តើអ្នកដឹងទេថា ការចូលប្រើអ៊ីនធឺណិតតែមួយមុខមិនគ្រប់គ្រាន់ទេ? សុវត្ថិភាពអ៊ីនធឺណិតក៏ចាំបាច់ផងដែរ ដើម្បីបង្កើនឌីជីថលក្នុងសង្គមមួយ។ ក្នុងនាមជាគណៈកម្មាធិការរៀបចំនៃ YIGF Cambodia ខ្ញុំមានមោទនភាពណាស់ ដែលបានចូលរួមជួយរៀបចំវេទិកាលើកដំបូងបំផុតអំពីអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា។ បន្ទាប់ពីបានចូលរួមចំណែករៀបចំវេទិកា YIGF Cambodia ដោយជោគជ័យ ខ្ញុំត្រូវបានជ្រើសរើសដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដើម្បីចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសកលនាពេលខាងមុខ។ ហើយខ្ញុំក៏មានមោទនភាពដែលបានទទួលបានការយល់ព្រមពីអង្គការសហប្រជាជាតិឱ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូនាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។
បទពិសោធន៍ថ្មីស្រឡាង
នៅពេលឮអំពីអភិបាលកិច្ចអ៊ីនធឺណិតជាលើកដំបូង ខ្ញុំមិនដឹងថាអ្វីជាអភិបាលកិច្ចអ៊ីនធឺណិតទេ។ អ្វីដែលខ្ញុំបានគិតឃើញគឺនៅពេលគ្រប់គ្នាត្រូវការអ៊ីនធឺណិតសម្រាប់រៀន និងធ្វើការតាមប្រព័ន្ធអនឡាញ ក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារជំងឺរាតត្បាតកូវីដ-១៩។ មុនពេលក្លាយជាគណៈកម្មាធិការរៀបចំ YIGF Cambodia អ្វីដែលខ្ញុំចង់ឃើញនៅកម្ពុជា គឺមានអ៊ីនធឺណេតរួមបញ្ចូលសម្រាប់មនុស្សគ្រប់គ្នាទូទាំងប្រទេស ជាពិសេសប្រជាជនរស់នៅតំបន់ដាច់ស្រយាល និងនៅតាមជនបទ។ តាមទស្សនៈរបស់ខ្ញុំស្របនឹងអ្វីដែលរដ្ឋាភិបាលកំពុងព្យាយាមអភិវឌ្ឍន៍ កម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ជាពិសេសការប្រើប្រាស់អ៊ីនធឺណិតនៅពាសពេញប្រទេស។ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់អ៊ីនធឺណិតបាន នោះនឹងមានឱកាសយ៉ាងច្រើនសម្រាប់ពួកគេ ក៏ដូចជាសម្រាប់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់ប្រទេសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចដ៏ធំមួយដែលខ្ញុំបានខកខានយកមកពិចារណា គឺភាពមិនមានសុវត្ថិភាព ដែលត្រូវបានពាំមកជាមួយឱកាសដ៏ច្រើននោះ។ ការចូលរួមជាមួយ YIGF Cambodia បានបន្ថែមចំណេះដឹងលើទស្សនៈរបស់ខ្ញុំបន្ថែមថា ការប្រើអ៊ីនធឺណិតតែមួយគឺមិនគ្រប់គ្រាន់ទេ ដោយឡែកសុវត្ថិភាពក៏គួរតែមានស្របជាមួយនឹងការប្រើប្រាស់ផងដែរ។ គំនិតដ៏ល្អជាច្រើនត្រូវបានលើកឡើងក្នុងចំណោមគណៈកម្មាធិការរៀបចំ ដែលសុទ្ធសឹងជាអ្នកមានបំណងចង់នាំយកវេទិកាដំបូងដែលមិនធ្លាប់មានជូនទស្សនិកជនរបស់យើង។ ខ្ញុំមិនធ្លាប់គិតថា អភិបាលកិច្ចអ៊ីនធឺណិតជាការអភិវឌ្ឍដ៏សំខាន់មួយដែលយើងត្រូវការក្នុងជីវិតប្រចាំថ្ងៃ និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើយ។ ឥឡូវនេះ ខ្ញុំមិនត្រឹមតែដឹងពីសារៈសំខាន់របស់វាប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏កំពង់តស៊ូមតិលើការផ្តល់សិទ្ធិអំណាចតាមឌីជីថល ដើម្បីធានាបាននូវការចូលប្រើប្រាស់អ៊ីនធឺណិត សុវត្ថិភាព និងឱកាសសម្រាប់អ្នករាល់គ្នា។ ទោះបីជាប្រធានបទភាគច្រើនពីវាគ្មិនជាតិ និងអន្តរជាតិត្រូវបានលើកឡើងជាញឹកញយនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ដោយ អ្វីដែលពិសេសនោះគឺប្រធានបទផ្សេងៗជាច្រើនត្រូវបានដាក់បង្ហាញជាមួយគ្នាសម្រាប់វេទិកាទាំងពីរថ្ងៃ។ ប្រធានបទមួយដែលខ្ញុំគិតថាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតគ្រប់រូបគឺ Open Data & Privacy ដែលវាគ្មិនចែករំលែកគន្លឹះដើម្បីគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ដោយយកចិត្តទុកដាក់នៅពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន រក្សាសុវត្ថិភាព និងសួរពីរបៀបដំណើរការទិន្នន័យផ្ទាល់ខ្លួន។ ខ្ញុំគិតថាវាសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកប្រើអ៊ីនធឺណិតទាំងអស់ត្រូវដឹង។ អ្វីដែលកាន់តែពិសេសគឺ អ្នកចូលរួមរបស់យើងអាចជ្រើសរើសវគ្គខ្លីៗ ដែលពួកគេពេញចិត្ត និងចូលរួមដោយសេរី។
ទាក់ទងនឹងការចូលរួមនៅក្នុង YIGF Cambodia ខ្ញុំគឺជាគណៈកម្មាធិការរៀបចំទំនាក់ទំនង ដែលដើរតួនាទីក្នុងការរចនាប្រកបដោយភាពច្នៃប្រឌិត និងគាំទ្រក្រុមផ្សព្វផ្សាយផងដែរ។ ប្រវត្តិនៃការអប់រំ និងអាជីពរបស់ខ្ញុំគឺទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងទាំងស្រុង ដូច្នេះការទទួលយកតួនាទីនេះគឺកាន់តែល្អសម្រាប់ខ្ញុំក្នុងការអនុវត្តជំនាញរបស់ខ្ញុំក្នុងការបញ្ជូនសារ រូបភាប សម្លេងភាសា និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រឹមត្រូវទៅកាន់ទស្សនិកជន។ មិនត្រឹមតែខ្ញុំអាចរួមចំណែកជាជំនាញរបស់ខ្ញុំក្នុងវេទិកាប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលដំណាលគ្នានេះខ្ញុំអាចរៀនពីគណៈកម្មាធិការរៀបចំផ្សេងទៀតផងដែរ ជាពិសេសពីមតិស្ថាបនារបស់ពួកគេលើការរចនារបស់ខ្ញុំផងដែរ។ សរុបមក ការស្គាល់ និងចូលរួមជាលើកដំបូង គឺជាបទពិសោធន៍សិក្សាដ៏ល្អមួយសម្រាប់ខ្ញុំ។
YIGF Cambodia៖ បញ្ចប់ដោយជោគជ័យ
វេទិកានេះត្រូវបានប្រារព្ធឡើងដោយជោគជ័យដោយមានអ្នកចូលរួមចំនួន ១២៧ នាក់ចូលរួមចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែកញ្ញានៅឯបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ វាគ្មិនជាង ៤០ នាក់បានផ្តល់បទបង្ហាញផ្សេងៗនៅក្នុងវគ្គផ្សេងៗគ្នា ដើម្បីពង្រីកការយល់ដឹងរបស់អ្នកស្តាប់អំពីការគ្រប់គ្រងអ៊ីនធឺណិត។ តួនាទីរបស់ខ្ញុំក្នុងថ្ងៃព្រឹត្តិការណ៍គឺគាំទ្រក្រុមផ្សព្វផ្សាយ ដោយការថតរូបនៃព្រឹត្តិការណ៍ទាំងមូល។ ការងារទាំងអស់បានប្រព្រឹត្តទៅដោយរលូន សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួម ក៏ដូចជាអ្នកស្ម័គ្រចិត្តរបស់យើងផងដែរ។
ចំណតបន្ទាប់គឺ IGF ២០២៣
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា នៅទីក្រុងក្យូតូ ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ប្រធានបទសំខាន់គឺ «អ៊ិនធឺណិតដែលយើងចង់បាន – ការផ្តល់អំណាចដល់មនុស្សទាំងអស់» ដែលនឹងមានវគ្គជាង ៣០០ នៅក្នុងសន្និសីទរយៈពេល ៥ ថ្ងៃ។ ប្រធានបទរងដែលខ្ញុំចាប់អារម្មណ៍គឺ ការគ្រប់គ្រងទិន្នន័យ និងការជឿទុកចិត្ត និង ការបែងចែកឌីជីថល និងការដាក់បញ្ចូល។ ខ្ញុំក៏មិនអាចរង់ចាំ ដើម្បីចូលរួមវគ្គដែលគួរឱ្យចាប់អារម្មណ៍ផងដែររួមមាន ការលេចចេញនូវបច្ចេកវិទ្យា និងដំណោះស្រាយសម្រាប់ការរួមបញ្ចូលឌីជីថល តួនាទីរបស់អ្នកតំណាងរាស្រ្តក្នុងការបង្កើតអ៊ីនធឺណិតដែលអាចទុកចិត្តបានដែលផ្តល់អំណាចដល់មនុស្សទាំងអស់ និងចែករំលែកការទទួលខុសត្រូវរួមគ្នាក្នុងយុគសម័យឌីជីថល។
ជាថ្មីម្តងទៀត សូមអរគុណដល់អង្គការអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដែលបានផ្តល់ឱកាសដ៏ល្អបែបនេះដល់ខ្ញុំក្នុងការចូលរួម IGF ២០២៣ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន។ សូមរង់ចាំប្លុក IGF 2023 នាពេលខាងមុខរបស់ខ្ញុំ!