វេទិកា YIGF កម្ពុជា Close
 

អំពាវនាវឱ្យមានអ្នកចូលរួម


វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ឆ្នាំ២០២៦ (YIGF Cambodia 2026) គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា និងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសកល (IGF) ដែលបង្កើតឡើងដើម្បីជួបជុំភាគីពាក់ព័ន្ធចម្រុះមកពិភាក្សាដោយស្មើភាពលើគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងវិស័យអ៊ីនធឺណិត។

វេទិកា YIGF កម្ពុជា ផ្តល់នូវវេទិកាបើកចំហជូនដល់យុវជនក្នុងការផ្លាស់ប្តូរទស្សនទាន និងមតិយោបល់ដោយសេរីលើកិច្ចការអភិបាលកិច្ចអ៊ីនធឺណិត។ វេទិកានេះក៏ដើរតួជាវគ្គតម្រង់ទិសសម្រាប់សិស្ស-និស្សិតក្នុងការស្វែងយល់អំពីបញ្ហាប្រឈមនានាលើប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងបើកឱកាសឱ្យពួកគេចូលរួមក្នុងកិច្ចពិភាក្សាអភិវឌ្ឍន៍គោលនយោបាយឌីជីថលក្នុងកម្រិតសកលផងដែរ។

ប្រធានបទឆ្នាំនេះ «យុវជនក្នុងការកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ភាពទទួលខុសត្រូវ និងបរិយាបន្ន» ផ្តោតសំខាន់លើតួនាទីយ៉ាងសកម្មរបស់យុវជន មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួមចំណែកផ្ទាល់ក្នុងការរៀបចំអនាគតឌីជីថល និងអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា។ វេទិកា YIGF កម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសជូនយុវជន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមឌីជីថលដែលកំពុងកើតមាន ពង្រឹងចំណេះដឹង និងសញ្ជាតិឌីជីថល ផ្លាស់ប្តូរទស្សនទាន ព្រមទាំងរួមចំណែកក្នុងកិច្ចពិភាក្សាលើការអភិវឌ្ឍវិស័យអ៊ីនធឺណិតនៅកម្ពុជា។

វេទិកានេះនឹងជួបជុំយុវជន អ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានសិក្សា និងសហគមន៍បច្ចេកវិទ្យា ដើម្បីរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម និងកលានុវត្តភាពជាក់ស្តែង ពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ទំនុកចិត្ត នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។ តាមរយៈកិច្ចសន្ទនាពហុភាគី និងសកម្មភាពចូលរួមផ្សេងៗ អ្នកចូលរួមនឹងពិនិត្យមើលពីកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុវត្ថិភាពអនឡាញ ជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយទទួលខុសត្រូវ ការពារសិទ្ធិឌីជីថល និងធានាថាគ្រប់រូបអាចចូលរួមក្នុងសង្គមឌីជីថលយ៉ាងបរិបូរណ៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីព្រឹត្តិការណ៍ YIGF Cambodia 2026 សូមចុចខាងក្រោម!

គោលដៅយុវជន

  • យុវជនកម្ពុជាអាយុ១៨-៣៥ឆ្នាំ។
  • និស្សិតសាកលវិទ្យាល័យ អ្នកជំនាញវ័យក្មេង និងអ្នកដឹកនាំដែលមានសេចក្តីប្រាថ្នា។
  • បុគ្គល​មកពី​មជ្ឈដ្ឋាន​ចម្រុះ រួមទាំង​អ្នក​ដែល​មក​ពី​សហគមន៍​ដែល​មាន​​ចំណង់ចំណូលចិត្តក្នុងការពាក់ព័ន្ធអនាគត​នៃ​អ៊ីនធឺណិត។

លក្ខខណ្ឌក្នុងការចូលរួម

  • មានចំណាប់អារម្មណ៍ខ្លាំងលើបញ្ហាឌីជីថល និងអភិបាលកិច្ចអ៊ីនធឺណិត។
  • មានការប្តេជ្ញាចិត្តក្នុងការចូលរួមវគ្គសិក្សាអនឡាញជាមុន ដើម្បីត្រៀមខ្លួន និងពង្រឹងចំណេះដឹងគ្រឹះមុនថ្ងៃកម្មវិធីផ្លូវការ។
  • អាចចូលរួមបានពេញលេញតាមកាលបរិច្ឆេទកម្មវិធីនៅ ថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦
  • បង្ហាញពីសមត្ថភាព ឬសក្តានុពលដឹកនាំ ព្រមទាំងបទពិសោធន៍ក្នុងការចូលរួមការងារសហគមន៍ ឬសកម្មភាពពាក់ព័ន្ធ។

