺណិតផ្ដល់ឱ្យ»។ «មិនមែនអ្វីគ្រប់យ៉ាងដែលអ្នកឃើញនៅលើអ៊ីនធឺណិតគឺជាការពិតនោះទេ។ អភិវឌ្ឍជំនាញការគិតបែបពិចារណារបស់អ្នក ស្វែងរកប្រភពដើម និងផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែកវា» គឺជាសារសំខាន់មួយពីគណៈកម្មាធិការទំនាក់ទំនងថ្មីនេះ។គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រចាន់ ទី អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ ផ្នែកពាណិជ្ជកម្មឌីជីថល ពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ហើយបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្មសូហ្វវែរនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ទី បានស្គាល់ពីវេទិកា YIGF Cambodia ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ២០២៣ តាមរយៈសាលារបស់លោក ដែលភ្លាមៗនោះ លោកក៏មានចំណាប់អារម្មណ៍ ដោយសារកម្មវិធីនេះផ្តោតលើបច្ចេកវិទ្យា និងការគាំទ្រលើប្រធានបទអ៊ីនធឺណិត។ ជាមួយនឹងបទពិសោធន៍ខាងផ្នែកសរសេរកូដ និងការរចនារូបភាព យុវជនរូបនេះបានសម្រេចចិត្តដាក់ពាក្យធ្វើជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រសម្រាប់វេទិកា YIGF​ Cambodia។ បេសកកម្មរបស់លោកគឺបង្កើតបរិយាកាសមួយដែលយុវជនអាចរៀន ផ្លាស់ប្តូរគំនិត និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ន។លោកពោលថា «គោលដៅរបស់ខ្ញុំរួមមានការលើកកម្ពស់អក្ខរកម្មឌីជីថលតាមរយៈកម្មវិធីអប់រំ និងសិក្ខាសាលា និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជនជាមួយ YIGF Cambodia។ នេះហើយជាមូលហេតុដែល YIGF Cambodia ក្នុងឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលខ្ញុំត្រូវតែចូលរួមធ្វើឱ្យវាក្លាយជាវេទិកាដ៏ជោគជ័យមួយ ដោយចូលរួមជាគណៈកម្មាធិការរៀបចំមួយរូបដែរ»។សារសំខាន់ចុងក្រោយពីគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មីនេះគឺ៖ «អ៊ីនធឺណិតគឺជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាទាមទារការប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្ម។ បន្តការស្វែងយល់បន្ថែម តស៊ូមតិសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ និងបើកចំហ ហើយផ្តល់អាទិភាពលើសុវត្ថិភាព និងឯកជនភាពលើអ៊ីនធឺណិត។ សំឡេងរបស់អ្នកមានសារៈសំខាន់ណាស់។ យើងត្រូវធ្វើការជាមួយគ្នា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយភាពវិជ្ជមាន និងបរិយាបន្ន»។សមាជិកម្នាក់ទៀតនៃគណៈកម្មាការអភិវឌ្ឍន៍គេហទំព័រគឺ ហួរ លីវហួង ដែលជានិស្សិត​ឆ្នាំទី​៣ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិទ្យាសាស្ត្រទិន្នន័យ ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។កញ្ញាតែងតែចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត ជាពិសេសទាក់ទងនងឥទ្ធិពលរបស់វាទៅលើលំហអនឡាញ ឯកជនភាព សុវត្ថិភាព និងការចូលប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ចម្ងល់ទាំងនេះបានជំរុញទឹកចិត្តកញ្ញាឱ្យដាក់ពាក្យចូលធ្វើជា គណៈកម្មាធិការរៀបចំ YIGF Cambodia។លីវហួង បានរំលឹកថា៖ «នៅពេលដែលខ្ញុំបានឃើញការងារដ៏ល្អ ដែលគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រនៃវេទិកា YIGF Cambodia កំពុងធ្វើ ជាពិសេសការងារក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជន ខ្ញុំបានសម្រេចចិត្តថាខ្ញុំចង់ចូលរួមជាផ្នែកមួយនៃការរៀបចំនេះ។ គេហទំព័ររបស់ពួកគេគឺជាឧបករណ៍ដ៏មានឥទ្ធិពល ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាព និងជាកន្លែងផ្តល់ព័ត៌មានសម្រាប់មនុស្សគ្រប់គ្នា» ។កញ្ញាបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកនៃគេហទំព័រថ្មី នៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឹណិតថា «វាជាកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ សម្រាប់វេទិកាអ៊ី YIGF Cambodia។ ខ្ងុំចង់ចែករំលែកគំនិតជាច្រើន ដើម្បីយកជំនាញបច្ចេកទេស ជាមួយនឹងចំណេះដឹងផ្នែកអភិបាលកិច្ចអ៊ីនធឺណិតរបស់ខ្ញុំបញ្ចូលគ្នា ដើម្បីបង្កើតគេហទំព័រដែលផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថល»។ ជាមួយនឹងបទពិសោធន៍ក្នុងវិទ្យាសាស្ត្រទិន្នន័យ កញ្ញានឹងប្រើប្រាស់ជំនាញរបស់នាងដើម្បីធ្វើឱ្យគេហទំព័រ YIGF Cambodia ក្លាយជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍លើប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈការបង្កើតរូបភាពទិន្នន័យ ដើម្បីធ្វើឱ្យប្រធានបទស្មុគស្មាញកាន់តែងាយស្រួលយល់សម្រាប់មនុស្សទូទៅ។នាងបានបន្ថែមថា៖ «​ខ្ញុំចង់ប្រើទិន្នន័យដើម្បីប្រាប់រឿងរ៉ាវគួរឱ្យទាក់ទាញដែលធ្វើឱ្យប្រធានបទស្មុគស្មាញនេះអាចប្រែជាប្រធានបទដែលងាយយល់បានដូចជា កម្រងសំណួរខ្លីៗដែលអាចសាកល្បងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់មនុស្សទូទៅ ឬព័ត៌មានបែបរូបភាពក្រាហ្វិក ដែលបង្ហាញពីអត្ថប្រយោជន៍នៃអាកប្បកិរិយាអនឡាញដែលមានទំនួលខុសត្រូវ»។ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត គឺជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយកញ្ញាមើលឃើញថាគេហទំព័រវេទិកា YIGF Cambodia ជាអាវុធប្រឆាំងនឹងបញ្ហាទាំងនោះ។«កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ដោយប្រយោលលើប្រព័ន្ធអ៊ីនធឺណិត! គេហទំព័រ YIGF Cambodia គឺជាទីចាប់ផ្តើមរបស់អ្នក ដើម្បីក្លាយជាពលរដ្ឋសកម្ម។ ស្វែងយល់អំពីសិទ្ធិរបស់អ្នក ស្វែងយល់ពីច្បាប់នៃអ៊ីនធឺណិត និងចូលរួមការពិភាក្សាអំពីការកសាងអ៊ីនធឺណិតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ សូមចាំថា យើងទាំងអស់គ្នាអាចក្លាយជាអ្នកផ្លាស់ប្តូរបានជាមួយនឹងចំណេះដឹង និងទិន្នន័យ!» ពោលដោយគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មី។គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្សអ៊ូ ជាតិតា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីលើនេះ កញ្ញាជានិស្សិតឆ្នាំទី ២ កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា (UC)។ជាតិតា គឺជាយុវជនដែលចង់ដឹងចង់ឮអំពីប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដោយសារនាងជឿថាវាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គម ដែលជំរុញឱ្យនាងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ ២០២៤។កញ្ញាត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំ YIGF Cambodia បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ និងសម្ភាសន៍។ ឥឡូវនេះនាងបានក្លាយជាសមាជិករៀបចំនៃវេទិកា YIGF Cambodia ក្នុងគណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស។  វេទិកា YIGF Cambodia គឺជាសហគមន៍មួយដែល ជាតិតា សង្ឃឹមថានឹងស្វែងយល់ពីបទពិសោធន៍ថ្មីៗបន្ថែមទៀត ខណៈពេលដែលភ្ជាប់នូវអ្វីដែលនាងបានរៀនពីសាលា ដើម្បីយកទៅអនុវត្តក្នុងក្រុមរដ្ឋបាល។«ពេលបានជ្រើសរើសឲ្យក្លាយជាគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ២០២៤ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ការដែលជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំ និងក្រុមយុវជនរបស់ខ្ញុំ ដើម្បីឲ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីអភិបាលកិច្ចអ៊ីនធឺណិត និងការប្រើអ៊ីនធឺណិត»។ក្នុងនាមជាគណៈកម្មាធិការថ្មីនៃវេទិកា YIGF Cambodia កញ្ញាបានបង្ហាញពីគំនិតវិជ្ជមានលើអ៊ីនធឺណិតសម្រាប់សង្គមកម្ពុជា ជាមួយនឹងបេសកកម្មដើម្បីធ្វើឱ្យអ៊ីនធឺណិតអាចប្រើប្រាស់បានដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង។«កង្វះអ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានមិនមែនជាបញ្ហាប្រឈមសម្រាប់សហគមន៍របស់យើងទៀតទេ។ លើសពីនេះយើងមានសេចក្តីសោមនស្សរីករាយដែលដឹងថាសហគមន៍របស់យើងមានភាពប្រសើរឡើងជាមួយនឹងអភិបាលកិច្ចអ៊ីនធឺណិត ហើយក្នុងនាមយើងជាយុវជនបានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយគ្នានឹងនីតិវិធីនៃគោលនយោបាយពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់ស្ថិរភាពនៃសន្តិសុខសង្គម និងការអភិវឌ្ឍន៍សង្គម»។យ៉ាងណាមិញ ដោយមើលឃើញពីកង្វះចំណេះដឹងទាក់ទងនឹងអ៊ីនធឺណិត ជាពិសេសអ្នកនៅជនបទក្នុងប្រទេសកម្ពុជា ជាតិតា ចង់ចូលរួមជាមួយ YIGF Cambodia ក្នុងគោលបំណងដោះស្រាយបញ្ហា «គម្លាតនៃការប្រើប្រាស់អ៊ីនធឺណិត និងចំណេះដឹងអ៊ីនធឺណិត» នៅកម្ពុជា។«ក្នុងនាមជាយុវជននិងអ្នកបង្កើតការផ្លាស់ប្តូរ យើងគួរតែមានការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរលើបញ្ហាអ៊ីនធឺណិត។ ដើម្បីលើកឡើងពីដំណោះស្រាយសំខាន់ៗចំពោះបញ្ហាប្រឈម យើងត្រូវចូលរួមជាមួយគ្នាក្នុងសកម្មភាព និងយុទ្ធនាការផ្សេងៗជាដើម។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយចលនារដ្ឋាភិបាលអាចឱ្យយើងអភិវឌ្ឍលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាជាមុន» សារគន្លឹះចុងក្រោយរបស់កញ្ញា។គណៈកម្មាធិការរៀបចំកម្មវិធីហុក លីហ៊ុយ អាយុ ២៧ ឆ្នាំ បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយត្រូវបានជ្រើសរើសជាគណៈកម្មាធិការរៀបចំកម្មវិធីថ្មីរបស់វេទិកា YIGF Cambodia។លីហ៊ុយ បានដាក់ពាក្យសម្រាប់គណៈកម្មាធិការរៀបចំវេទិកា​ YIGF ដោយសារតែកញ្ញាមើលឃើញពីឱកាសនិងសក្តានុពលដែលអាចពង្រីកទស្សនៈរបស់កញ្ញាលើសពីទំនួលខុសត្រូវវិជ្ជាជីវៈបច្ចុប្បន្នរបស់កញ្ញា និងជាការបំផុសគំនិតសម្រាប់កញ្ញាឱ្យចូលរួមក្នុង «ការគ្រប់គ្រងអ៊ីនធឺណិត» ។កញ្ញាបាននិយាយថា៖ «ការក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំនឹងមិនត្រឹមតែជួយសម្រួលដល់ការរៀនសូត្របន្ត និងការអភិវឌ្ឍន៍ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចឱ្យខ្ញុំក្នុងការរួមចំណែកយ៉ាងសកម្មដល់សហគមន៍ ដែលចង់បង្កើតអភិបាលកិច្ចអ៊ីនធឺណិតនាពេលអនាគតឲ្យចេញរូបរាងឡើង»។ជាសមាជិកថ្មីនៃគណៈកម្មាធិការរៀបចំថ្មី លីហ៊ុយសង្ឃឹមថានឹងបានអនុវត្តជំនាញរបស់នាងក្នុងការរៀបចំកម្មវិធី និងចំណេះដឹងដែលនាងមាន ដើម្បីរួមចំណែកដល់សហគមន៍អ្នកប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។នាងបានបង្ហាញពីអារម្មណ៍របស់នាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសថា៖« វានាំមកវិញនូវការចងចាំដែលខ្ញុំធ្លាប់រំភើបជាខ្លាំងកាលពីពេលដែលខ្ញុំនៅជាសិស្សស្ម័គ្រចិត្ត»។លីហ៊ុយ ស្រមៃថាខ្លួននាងជាពលរដ្ឋឌីជីថល ដែលចូលចិត្តទទួលយកឱកាសទាំងការចូលរួម ឬរចនាការពិភាក្សាណាមួយទាក់ទងនឹងអ៊ីនធឺណិតជាមួយវេទិកា YIGF Cambodia។បេសកកម្មរបស់នាងគឺដើម្បីដោះស្រាយបញ្ហាអក្ខរកម្មឌីជីថល ដែលពាក់ព័ន្ធនឹងការផ្តល់ជូនបុគ្គលម្នាក់ៗនូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងរុករកវេទិកាអនឡាញ ស្វែងយល់អំពីឯកជនភាព និងសុវត្ថិភាពឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងជំនាញ។«មើលឃើញអ៊ីនធឺណិតដោយផ្នត់គំនិត ទាំងឱកាស និងការទទួលខុសត្រូវ។ អ៊ីនធឺណិតផ្តល់នូវសក្តានុពលដ៏អស្ចារ្យសម្រាប់ការរៀន ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាក៏ទាមទារឱ្យយើងមានការប្រុងប្រយ័ត្នចំពោះភាពឯកជន សុវត្ថិភាព និងភាពត្រឹមត្រូវនៃព័ត៌មានផងដែរ។ ចាប់យកអក្ខរកម្មឌីជីថល ពិចារណាមាតិកាដែលអ្នកប្រើប្រាស់ និងចែករំលែក ហើយតែងតែគិតគូរពីផលប៉ះពាល់សីលធម៌នៃសកម្មភាពអនឡាញរបស់អ្នក។ បើអនុវត្តបែបនេះ យើងអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព មានបរិយាបន្ន និងផ្តល់សិទ្ធដល់មនុស្សគ្រប់រូប» គឺជាសារសំខាន់ចុងក្រោយរបស់លីហ៊ុយ។

ដាច់ចរន្ត Microsoft តែឯងសោះ បង្កឱ្យមានភាពចលាចលសឹងគ្រប់វិស័យ?

