ប្រធានបទ៖ យុវជនរួមគ្នាកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងបរិយាប័ន្ន
ប្រធានបទឆ្នាំនេះ លើកឡើងពីតួនាទីយ៉ាងសំខាន់របស់យុវជន មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកចូលរួមយ៉ាងសកម្មក្នុងការរៀបចំអនាគតឌីជីថល និងអភិបាលកិច្ចអ៊ីនធឺណិត (Internet Governance) របស់កម្ពុជាផងដែរ។ វេទិកាយុវជនស្តីពីអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាឆ្នាំ២០២៦ (YIGF Cambodia 2026) មានគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមឌីជីថលដែលកំពុងកើតមាន អភិវឌ្ឍចំណេះដឹងសំខាន់ៗ និងពលរដ្ឋឌីជីថល ផ្លាស់ប្តូរទស្សនទាន ព្រមទាំងរួមចំណែកដល់ការពិភាក្សាអំពីរបៀបដែលអ៊ីនធឺណិតគួរតែរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
វេទិកានេះនឹងប្រមូលផ្តុំយុវជន អ្នករៀបចំគោលនយោបាយ វិស័យឧស្សាហកម្ម សង្គមស៊ីវិល គ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍បច្ចេកទេស ដើម្បីរុករកបញ្ហាប្រឈមជាក់ស្តែង និងកាលានុវត្តភាពពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ទំនុកចិត្ត ការបង្កើតថ្មីប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។ តាមរយៈកិច្ចសន្ទនាពហុភាគី និងសកម្មភាពចូលរួម អ្នកចូលរួមនឹងពិនិត្យមើលពីរបៀបដែលភាគីពាក់ព័ន្ធផ្សេងៗអាចធ្វើការរួមគ្នាដើម្បីពង្រឹងសុវត្ថិភាពអនឡាញ លើកកម្ពស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ការពារសិទ្ធិឌីជីថល និងធានាថាគ្រប់គ្នាអាចចូលរួមយ៉ាងមានន័យនៅក្នុងសង្គមឌីជីថល។
ប្រធានបទរង
- ការដោះស្រាយបញ្ហាសុវត្ថិភាពសាយប័រ និងសុវត្ថិភាពអនឡាញ៖ ផ្តោតលើការគំរាមកំហែង និងហានិភ័យនៃសុវត្ថិភាពសាយប័រដែលកំពុងកើនឡើងចំពោះបុគ្គល អាជីវកម្ម និងសេវាឌីជីថល ព្រមទាំងលើកកម្ពស់វិធីសាស្ត្រជាក់ស្តែងដើម្បីបង្កើតបរិស្ថានអនឡាញដែលមានសុវត្ថិភាពជាងមុន។
- ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធឌីជីថល និងបទល្មើសសាយប័រ៖ សិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ដែលកំពុងកើនឡើងនៃការឆបោកតាមអនឡាញ ការបោកប្រាស់ និងបទល្មើសសាយប័រ ព្រមទាំងរបៀបដែលយុវជន ផ្លែតហ្វម (Platforms) រដ្ឋាភិបាល វិស័យឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតអាចធ្វើការរួមគ្នាដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។
- ការពង្រឹងទំនុកចិត្តឌីជីថល៖ ពិនិត្យមើលពីរបៀបដែលសុវត្ថិភាពសាយប័រ ការយល់ដឹងអំពីឌីជីថល ការការពារឯកជនភាព ការអនុវត្តឌីជីថលប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ អាចពង្រឹងទំនុកចិត្តរបស់សាធារណជនលើផ្លែតហ្វម និងសេវាឌីជីថល។
- ការការពារឯកជនភាព និងអត្តសញ្ញាណឌីជីថល៖ បង្កើនការយល់ដឹងអំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួន និងអត្តសញ្ញាណឌីជីថលត្រូវបានប្រមូល រំលែក រក្សាទុក និងប្រើប្រាស់ ព្រមទាំងលើកកម្ពស់វិធីសាស្ត្រប្រកបដោយការទទួលខុសត្រូវចំពោះឯកជនភាព និងការការពារទិន្នន័យ។
- ការលើកកម្ពស់ការបង្កើតថ្មីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ៖ សិក្សាស្រាវជ្រាវអំពីរបៀបដែលបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរវិស័យអប់រំ ការងារ អាជីវកម្ម សេវាសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងជីវិតប្រចាំថ្ងៃ ព្រមទាំងពិចារណាលើរបៀបអភិវឌ្ឍ និងប្រើប្រាស់ការបង្កើតថ្មីទាំងនេះប្រកបដោយការទទួលខុសត្រូវ។
- អភិបាលកិច្ច និងគណនេយ្យភាពនៃ AI៖ ពិនិត្យមើលតម្រូវការនៃក្របខ័ណ្ឌអភិបាលកិច្ចសមស្រប តម្លាភាព គណនេយ្យភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីតម្រង់ទិសការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់ AI។
- ការកសាងការយល់ដឹងអំពី AI (AI Literacy)៖ លើកកម្ពស់ចំណេះដឹង និងការគិតប្រកបដោយការពិចារណា ដែលចាំបាច់សម្រាប់យុវជន និងសហគមន៍ ដើម្បីយល់ដឹងពីប្រព័ន្ធ AI កំណត់សម្គាល់ព័ត៌មានមិនពិត និង Deepfakes ដែលបង្កើតដោយ AI ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា AI ដោយសុវត្ថិភាព និងទទួលខុសត្រូវ។
- បរិយាបន្ន និងការបង្កើតថ្មីប្រកបដោយការទទួលខុសត្រូវ៖ រុករកពីរបៀបដែល AI អាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ផ្សេងៗគ្នា ព្រមទាំងដោះស្រាយវិសមភាពនៃការទទួលបានបច្ចេកវិទ្យាឌីជីថល និងចំណេះដឹង AI ជាពិសេសក្នុងចំណោមសហគមន៍ដែលមានការកម្រិតក្នុងការទទួលបានបច្ចេកវិទ្យាឌីជីថល។
- ការពង្រឹងពលរដ្ឋឌីជីថល៖ អភិវឌ្ឍចំណេះដឹង ការគិតប្រកបដោយការពិចារណា ជំនាញ និងឥរិយាបថប្រកបដោយការទទួលខុសត្រូវ ដែលចាំបាច់សម្រាប់យុវជន និងសហគមន៍ ដើម្បីចូលរួមក្នុងបរិស្ថានឌីជីថលដោយសុវត្ថិភាព និងមានន័យ។
- ការលើកកម្ពស់បរិយាបន្នឌីជីថល៖ ពិនិត្យមើលឧបសគ្គចំពោះការទទួលបានអ៊ីនធឺណិត និងការចូលរួមយ៉ាងមានន័យ រួមទាំងគម្លាតនៃការភ្ជាប់អ៊ីនធឺណិត ឧបករណ៍ឌីជីថល ការយល់ដឹងអំពីឌីជីថល និងឱកាសក្នុងចំណោមក្រុមយុវជនផ្សេងៗគ្នា។
- ការចូលរួមយ៉ាងមានន័យរបស់យុវជន៖ លើកទឹកចិត្តយុវជនឱ្យឈានផុតពីការធ្វើជាត្រឹមតែអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយក្លាយជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងអភិបាលកិច្ចអ៊ីនធឺណិត ការពិភាក្សាគោលនយោបាយ និងការអភិវឌ្ឍអនាគតឌីជីថលរបស់កម្ពុជា។


