ជំរាបសួរម្តងទៀត! ខ្ញុំឈ្មោះ សុខឡាយ ហើយថ្មីៗនេះខ្ញុំមានឱកាសដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិត២០២៣ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន។ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំទទួលបានពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិត២០២៣។
ចំណាប់អារម្មណ៍លើវេទិកា៖
ដូចដែលបានរំពឹងទុក ខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យ និងមិនអាចបំភ្លេចបានជាមួយវេទិកាអភិបាលកិច្ចអ៊ីនធឺណិត២០២៣។វេទិកានេះបានប្រមូលផ្តុំអ្នកតំណាងចម្រុះមកពីក្រុមអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជា ក្រុមសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បច្ចេកទេស វិស័យឯកជន អង្គការ រដ្ឋាភិបាល ដែលរួបរួមគ្នាដោយមានគោលដៅរួមតែមួយ។ដើម្បីរៀបចំអនាគតនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ក្នុងនាមជាគណៈកម្មាធិការកម្មវិធីនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ខ្ញុំមានអារម្មណ៍ថាពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើជាប្រតិភូ មកពីកម្ពុជាដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសកល។
ឱកាសនេះបានជំរុញភាពចម្រុះនៅក្នុងអភិបាលកិច្ចអ៊ីនធឺណិត ស្របតាមគោលបំណងរបស់ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពចម្រុះ។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ “អ៊ីនធឺណិតដែលយើងចង់បាន – ផ្តល់អំណាចដល់មនុស្សទាំងអស់” ដែលក្នុងនោះមានកម្មវិធីសំខាន់ៗដូចជា សិក្ខាសាលា វេទិកាបើកចំហ ការពិភាក្សាអំពីប្រធានបទក្នុងពេលខ្លី។ ខ្ញុំចាប់អារម្មណ៍លើការពិភាក្សានានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដែលកិច្ចពិភាក្សាទាំងនោះ បានផ្តល់ការយល់ដឹងដ៏មានតម្លៃអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនក្នុងយុគសម័យនេះ។
បន្ថែមពីលើនេះ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ក៏មានស្តង់ចំនួន ៨០ ដើម្បីតំណាងឱ្យបេសកកម្ម និងការងាររបស់ស្ថាប័ននានា។ វាបានផ្តល់ឱកាសពិសេសមួយសម្រាប់ខ្ញុំក្នុងការស្វែងយល់អំពីគំនិតផ្តួចផ្តើមផ្សេងៗ និងបង្កើតទំនាក់ទំនង។ ស្តង់ទាំងនេះ ខុសពីការតាំងពិពណ៌ធម្មតា ដែលវាជាកន្លែងសម្រាប់កិច្ចសហការ និងការបំផុសគំនិតសម្រាប់ការងារផ្សេងៗទាក់ទងនឹងការអភិបាលកិច្ចអ៊ីនធឺណិត។
កិច្ចពិភាក្សាគួរឱ្យចាប់អារម្មណ៍៖
សិក្ខាសាលា #១៩៦ ការវិវត្តន៍បញ្ញាសិប្បនិម្មិតនិង ការវិវត្តនៃអភិបាលកិច្ច៖ ពីគោលការណ៍មួយទៅសកម្មភាព
សម័យប្រជុំបានពិភាក្សាអំពីការអភិវឌ្ឍន៍ក្របខ័ណ្ឌអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដូចជាគោលការណ៍ បញ្ញាសិប្បនិម្មិតOECD និងច្បាប់បញ្ញាសិប្បនិម្មិត របស់សហភាពអឺរ៉ុប។ សម័យប្រជុំក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់គោលនយោបាយបញ្ញាសិប្បនិម្មិត ដែលស្របតាមតម្លៃសកលដូចជាសមភាព និងតម្លាភាព ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលគោលនយោបាយ។
កិច្ប្រជុំបានអំពាវនាវឱ្យមានគោលនយោបាយបញ្ញាសិប្បនិម្មិតដ៏ទូលំទូលាយដែលរួមបញ្ចូលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ និងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។
កិច្ចពិភាក្សាកម្រិតខ្ពស់ទី ២ – និន្នាការវិវត្តនៅក្នុងព័ត៌មានមិនពិត
សម័យប្រជុំបានពន្យល់ពីគោលគំនិតនៃព័ត៌មានមិនពិត(misinformation) ថាជាការចែករំលែកព័ត៌មានមិនពិតដោយអចេតនាដោយបុគ្គលដែលមិនដឹងអំពីភាពមិនត្រឹមត្រូវរបស់ ព័ត៌មានចំណែកឯព័ត៌មានមិនពិត(disinformation) គឺជាការបង្កើត និងការចែកចាយខ្លឹមសារបំភាន់ដោយមានចេតនា និងបង្កគ្រោះថ្នាក់នៅលើឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតដោយបញ្ញាសិប្បនិម្មិត ដែលមានភាពប៉ិនប្រសប់ក្នុងការរៀបចំខ្លឹមសារសំឡេង និងវីដេអូក្នុងលក្ខណៈគួរឱ្យជឿជាក់ថាត្រឹមត្រូវបាននិងបង្កើតដោយមនុស្ស។