កំឡុងពេលប៉ុន្មានម៉ោងកន្លងទៅនេះ ទូទាំងបណ្តាប្រទេសជាច្រើន ជាពិសេសទ្វីបប៉ែកខាងលិចជួបភាពចលាចល ដោយសារជើងហោះហើរត្រូវបានពន្យារពេល ធ្វើឱ្យអាកាសយានដ្ឋានស្ថិតក្នុងភាពវឹកវរ រីឯធនាគារកំពុងតែស្វែងរកវិធីយ៉ាងស្វិតស្វាញ ដើម្បីរក្សាដំណើរការលើប្រព័ន្ធអនឡាញរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ភាគច្រើនដែលពឹងផ្អែកទៅលើការទូរទាត់តាមអនឡាញ។ ទាំងនេះគឺជាទិដ្ឋភាពនៅទូទាំងពិភពលោក ដែលរងផលវិបាកពីការដាច់បច្ចេកវិទ្យាតភ្ជាប់ជាសកល ធ្វើឱ្យមានផលប៉ះពាល់ជាច្រើននៅស្ទើរគ្រប់វិស័យ។ នៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ការបរាជ័យផ្នែកបច្ចេកវិទ្យាជាសាកលដ៏សំខាន់បាននាំឱ្យប្រតិបត្តិការនៅទូទាំងឧស្សាហកម្មជាច្រើនត្រូវជាប់គាំង។ ការដាច់ចរន្តដែលបង្កឡើងដោយការធ្វើបច្ចុប្បន្នភាពផ្នែកទន់ពីក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike បាននាំឱ្យមានការរំខានទៅលើប្រព័ន្ធយ៉ាងទូលំទូលាយរបស់ Microsoft Windows ដែលធ្វើឱ្យលេចឡើងនូវ “អេក្រង់ពណ៌ខៀវនៃការស្លាប់” (Blue Screen of Death) ឬហៅកាត់ថា BSOD។ \"អេក្រង់ពណ៌ខៀវនៃការស្លាប់\" Blue Screen of Death (BSOD) Blue Screen of Death (BSOD) គឺជាអេក្រង់ដែលជាប់គាំងដែលបង្ហាញខ្លួននៅពេលមានបញ្ហាកំហុសក្នុងប្រព័ន្ធកើតឡើងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows។ កំហុសនេះបង្ខំឱ្យកុំព្យូទ័របើកឡើងវិញដោយមិនរំពឹងទុក ដែលជារឿយៗបណ្តាលឱ្យបាត់បង់ទិន្នន័យ។ នៅក្នុងឧបទ្ទវហេតុថ្មីៗនេះ សារកំហុស BSOD បានបង្ហាញថាកុំព្យូទ័រមានបញ្ហា ហើយត្រូវការបើកឡើងវិញ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការខកចិត្ត ហើយអាជីវកម្មជាច្រើនព្យាយាមស្វែងរកដំណោះស្រាយ។ វាបង្ខំឱ្យកុំព្យូទ័រយួរដៃ និងកុំព្យូទ័រផ្សេងៗបិទភ្លាមៗ ហើយបើកឡើងវិញដោយជៀសមិនបាន។ ផលប៉ះពាល់នៃការដាច់ប្រព័ន្ធប្រើប្រាស់ទូលំទូលាយ ការដាច់ចរន្តចេញមកពីការធ្វើបច្ចុប្បន្នភាពរបស់ប្រព័ន្ធកម្មវិធីសុវត្ថិភាពដែលអាចប្រើប្រាស់ទូលំទូលាយដែលបង្កើតឡើងដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike នៅព្រឹកថ្ងៃសុក្រនេះ បានប៉ះពាល់ដល់កុំព្យូទ័រដែលកំពុងដំណើរការ Microsoft Windows នៅតាមក្រុមហ៊ុននានានៅទូទាំងវិស័យនានា ចាប់ពីក្រុមហ៊ុនអាកាសចរណ៍ ធនាគារ សង្វាក់អាហារ និងក្រុមហ៊ុនកម្រៃជើងសារ រហូតដល់ស្ថាប័នព័ត៌មាន និងបណ្តាញផ្លូវដែកជុំវិញពិភពលោក។ ក្នុងនោះ វិស័យ​អាកាសចរ​ណ៍ហាក់​ដូច​ជា​ត្រូវរង​គ្រោះ​ខ្លាំង​ជាង​គេ។ អាកាសយានដ្ឋាននៅទូទាំងពិភពលោកកំពុងជួបប្រទះការពន្យារពេលជើងហោះហើរ និងការលុបចោលដោយសារតែមិនអាចចូលទៅប្រើប្រព័ន្ធសំខាន់ៗ។ អ្នកធ្វើដំណើរជាច្រើនត្រូវទទួលការខកចិត្ត ដោយសារតែការ​ពន្យារ​ពេល​ជើង​ហោះ​ហើរ និង​ការ​លុប​ចោល ដោយសារ​ប្រព័ន្ធ​ពិនិត្យ​ចូល និងប្រព័ន្ធ​សំបុត្រ​របស់​ពួក​គេមិនដំណើរការ។ អ្នកដំណើរប្រឈមមុខនឹងការរង់ចាំយូរ និងការយល់ច្រឡំ ដោយជើងហោះហើរជាច្រើនត្រូវបានផ្អាក ដោយសារមិនអាចដំណើរការទិន្នន័យចាំបាច់។ ធនាគារ​ក្នុង​ប្រទេស​​អូស្ត្រាលី និង​នូវែលសេឡង់​បាន​ជួប​ប្រទះ​ការ​រំខាន​យ៉ាង​ខ្លាំងពីហេតុការណ៍នេះ។ សេវាធនាគារតាមអ៊ីនធឺណិតបានធ្លាក់ចុះ អេធីអឹមមិនដំណើរការ ហើយអតិថិជនមិនអាចចូលគណនីរបស់ពួកគេបាន ដែលនាំឱ្យមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ និងការខកចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅចក្រភពអង់គ្លេសដូចជា Sky News មិនអាចផ្សាយផ្ទាល់បាន ហើយសេវាសុខភាពជាតិជួបនឹងបញ្ហាលើប្រព័ន្ធកុំព្យូទ័រគ្លីនិករបស់ខ្លួន ដែលប៉ះពាល់ដល់ការថែទាំអ្នកជំងឺ និងកាលវិភាគណាត់ជួប។ តើវាកើតឡើងយ៉ាងដូចម្តេច? ហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនមេពពក ដែលជាសេវាផ្ទុកទិន្នន័យ និងកុំព្យូទ័រដែលប្រមូលផ្តុំដោយបណ្តាញអ៊ីនធឺណិត។ ម៉ាស៊ីនមេទាំងនេះរៀបចំកម្មវិធី និងទិន្នន័យសំខាន់ៗសម្រាប់អាជីវកម្ម