អត្ថប្រយោជន៍

  • បង្កើតទំនាក់ទំនងប្រកបដោយបណ្តាញ៖ ជួបជុំ និងបង្កើតទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធចម្រុះ រួមមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញក្នុងវិស័យ អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំយុវជនដទៃទៀត សម្រាប់កិច្ចសហការទៅថ្ងៃអនាគត។
  • ពង្រឹងយល់ដឹងស៊ីជម្រៅ៖ ទទួលបានចំណេះដឹងស៊ីជម្រៅលើប្រធានបទសំខាន់ៗនៃអភិបាលកិច្ចអ៊ីនធឺណិត រួមមានសុវត្ថិភាពឌីជីថល ឯកជនភាពអនឡាញ បញ្ញាសិប្បនិម្មិត (AI) និងសិទ្ធិឌីជីថល តាមរយៈវគ្គសិក្សាអនឡាញមុនកម្មវិធី និងកិច្ចពិភាក្សាក្នុងថ្ងៃកម្មវិធីផ្លូវការ។
  • ការបង្កើនសមត្ថភាព៖ អភិវឌ្ឍជំនាញ និងចំណេះដឹងចាំបាច់ដើម្បីមានឥទ្ធិពលលើគោលនយោបាយ និងការអនុវត្តឌីជីថល ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ។
  • ការចូលរួមដោយឥតគិតថ្លៃ៖ ការចូលរួមគឺឥតគិតថ្លៃទាំងស្រុង ដោយមានការផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ក្នុងអំឡុងពេល ២ ថ្ងៃនៃកម្មវិធី។
  • ទទួលបានវិញ្ញាបនបត្រ៖ បេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចូលរួម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមផ្លូវការ ដែលទទួលស្គាល់ការប្តេជ្ញាចិត្ត និងការរួមចំណែកក្នុងកិច្ចការអភិបាលកិច្ចអ៊ីនធឺណិត។

ចំណាំ៖ អ្នកចូលរួមដែលមិនបំពេញតាមលក្ខខណ្ឌតម្រូវនឹងមិនត្រូវបានចេញវិញ្ញាបនបត្រទេ។ យើងលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមយ៉ាងពេញលេញនៅក្នុងវគ្គរៀបចំ និងព្រឹត្តិការណ៍ដើម្បីទទួលបានច្រើនបំផុតពីបទពិសោធន៍នេះ។

កាលបរិច្ឆេទ ព្រឹត្តិការណ៍សំខាន់ៗ
១ កញ្ញា – ២០ កញ្ញា ២០២៦ ការប្រកាសស្វែងរកអ្នកចូលរួម YIGF Cambodia ២០២៦
១៥ កតុលា – ៣០ កតុលា ២០២៦ ការបណ្តុះបណ្តាលអនឡាញ តាមរយៈកម្មវិធី EBC
៣១ កតុលា ២០២៦ (ថ្ងៃសៅរ៍)
៨:០០ ព្រឹក – ០៥:៣០ ល្ងាច
ព្រឹត្តិការណ៍ថ្ងៃទី១ នៃ YIGF Cambodia ២០២៦
០១ វិច្ឆិកា ២០២៦ (ថ្ងៃអាទិត្យ)
៨:០០ ព្រឹក – ០៥:៣០ ល្ងាច
ព្រឹត្តិការណ៍ថ្ងៃទី២ នៃ YIGF Cambodia ២០២៦

មុនពេលចុះឈ្មោះ ត្រូវប្រាកដថាអ្នកបានអានលក្ខខណ្ឌយោង៖ អំពាវនាវ​ឲ្យ​អ្នក​ចូលរួម​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​យុវជន​កម្ពុជា

ចុះឈ្មោះខាងក្រោមឥឡូវនេះ! ឬចូលទៅកាន់តំណនេះ៖ ទម្រង់ដើម្បីចុះឈ្មោះជាអ្នកចូលរួម

យើងទន្ទឹងរង់ចាំការចូលរួមរបស់អ្នកនៅក្នុង YIGF Cambodia 2024!