ការអភិវឌ្ឍន៍នេះបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់ ខុសនៃបញ្ញាសិប្បនិម្មិតក្នុងការផ្សព្វផ្សាយខ្លឹមសារមិនពិត ព្រោះវាកាន់តែមានការលំបាកក្នុងការបែងចែករវាង ប្រព័ន្ធផ្សព្វផ្សាយពិតប្រាកដ និង ប្រព័ន្ធផ្សព្វផ្សាយបង្កេីតដោយបញ្ញាសិប្បនិម្មិត។ ការដោះស្រាយបញ្ហាប្រឈមតម្រូវឱ្យមានវិធីសាស្រ្តដ៏ទូលំទូលាយ ដែលចូលរួមដោយសង្គមទាំងមូល ដែលជាវិធីមួយដែលជំរុញឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា និងពលរដ្ឋ។ ការបង្កើនការយល់ដឹងសម្រាប់បុគ្គល និងសហគមន៍ អំពីព័ត៌មានមិនពិតក៏ជាកត្តាសំខាន់ផងដែរ។
កិច្ចពិភាក្សាកម្រិតខ្ពស់ទី ៥– បញ្ញាសិប្បនិម្មិត
វគ្គពិភាក្សាបានពិភាក្សាអំពីយុទ្ធសាស្ត្រដើម្បីបង្កើនអត្ថប្រយោជន៍ និងកាត់បន្ថយហានិភ័យនៃបញ្ញាសិប្បនិម្មិត ដូចជាព័ត៌មានមិនពិត និងបញ្ហាតម្លាភាព ដោយធានាថាការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតបង្កើតឱកាស សម្រាប់គ្រប់គ្នាដោយគ្មានការរើសអើង។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធីសាស្រ្តពហុភាគីសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត អន្តរជាតិ។ លើសពីនេះទៀត វាក៏រួមបញ្ចូលផងដែរនូវការយល់ដឹងពីដំណើរការ បញ្ញាសិប្បនិម្មិតHiroshima ដោយផ្តោតលើបញ្ហាប្រឈម និងឱកាសនៃបញ្ញាសិប្បនិម្មិត និងទិសដៅអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនាពេលអនាគត។ វាត្រូវបានស្នើឡើងថា ដើម្បីបង្កើនការរួមបញ្ចូលនៃដំណើរការ បញ្ញាសិប្បនិម្មិត Hiroshima Aការចូលរួមពីក្រុមអ្នកពាក់ព័ន្ធចម្រុះគួរតែត្រូវបានលើកទឹកចិត្ដ ដោយរួមបញ្ចូលមិនត្រឹមតែប្រទេស G7 ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសផ្សេងៗទៀត និងក្រុមហ៊ុនឯកជនផងដែរ។
កិច្ចពិភាក្សាខ្លី #១១៥ បដិវត្តការសិក្សាដែលជំរុញដោយបញ្ញាសិប្បនិម្មិត នាថ្នាក់ឧត្តមសិក្សានៅកម្ពុជា។
ខ្ញុំក៏បានរៀបចំវគ្គជជែកពិភាក្សាខ្លីផ្តោតលើឱកាស និងបញ្ហាប្រឈមនៃការរួមបញ្ចូលឧបករណ៍ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត នៅក្នុងការអប់រំនាថ្នាក់ឧត្តមសិក្សាកម្ពុជា។
ការយល់ដឹងពីវប្បធម៌៖
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំមិនមែនគ្រាន់តែជាសន្និសីទ និងការពិភាក្សាប៉ុណ្ណោះទេ។ ព្រឹត្តិការណ៍សង្គមបានផ្តល់ឱកាសដ៏អស្ចារ្យមួយដើម្បីយល់ដឹងពីវប្បធម៌ជប៉ុន និងសាកល្បងអាហារកជប៉ុន។ បទពិសោធន៍នេះ មិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ និងការស្វែងយល់អំពីវប្បធម៌ជប៉ុនផងដែរ។
ការចូលរួម វេទិកាអភិបាលកិច្ចអ៊ីនធឺណិត២០២៣ នៅទីក្រុងក្យូតូ មិនមែនគ្រាន់តែជាឱកាសដើម្បីចូលរួមជាមួយសហគមន៍អភិបាលកិច្ចសកលនោះទេ។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលបង្ហាញពីសារៈសំខាន់នៃទស្សនៈវិស័យចម្រុះក្នុងការបង្កើត “អ៊ីនធឺណិតដែលយើងចង់បាន”។ ការពិភាក្សានិងបទពិសោធន៍បានរួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបដែលយើងអាចផ្តល់អំណាចដល់មនុស្សទាំងអស់ក្នុងយុគសម័យឌីជីថល។ នៅពេលដែលពិភពលោកបន្តវិវឌ្ឍតាមបែបឌីជីថល វេទិកាដូចជាវេទិកាអភិបាលកិច្ចអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាអ៊ីនធឺណិតនៅតែជាកន្លែងដែលមានស្ថេរភាព និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
សូមអរគុណជាពិសេសចំពោះអង្គការទិន្នន័យអំពីការអភិវឌ្ឍ៖
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការទិន្នន័យអំពីការអភិវឌ្ឍសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ការគាំទ្រនេះគឺជាសក្ខីភាពមួយចំពោះសារៈសំខាន់នៃការផ្តល់សិទ្ធិអំណាចដល់សំឡេងចម្រុះ ជាពិសេសយុវជននៅក្នុងវេទិកាសកលដូចជា វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ជាដើម។ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត មិនត្រឹមតែពង្រីកការយល់ដឹងរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងធ្វើអោយវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាកាន់តែមានភាពល្អប្រសើរ។