និងរដ្ឋាភិបាលទូទាំងពិភពលោក។ នៅពេលដែលម៉ាស៊ីនមេពពកជួបប្រទះការបរាជ័យ វាអាចរំខានដល់សេវាកម្មរបស់អតិថិជនទាំងអស់ដែលពឹងផ្អែកលើវា។ នេះមានន័យថាស្ថាប័នណាមួយដែលប្រើប្រាស់ម៉ាស៊ីនមេទាំងនេះអាចប្រឈមនឹងការបិទប្រតិបត្តិការ ការបាត់បង់ទិន្នន័យ និងការដាច់ប្រព័ន្ធទំនាក់ទំនង។ ឫសគល់នៃការដាច់ចរន្តនេះ ត្រូវបានភ្ជាប់ទៅនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធី CrowdStrike ដែលប៉ះពាល់ដល់ឧបករណ៍ចាប់សញ្ញា Falcon របស់ពួកគេ ដែលជាឧបករណ៍សុវត្ថិភាពតាមអ៊ីនធឺណិតដែលប្រើប្រាស់ដោយសហគ្រាសជាច្រើន។ ការធ្វើបច្ចុប្បន្នភាពនេះបានធ្វើឱ្យប្រព័ន្ធ Windows គាំងដែលធ្វើឱ្យមានអេក្រង់ BSOD។ សេចក្តីសន្និដ្ឋាន ឧប្បត្តិហេតុនេះសបញ្ជាក់ពីភាពងាយរងគ្រោះដែលមាននៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានការពាក់ព័ន្ធគ្នា។ ការពឹងផ្អែកលើសេវាកម្មដែលមានមូលដ្ឋានលើពពក និងដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិតភាគីទីបី ទោះបីជាវាផ្តល់នូវការការពារ និងប្រសិទ្ធភាពខ្ពស់ ក៏នៅតែអាចបង្កហានិភ័យយ៉ាងខ្លាំង នៅពេលដែលអ្វីៗដំណើរការខុសប្រក្រតី។ មាត្រដ្ឋានសកលនៃការដាច់ចរន្តនេះ បង្ហាញពីតម្រូវការនៃផែនការភាពអាសន្នដ៏រឹងមាំ សារៈសំខាន់នៃការឆ្លើយតបរហ័ស និងការសម្របសម្រួលចំពោះបញ្ហានេះ។ ទោះបីជា CrowdStrike បានធានានូវការគាំទ្រ និងការធ្វើបច្ចុប្បន្នភាពបន្តក៏ដោយ ក៏សហគមន៍បច្ចេកវិទ្យាសកលត្រូវតែពិនិត្យមើលឱ្យបានដិតដល់ក្នុងការការពារប្រឆាំងនឹងឧប្បត្តិហេតុស្រដៀងគ្នានេះនៅថ្ងៃមុខ រួមបញ្ចូលទាំងការធ្វើតេស្តការធ្វើបច្ចុប្បន្នភាពយ៉ាងហ្មត់ចត់ ការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងក្នុងអំឡុងពេលមានវិបត្តិ និងពិធីការស្តារឡើងវិញពេលមានបញ្ហា។ មេរៀនដែលបានរៀនពីការដាច់ចរន្តនេះនឹងសូនអនាគតនៃការអនុវត្តសុវត្ថិភាពតាមអ៊ីនធឺណិត និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ឧបទ្ទវហេតុនាពេលថ្មីៗនេះ គឺជាការរំឮកយ៉ាងច្បាស់អំពីតុល្យភាពដ៏ទន់ខ្សោយរវាងភាពជឿនលឿននៃបច្ចេកវិទ្យា និងភាពធន់នៃប្រព័ន្ធដែលយើងពឹងផ្អែកលើប្រចាំថ្ងៃ។ នៅពេលដែលឧស្សាហកម្មនេះបន្តងើបឡើងវិញ ការផ្តោតសំខាន់នៅតែមានបន្តលើការស្ដារឡើងវិញនូវភាពប្រក្រតី និងការការពារឧប្បត្តិហេតុនេះនាពេលអនាគត។ ឯកសារយោង MSN. (2024). Global cyber outage: What is CrowdStrike? How is it linked to the global Microsoft outage? Retrieved from https://www.msn.com/en-in/money/news/global-cyber-outage-what-is-crowdstrike-how-is-it-linked-to-the-global-microsoft-outage/ar-BB1qgmDq?ocid=BingNewsSerp Yahoo. (2024). Explainer: What caused the global cyber outage? Retrieved from https://www.yahoo.com/news/explainer-caused-global-cyber-outage-103655875.html BBC. (2024). Technology: Global cyber outage. Retrieved from https://www.bbc.com/news/technology-64397643

ទស្សនៈរបស់ខ្ញុំលើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ​ ២០២៣ (IGF 2023)

ប្រសិនបើមានគេសួរខ្ញុំអំពីដំណើរកម្សាន្តនៅទីក្រុងក្យូតូ ខ្ញុំនឹងប្រាប់ពួកគេអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ (IGF 2023)។ វាគឺជាបទពិសោធន៍ថ្មីប្លែកសម្រាប់ខ្ញុំ។ តោះមកស្គាល់ តើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ជាអ្វី? វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ គឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ ប្រធានបទនៃវេទិកាគឺ អ៊ីនធឺណិតដែលយើងចង់បាន៖ ការផ្តល់អំណាចដល់មនុស្សគ្រប់គ្នា។ ប្រធានបទរងមានដូចជា បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន (AI & Emerging Technologies) ជៀសវាងការបែងចែកអ៊ីនធឺណិតទៅក្រុមមនុស្សណាមួយ (Avoiding Internet Fragmentation) សុវត្ថិភាពតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity, Cybercrime & Online Safety) ការគ្រប់គ្រងទិន្នន័យ និងទំនុកចិត្ត (Data Governance & Trust) ការបែងចែក និងការដាក់បញ្ចូលឌីជីថល (Digital Divides & Inclusion) អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការឌីជីថលសកល (Global Digital Governance & Cooperation) សិទ្ធិមនុស្ស និងសេរីភាព (Human Rights & Freedoms) និង និរន្តរភាព និងបរិស្ថាន (Sustainability & Environment)។ តោះអានបន្តថាតើទស្សនៈរបស់ខ្ញុំនៅលើវេទិកាគឺយ៉ាងណា!ចំណុចសំខាន់នៃកម្មវិធីវេទិការយៈពេលប្រាំថ្ងៃគឺពោរពេញទៅដោយកម្មវិធី និងវគ្គខ្លីផ្សេងៗគ្នា ហើយត្រូវបានរៀបចំជាទម្រង់ប្រព័ន្ធអ៊ីនធឺណិតផង និង ដោយផ្ទាល់ផង ដែលវាគ្មិនមួយចំនួនបានធ្វើបទបង្ហាញពីចម្ងាយតាមប្រព័ន្ទអ៊ីនធឺណិត។ ខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ ដូច្នេះខ្ញុំបានជ្រើសរើសវគ្គមួយចំនួនដែលខ្ញុំគិតថាគួរឱ្យចាប់អារម្មណ៍។ កម្មវិធីរបស់វេទិកានេះគឺជាបទពិសោធន៍ថ្មីមួយដែលខ្ញុំបានឃើញ ដោយសារមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ដឹកនាំ រហូតដល់ក្រុម យុវជន។ វគ្គខ្លីជាង ៣៥៥ ត្រូវបានបង្ហាញនៅក្នុងវេទិកា ហើយមានស្តង់ជាង ៨០ ក្នុងគោលបំណងចែករំលែកបេសកកម្មការងាររបស់ពួកគេទៅកាន់អ្នកចូលរួម។ ពិធីបើកត្រូវបានធ្វើឡើងនៅថ្ងៃទីពីរ ហើយជាការភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញខ្លួននិងបានថ្លែងសុន្ទរកថាតំណាងប្រទេសម្ចាស់ផ្ទះនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ផងដែរ។លោក Fumio Kishida បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា «AI ជំនាន់ថ្មីមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនល្បឿនការបង្កើតថ្មីក្នុងវិស័យផ្សេងៗដូចជាការរកឃើញថ្នាំព្យាបាល និងការអភិវឌ្ឍន៍នៃការព្យាបាលថ្មី ដោយហេតុនេះនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពលោក»។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏​បាន​ធ្វើថ្លែងសុន្ទរកថា​ទៅ​កាន់​វេទិកា​តាមរយៈ​វីដេអូផងដែរ។ នៅក្នុងសុន្ទរកថារបស់គាត់ លោក Antonio បាននិយាយថា «ខ្ញុំទន្ទឹមមើលការជួបជុំគ្នានៅទីក្រុងក្យូតូ ដើម្បីទទួលបាននូវលទ្ធផលសំខាន់ៗ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។ រួមគ្នាទាំងអស់គ្នា យើងអាចដឹងពីមហិច្ឆតាដែលបានចែងនៅក្នុងប្រធានបទនៃវេទិការនេះ និងអ៊ីនធឺណិត ដើម្បីផ្តល់អំណាចដល់មនុស្សទាំងអស់»។នៅពេលល្ងាចនៃថ្ងៃទីពីរ វេទិកាមានអាហារប៊ូហ្វេអមជាមួយនឹងរាត្រីតន្ត្រី ក៏ដូចជាកាំជ្រួចស្វាគមន៍នៅខាងក្រៅអគារសន្និសីទ។វគ្គគួរឱ្យចាប់អារម្មណ៍ដោយសារមានវគ្គច្រើនជាង ៣៥៥ ទើបខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ។ ដូច្នេះ ខ្ញុំបានរៀបចំកាលវិភាគសម្រាប់វគ្គដែលខ្ញុំចង់ចូលរួម។ ខាងក្រោម​នេះ​ជា​វគ្គ​ខ្លីដែល​ខ្ញុំ​គិត​ថា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ក្នុង​ការ​ចែក​រំលែក​នៅ​ក្នុង​ប្លុកនេះ​។និន្នាការវិវត្តនៅក្នុង MIS- & DIS-INFORMATIONវេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះការទំនាក់ទំនង និងព័ត៌មាននាពេលបច្ចុប្បន្ននេះ។ ទោះយ៉ាងណាក៏ដោយ វាក៏ជាការព្រួយបារម្ភផងដែរនៅពេលនិយាយអំពីការរីករាលដាលនៃមាតិកាមិនពិត និងក្លែងក្លាយ ព្រមទាំងព័ត៌មានដែលបណ្តាលឱ្យមានគ្រោះថ្នាក់។ ដូច្នេះ​ព័ត៌មាន​មិន​ពិត​គឺ​មានបណ្ដាលឲ្យកើតឡើងដោយ​ចេតនា ដោយឡែក​ព័ត៌មាន​មិន​ពិត​កើតឡើងដោយ​អចេតនា។ ពត៌មានមិនពិតរីករាលដាលតាមរយៈសកម្មភាពរបស់តួអង្គទាំងពីរ ហើយនៅក្នុងទម្រង់ជាមាតិកានៅប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដែលបង្កើតឡើងសម្រាប់ការទាក់ទាញអ្នកប្រើប្រាស់។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រជុំ​នេះ គឺ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗគ្នា​បាន​មក​រួម​គ្នា​ពិភាក្សា​លើ​បញ្ហា​នេះ និង​លើក​ឡើង​ពី​ទស្សនៈ​ផ្សេង​គ្នា​។ វាគ្មិនម្នាក់​​​ គឺលោកស្រី Maria Ressa ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ ក៏បានសង្កត់ធ្ងន់លើហានិភ័យនៃការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេស Artificial Intelligence (AI) ដែលអាចប្រើយ៉ាងងាយស្រួលដើម្បីផ្សព្វផ្សាយរឿងមិនពិត។ លោកស្រី​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ AI កំពុង​ឈាន​ទៅ​មុខលឿនជាង​មនុស្ស​នា​ពេល​បច្ចុប្បន្ន ។សំណួរគួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកពិភាក្សាទាំងអស់គឺ តើយើងអាចធ្វើអ្វីបានដើម្បីការពារ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី ជនភៀសខ្លួន ជនជាតិភាគតិច និងសហគមន៍ LGBTQ+ ហើយតើពួកគេអាចប្រើឧបករណ៍អ្វីខ្លះដើម្បីការពារខ្លួន? សហគមន៍ទាំងនេះជាធម្មតាតែងតែទទួលរងនូវគ្រោះថ្នាក់ដែលបណ្តាលមកពីព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតដែលមានបំណងកំណត់គោលដៅលើពួកគេ។លោកស្រី Vera Jourova អនុប្រធានគណៈកម្មការអឺរ៉ុបសម្រាប់គុណតម្លៃ និងតម្លាភាព បាននិយាយថា នៅក្នុងការកំណត់របស់សហភាពអឺរ៉ុបបានចាត់ទុកអ្វីដែលខុសច្បាប់នៅក្រៅបណ្តាញដូចគ្នានឹងនៅលើអ៊ីនធឺណិតផងដែរ។ លោកស្រីក៏បានលើកឡើងពីបញ្ហាដែលថា បច្ចេកវិទ្យាធំៗមួយចំនួនកំពុងដំណើរការសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ ដែលដូចគ្នាទៅនឹងអាជីវកម្មកខ្វក់ដែរ។ វាជាពេលដែលអ្នកដំណើរការក្បួនដោះស្រាយកំពុងរកលុយបានយ៉ាងច្រើនតាមរយៈការស្អប់ខ្ពើម ព័ត៌មានគួរឱ្យព្រួយបារម្ភ និងព័ត៌មានគ្រោះថ្នាក់។ សហភាពអឺរ៉ុបក៏បានពិភាក្សាអំពីបញ្ហានេះជាមួយនឹងបច្ចេកវិទ្យាធំៗ ហើយបានព្យាយាមបញ្ឈប់ពួកគេជាមួយនឹងច្បាប់សេវាកម្មឌីជីថលដែលមានភាពស្របច្បាប់។Tatsuhiko Yamamoto សាស្ត្រាចារ្យច្បាប់ និងជានាយករងនៃវិទ្យាស្ថានស្រាវជ្រាវសកលនៃសាកលវិទ្យាល័យ Keio បានឆ្លើយតបទៅនឹងសំណួរថាសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍មានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងពិភពអនឡាញជាងពិភពរូបវន្តពិតដោយមានពាក្យសំដីស្អប់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ ការរួមបញ្ចូលគ្នានៃអំពើបង្កគ្រោះថ្នាក់ទាំងនេះជាមួយគ្នាអាចក្លាយជាកម្លាំងដែលមិនអាចគ្រប់គ្រងបាន ដូច្នេះការ​សម្រុះសម្រួល​ដ៏រហ័សមួយ​នឹង​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហានេះ។អ្នកស្រី Maria បានសម្តែងថា ច្បាប់របស់សហភាពអឺរ៉ុប ដែលនឹងចេញគឺមានសភាពយឺតប្រៀបដូចអណ្តើក ខណៈដែលបច្ចេកវិទ្យាថ្មីកើតឡើងជារៀងរាល់ពីរសប្តាហ៍ម្តង។ ដូច្នេះហើយ វាគឺជាការអភិវឌ្ឍន៍ដ៏រហ័សរហួនមួយ​ ដែលមនុស្សត្រូវការផ្លាស់ទីលឿនជាងមុន ហើយក៏មិនគួរពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាតែម្នាក់ឯងនោះទេ ព្រោះដំណើរការបស់ពួកគេដើម្បីតែប្រាក់ចំណេញប៉ុណ្ណោះ។Nic Suzor សាស្ត្រាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Queensland University of Technology បានឆ្លើយតបថាអ្វីដែលបាត់បង់នៅក្នុងការជជែកពិភាក្សានេះគឺជាការទទួលស្គាល់ពីបញ្ហា​ ថាវាពិតជាមានភាពសំខាន់។ វាពិបាកណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីដឹងថានរណាជាគោលដៅនៅលើបណ្ដាញអនឡាញ។ នៅពេលចាត់ថ្នាក់មាតិកាស្អប់ តួលេខកម្រិតខ្ពស់បំផុតបង្ហាញតែបុគ្គលដែលមានឋានៈខ្ពស់ប៉ុណ្ណោះ។ លោក​បាន​ស្នើ​ថា យើង​ត្រូវ​មាន​ភាព​សកម្ម​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​ប្រព័ន្ធ​ដែល​យើង​កំពុង​សាងសង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​វិសមភាព​ប្រវត្តិសាស្ត្រ​ក្នុង​ចិត្ត។ ប្រសិនបើយើងផ្តោតលើឧបករណ៍ណាដែលមនុស្សអាចប្រើបាន នោះវានឹងជាបន្ទុកមួយទៀតសម្រាប់ក្រុមមនុស្សដែលត្រូវបានគេកំណត់គោលដៅរួចទៅហើយ។ការអប់រំ បរិយាបន្ន អក្ខរកម្ម៖ កត្តាចាំបាច់សម្រាប់អនាគត AI ប្រកបដោយវិជ្ជមានវគ្គនេះផ្តោតលើបញ្ញាសិប្បនិម្មិតក្នុងការអប់រំឧត្តមសិក្សា។ គោលការណ៍គ្រឹះសម្រាប់ការអប់រំឧត្តមសិក្សាត្រូវបានផ្តួចផ្តើមឡើងជាសកលដើម្បីលើកកម្ពស់អក្ខរកម្មថ្មីៗ។ គោលការណ៍ចំនួនប្រាំមួយរួមមាន: (១) មនុស្ស​ មិនមែនបច្ចេកវិទ្យា ត្រូវតែជាចំណុចកណ្តាលនៃការងាររបស់យើង (២) យើងគួរតែលើកកម្ពស់ការរួមបញ្ចូលឌីជីថលនៅក្នុង និងក្រៅស្ថាប័នរបស់យើង (៣) ចំណេះដឹងផ្នែកឌីជីថល និងព័ត៌មានគឺជាផ្នែកសំខាន់មួយនៃការអប់រំស្នូល (៤) ឧបករណ៍ AI គួរតែលើកកម្ពស់ការបង្រៀន និងការរៀន (៥) ការរៀនអំពីបច្ចេកវិទ្យាគឺជាដំណើរការបទពិសោធន៍ ពេញមួយជីវិត និង (៦) ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ AI ត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ។រួមចំណែកដល់អភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាកាលពីខែមករា ឆ្នាំ២០២២ វិធីសាស្រ្តរបស់កម្ពុជាចំពោះការគ្រប់គ្រងអ៊ីនធឺណិត​ មានការពាក់ព័ន្ធនឹងការរួមបញ្ចូលនៃក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយដើម្បីគ្រប់គ្រង និងការគ្រប់គ្រងទិដ្ឋភាពផ្សេងៗនៃអ៊ីនធឺណិត។ ការអភិវឌ្ឍន៍នៅក្នុងវិធីសាស្រ្តរបស់កម្ពុជាចំពោះអភិបាលកិច្ចអ៊ីនធឺណិតរួមមាន ក្របខណ្ឌបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត គោលនយោបាយសេដ្ឋកិច្ចឌីជីថល អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) សន្តិសុខតាមអ៊ីនធឺណិត សេរីភាពអនឡាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញ ការការពារទិន្នន័យ និងឯកជនភាព និងកិច្ចសហការអន្តរជាតិ។បន្ទាប់ពីបានចូលរួមក្នុងវេទិកា IGF ២០២៣ នេះ ខ្ញុំនឹងបន្តចូលរួមចំណែកក្នុងការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមជាមួយភាគីពាក់ព័ន្ធដូចជា ចូលរួមសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ដើម្បីបង្កើតទំនាក់ទំនង និងស្វែងយល់ពីទស្សនៈផ្សេងៗគ្នា។ ការរួមចំណែកមួយទៀតគឺការតស៊ូមតិ និងបង្កើនការយល់ដឹងដោយ លើកកម្ពស់អ៊ីនធឺណិតបើកចំហ និងអាចចូលប្រើបាន និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសិទ្ធិឌីជីថល សេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់អ៊ីនធឺណិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាចុងក្រោយ ខ្ញុំនឹងបន្តចូលរួម ឬសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលផ្តោតលើសិទ្ធិឌីជីថល សេរីភាពអ៊ីនធឺណិត និងគោលនយោបាយបច្ចេកវិទ្យា។ក្យូតូ ប្រទេសជប៉ុនរដ្ឋាភិបាលជប៉ុន បានជ្រើសរើសកន្លែងដ៏ត្រឹមត្រូវ និងល្អបំផុតដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទរបស់ខ្លួន ខណៈដែលទីក្រុងក្យូតូមានភាពល្បីល្បាញ​ ដោយសារវាជាតំបន់ប្រវត្តិសាស្ត្រ និងសំបូរដោយវប្បធម៌។ ការទៅទស្សនាទីក្រុងក្យូតូធ្វើឲ្យខ្ញុំបានស្វែងរកពេលវេលានៃភាពស្ងប់ស្ងាត់ ខណៈពេលទស្សនាប្រាសាទ និងកន្លែងដែលមានទេសភាពស្អាត់ៗ ដែល​មាន​សួនច្បារ​​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ ព្រៃឫស្សី និង​ទេសភាព​បែប​ប្រពៃណី​រួមចំណែក​ដល់​បរិយាកាស​ស្ងប់ស្ងាត់។ អារម្មណ៍រួមរបស់ខ្ញុំបន្ទាប់ពីបានទៅលេងទីក្រុងនេះ គឺជាការរួមបញ្ចូលគ្នានៃការកោតសរសើរចំពោះភាពសម្បូរបែបនៃវប្បធម៌ ភាពស្ងប់ស្ងាត់ និងទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងកេរដំណែលប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។ក​ថ្លែង​អំណរគុណ​ពិសេសការចូលរួមក្នុងវេទិកា IGF ២០២៣ នៅទីក្រុងក្យូតូ នៃប្រទេសជប៉ុន នឹងមិនកើតឡើងសម្រាប់ខ្ញុំទេ ប្រសិនបើគ្មានការគាំទ្រដ៏សប្បុរសពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ការគាំទ្រនេះ មិនត្រឹមតែផ្តល់ធនធានចាំបាច់ប៉ុណ្ណោះទេ ថែមទាំងបានបម្រើជាប្រភពនៃការលើកទឹកចិត្ត ដល់យុវជនដែលតស៊ូមតិអំពីអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាផងដែរ។