វេទិកា YIGF កម្ពុជា ២០២៤ Close

ហេតុផលចំនួន ៤ នៅពីក្រោយភាពជោគជ័យនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (ហៅកាត់ថា yIGF) លើកដំបូងបង្អស់បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ ប្រព្រឹត្តទៅនៅឯបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។

បើតាមនិយមន័យដែលបានបង្ហោះនៅលើទំព័រវេបសាយរបស់ខ្លួន វេទិកា yIGF មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន ជុំវិញប្រធានបទនានាដែលពាក់ព័ន្ធនឹងការងារអភិបាលកិច្ចអ៊ីនធឺណិត ដើម្បីជំរុញយុវវ័យជំនាន់ក្រោយឱ្យចូលរួមឱ្យបានសកម្មនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ និងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីយល់ដឹងអំពីតួនាទីរបស់ពួកគេនៅក្នុងសង្គមនាពេលអនាគត ក៏ដូចជាដើម្បីឱ្យពួកគេប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពផងដែរ។

ដោយឈរលើហេតុផលធំៗចំនួន ៤ ខាងក្រោម យើងអាចសន្និដ្ឋានបានថា នេះគឺជាព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយដ៏ជោគជ័យបំផុតនៅកម្ពុជា។

១. ក្រុមការងារគ្រប់រូបមានការប្ដេជ្ញាចិត្តខ្ពស់

ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានមកពីក្រុមការងារគ្រប់រូប ដោយរាប់ចាប់ពីគណៈកម្មាធិការប្រឹក្សា (Advisory Committees ឬហៅកាត់ថា AC), គណៈកម្មាធិការរៀបចំ (Organizing Committees​ ឬហៅកាត់ថា OC) និងក្រុមយុវជនស្ម័គ្រចិត្ត។

គណៈកម្មាធិការប្រឹក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសការរៀបចំព្រឹត្តិការណ៍ទាំងមូលឆ្ពោះទៅរកផ្លូវដ៏ត្រឹមត្រូវ។ ពួកគាត់បាននាំយកព្រឹត្តិការណ៍ដ៏សំខាន់នេះមកកម្ពុជា និងបានសម្រិតសម្រាំងជ្រើសរើសគណៈកម្មាធិការរៀបចំ។ ពួកគាត់ក៏បានស្វះស្វែងរកជំនួយគាំទ្រទាំងសម្ភារៈនិងថវិកា, បោះដៃទៅរកអ្នកបង្កើតគោលនយោបាយនៅក្នុងជួររដ្ឋាភិបាល និងត្រួសត្រាយផ្លូវឱ្យក្រុមការងារទាំងមូលសម្រេចការងារបានជោគជ័យ និងទាន់ពេលវេលា។

ចំណែកឯគណៈកម្មាធិការរៀបចំវិញ ពោរពេញទៅដោយសមាជិកវ័យក្មេង វ័យឆ្លាត និងមានភាពរហ័សរហួន ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងក្លាយជាអ្នកដឹកនាំនៅកម្ពុជានាពេលអនាគតជាក់ជាមិនខាន។ ពួកគេសុទ្ធតែជាអ្នកដែលប្រកបទៅដោយចំណេះនិងជំនាញនៅលើផ្នែកផ្សេងៗគ្នា។ ពួកគេធ្វើការងារជាក្រុមយ៉ាងក្លៀវក្លា និងសម្រេចបាននូវសមិទ្ធផលការងារប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយរលូន និងប្រកបដោយវិជ្ជាជីវៈ។

ភាពជោគជ័យនេះក៏មិនអាចខ្វះបានការរចូលរួមចំណែកពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តរបស់យើងបានទេ។ ពួកគេខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកនៅក្នុងភាពជោគជ័យមួយនេះ។ ជាក់ស្ដែង នៅមុនព្រឹត្តិការណ៍នេះចាប់ផ្ដើម ទាំងគណៈកម្មាធិការរៀបចំ និងអ្នកស្ម័គ្រចិត្តរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីសម្រេចការងាររបស់ពួកគេរៀងៗខ្លួន។ អ្នកខ្លះបានគេងតែពីរបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ អស់រយៈពេលជាច្រើនថ្ងៃជាប់គ្នា។ 

បើអ្នកបានមកចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ ឬ ចូលអាននៅលើវេបសាយ ឬ ក៏ចូលមើលសមិទ្ធិផលនៅលើបណ្ដាញសង្គមរបស់ព្រឹត្តិការណ៍នេះ នោះអ្នកនឹងបានឃើញនូវស្នាដៃដ៏ត្រចះត្រចង់របស់ពួកគេជាក់ជាមិនខាន។

២. បរិយាបន្ន

មិនខុសពីអ្វីដែលបានបង្ហោះនៅលើវេបសាយនៃព្រឹត្តិការណ៍នេះទេ yIGF គឺជាព្រឹត្តិការណ៍មួយប្រកបដោយថាមវ័ន្ត និងបរិយាបន្ន ពោលគឺវាបានប្រមូលផ្ដុំយុវជន, អ្នកបង្កើតគោលនយោបាយ, អ្នកជំនាញ និងសង្គមស៊ីវិលឱ្យមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីការងារអភិបាលកិច្ចអ៊ីនធឺណិត, ចែករំលែកបទពិសោធន៍, បង្កើតទំនាក់ទំនងរវាងគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក។

អ្នកដែលបានចូលរួមទាំងនោះមានដូចជា៖ សិស្សនិស្សិត, អ្នកធ្វើការងារសង្គម, មន្ត្រីរាជការ និងអ្នកបង្កើតគោលនយោបាយ, ជនជាតិដើមភាគតិច, ប្រជាជនមកពីតាមបណ្ដាខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ជាដើម។ ក្រៅពីនេះ ក្នុងចំណោមអ្នកចូលរួមទាំងអស់ អ្នកខ្លះចូលរួមជាអ្នកស្ម័គ្រចិត្ត, វាគ្មិន, អ្នកសម្របសម្រួលជាមួយវាគ្មិន, ក្រុមជំនួយបច្ចេកទេស និងអ្នកកាន់កម្មវិធីជាដើម។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានចូលរួមផងដែរពីសំណាក់វាគ្មិនដែលមកពីបរទេស និងមកពីស្ថាប័នអន្តរជាតិនានា ដែលរួមមានដូចជា នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិ (UN Department of Economic and Social Affairs ឬ UNDESA), ក្រុមហ៊ុន Dot Asia, វាគ្មិនមកពីទីក្រុងហុងកុង, ប្រទេសម៉ាឡេស៊ី, ឥណ្ឌា, ប៉ាគីស្ថាន, សាធារណរដ្ឋកូរ៉េ និងប្រទេសមួយចំនួនទៀត។

៣. ប្រធានបទ

ប្រធានបទចម្បងនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានៅឆ្នាំនេះ គឺ «ការបង្កើនភាពអង់អាចផ្នែកឌីជីថល៖ ធានាការចូលរួមប្រើប្រាស់ សុវត្ថិភាព និងកាលានុវត្តភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា» ជាមួយនិងប្រធានបទរងចំនួន ៣ ដូចជា៖

  • ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI)
  • សិទ្ធិឌីជីថល និងទំនួលខុសត្រូវលើប្រព័ន្ធអ៊ីនធឺណិត
  • សន្តិសុខអ៊ីនធឺណិត និងឯកជនភាពទិន្នន័យ។

រាល់ប្រធានបទដែលបានដាក់ស្នើដោយវាគ្មិនទាំងអស់ ត្រូវតែស៊ីគ្នាជាមួយនិងប្រធានបទគោល ក៏ដូចជាប្រធានបទរងនៃវេទិកា។

ប្រធានបទដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត, សិទ្ធិឌីជីថលនិងទំនួលខុសត្រូវលើប្រព័ន្ធអនឡាញ ព្រមទាំងសន្តិសុខសាយប័រ គឺជាប្រធានបទដ៏ពេញនិយមនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ អ្នកចូលរួមមកពីគ្រប់ជំនាញសុទ្ធតែចាប់អារម្មណ៍ទៅលើបញ្ញាសិប្បនិម្មិត និងរបៀបដែលវាដំណើរការ ខណៈពេលដែលអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិល នាំគ្នាព្រួយបារម្ភអំពី «ដានជើងឌីជីថល» របស់មនុស្ស និងការបែកធ្លាយឯកជនភាពនៅលើប្រព័ន្ធអនឡាញ ជាពិសេសគឺអ្នកដែលធ្វើការនៅក្នុងវិស័យការពារសិទ្ធិរបស់កុមារ។

អ្នកចូលរួមទាំងអស់សុទ្ធតែចាប់អារម្មណ៍នឹងវិធានការរឹតបន្តឹងសុវត្ថិភាពផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត តាមរយៈការរៀនសូត្រពីបច្ចេកទេសថ្មីៗពីអ្នកជំនាញមកពី ជំរុំឌីជីថល និងពីអ្នកជំនាញខាងសន្តិសុខសាយប័រដទៃទៀត។

ក្រៅតែអំពីការចែកជាបន្ទប់សម្រាប់ចែករំលែក ក៏មានផងដែរកម្មវិធី «ភូមិ yIGF» និងកម្មវិធី «វេទិកាអ្នកពាក់ព័ន្ធពហុភាគី» ដែលគ្រប់អ្នកចូលរួមទាំងអស់ត្រូវបានតម្រូវឱ្យចូលរួម និងរៀនសូត្រពីកម្មវិធីទាំងពីរនេះ។

ភូមិ yIGF ធ្វើឡើងនៅថ្ងៃដំបូងនៃវេទិកា ដោយអ្នកចូលរួមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់អំពីរូបិយបណ្ណឌីជីថល (រូបិយបណ្ណគ្រីបតូ), NFTs និងរបៀបដែលភាពរអាក់រអួលនៃទីផ្សារជួញដូរឧបករណ៍ទាំងនេះ ប៉ពាល់ទៅដល់ការវិនិយោគរបស់ពួកគេ តាមរយៈផលប៉ះពាល់មួយចំនួនដូចជា ការហ៊ែគ និងភាពរអាក់រអួលនៃសេវាអ៊ីនធឺណិតនិងការផ្ដាច់ចរន្តអគ្គិសនី។ កម្មវិធីនេះបានជួយឱ្យអ្នកចូលរួមទាំងអស់យល់ដឹងអំពីហានិភ័យនៃការវិនិយោគរបស់ពួកគេនៅលើទីផ្សារទាំងនោះ។

ចំណែកឯវេទិកាអ្នកពាក់ព័ន្ធពហុភាគីវិញ ធ្វើឡើងនៅថ្ងៃទី២នៃវេទិកា ដោយក្នុងនោះអ្នកចូលរួមមួយចំនួនត្រូវបានបែងចែកជាក្រុមដោយមានបែងចែកតួនាទីគ្នា ដើម្បីធ្វើការតស៊ូមតិរវាងគ្នា។ ក្រុមទាំងនោះរួមមាន «ក្រុមតំណាងរដ្ឋាភិបាល», «ក្រុមតំណាងក្រុមហ៊ុនឯកជន» និង «ក្រុមតំណាងពលរដ្ឋទូទៅ»

ក្រុមនីមួយៗទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការជួបប្រជុំគ្នា និងដើម្បីត្រៀមនូវសំណួរនិងចម្លើយ ដើម្បីសួរនិងឆ្លើយទៅកាន់ក្រុមដទៃទៀត។ ការតស៊ូមតិនេះបានដំណើរការទៅយ៉ាងល្អ ហើយលទ្ធផលដែលបានមកពីការតស៊ូមតិនេះគឺពោរពេញទៅដោយផលប្រយោជន៍យ៉ាងច្រើនក្រៃលែង។ វេទិកាអ្នកពាក់ព័ន្ធពហុភាគីនេះ ត្រូវបានបូកសរុបដោយលោក ធី ទ្រី អគ្គនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដោយលោកបានគូសបញ្ជាក់ថា លោកបានរៀនសូត្រនូវគំនិតថ្មីៗជាច្រើនពីការតស៊ូមតិនេះ និងបានសន្យាថានឹងនាំយកគំនិតទាំងនោះទៅពិភាក្សានៅក្នុងដំណើរការបង្កើតគោលនយោបាយជាមួយភាគីពាក់ព័ន្ធបន្តទៀត។

៤. ការចូលរួមចំណែកពីសំណាក់ភាគីទាំងអស់

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានឹងមិនអាចទទួលបានជោគជ័យបានទេ ប្រសិនបើមិនមានការចូលរួមពពីគណៈកម្មាធិការប្រឹក្សា, គណៈកម្មាធិការរៀបចំ, អ្នកស្ម័គ្រចិត្ត, វាគ្មិន និងអ្នកចូលរួមគ្រប់ៗរូប។ អ្នកចូលរួមគ្រប់រូបបានប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងរស់រវើកកំលុងពេលសិក្សានៅតាមបន្ទប់, កំលុងពេលសម្រាកអាហារសម្រន់ និងសូម្បីតែបន្ទាប់ពីវេទិកានេះត្រូវបានបិទបញ្ចប់ទៅហើយក្ដី។

តាមរយៈការសង្កេតរបស់ខ្ញុំ អ្នកចូលរួមជាច្រើនបានបង្កើតមិត្តថ្មីៗ, បានរៀនសូត្រពីចំណេះដឹងថ្មីៗ និងបានយល់ដឹងអំពីបញ្ហាប្រឈមនៅក្នុងវិស័យឌីជីថលនាពេលបច្ចុប្បន្ននេះ។ សិស្សនិស្សិតនឹងទទួលបានការងារល្អៗក្រោយពេលបញ្ចប់ការសិក្សាតាមរយៈការបង្កើតមិត្តភាពថ្មីៗនៅក្នុងវេទិកានេះ។ រីឯក្រុមហ៊ុនឯកជនវិញ អាចនឹងទទួលបានគម្រោងថ្មីៗបន្ថែមទៀតពីភាគីដ៏មានសក្ដានុពលនានា ដែលពួកគេបានជួបប្រាស្រ័យទាក់ទងនៅឯវេទិកានេះ។

ចំណុចសំខាន់មួយទៀតដែលវេទិកានេះបាននាំមក គឺការពិភាក្សារកធាតុចូលជុំវិញច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ច្បាប់នេះនឹងទទួលបានធាតុចូលច្រើនជាងមុន និងត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ដោយសារតែរូបខ្ញុំផ្ទាល់នឹងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី ១៨ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ក្នុងពេលខាងមុខដ៏ខ្លី ខ្ញុំរីករាយនឹងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំនឹងទទួលបានពីវេទិកានេះ នៅក្នុងដំណើរការនៃកិច្ចពិភាក្សាស្វែងរកធាតុចូលនៃច្បាប់នេះ ទៅតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅរួច ក្រោយពេលត្រឡប់មកវិញ។

ជាចុងក្រោយ ខ្ញុំជឿជាក់ថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ឆ្នាំ ២០២៣ ពិតជាបានផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន នៅក្នុងយុគសម័យបដិវដ្តន៍ឧស្សាហកម្មទី ៤។ ដែលមានន័យថា ពួកគេនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុនក្នុងការសម្រេចចិត្តថា តើទិន្នន័យប្រភេទណាដែលពួកគេគួរ ឬ មិនគួរចែករំលែកនៅលើប្រព័ន្ធអនឡាញ និងថាតើ ពួកគេគួរចែករំលែកទិន្នន័យផ្ទាល់ខ្លួនទាំងនោះក្នុងកម្រិតណា។

មិនតែប៉ុណ្ណោះ ខ្ញុំក៏សង្ឃឹមថា ពួកគេនឹងរៀនសូត្រពីការប្រើប្រាស់មធ្យោបាយក្នុងការការពារខ្លួនរបស់ពួកគេពីគ្រប់ការវាយប្រហារខាងសាយប័រ។ បន្ថែមពីលើនេះ ពួកគេក៏នឹងយល់ដឹងពីបច្ចេកវិទ្យាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិតថ្មីៗនៅជុំវិញខ្លួន និងដែលកំពុងពេញនិយម រួចហើយព្យាយាមសម្របខ្លួនទៅតាមការរីកចម្រើនទាំងនោះ។ ធ្វើដូច្នេះ ពួកគេនឹងតែងតែធ្វើបច្ចុប្បន្នភាពសមត្ថភាពការងាររបស់ពួកគេនៅលើទីផ្សារការងារជានិច្ច។

ពិតណាស់ បើគ្មានការជួយជ្រោមជ្រែងពីអង្គការទិន្នន័យអំពីការអភិវឌ្ឍទេ នោះព្រឹត្តិការណ៍ដ៏ប្រកបដោយផ្លែផ្កាមួយនេះ នឹងមិនលេចជារូបរាងបាននោះឡើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត នឹងពិចារណារៀបចំឱ្យមានវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជានេះនៅឆ្នាំក្រោយៗទៀត៕

អត្ថបទទាក់ទង

អភិបាលកិច្ចអ៊ិនធឺណិតសម្រាប់យុវជនកម្ពុជាលើកដំបូង” – តើវាដូចការរំពឹងទុករបស់ខ្ញុំឬទេ?

សួស្តី អ្នកចូលចិត្តស្វែងយល់ពីពិភពឌីជីថលទាំងឡាយ! ខ្ញុំឈ្មោះ ពេជ្រ ជាអ្នកគាំទ្រសកម្មភាពបរិស្ថាន នឹងកំពុងធ្វើការក្នុងវិស័យការងារបៃតង ហើយក្នុងអត្ថបទនេះខ្ញុំនឹងចែករំលែកដំណើរដ៏សែនមានន័យរបស់ខ្ញុំពេញមួយកម្មវិធីដំបូងបង្អស់របស់ អភិបាលកិច្ចអ៊ិនធឺណិតសម្រាប់យុវជនកម្ពុជា(CamYIGF)។ ប៉ុន្តែជាដំបូង ខ្ញុំសូមចែករំលែកអំពីដំណើរនៃការក្លាយខ្លួនជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំកម្មវិធីដ៏អស្ចារ្យមួយនេះ។ ការដាក់ពាក្យដែលមិនបានរំពឹងទុកការចូលរួមរបស់ខ្ញុំនៅក្នុងគំនិតផ្តួចផ្តើមផ្តល់អំណាចដល់យុវជននៅក្នុងប្រទេសកម្ពុជា បានផ្តល់ឪកាសអោយខ្ញុំជួបប្រទះនូវកម្មវិធីដ៏ល្អមួយនេះ ថ្វីត្បិតខ្ញុំមានចំណេះដឹងបន្តិចបន្តួចអំពីអភិបាលកិច្ចអ៊ីនធឺណិតក៏ដោយ។ ​ប្រសិនបើ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​កាល​ពី​មួយ​ឆ្នាំ​មុន​ថា ខ្ញុំ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គណៈកម្មាធិការ​រៀបចំ​អភិបាលកិច្ច​អ៊ីនធឺណិត​របស់​យុវជន​កម្ពុជា​ដំបូង​គេ នោះខ្ញុំ​ប្រាកដជា​សើចមិនខាន។ ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្នែក​មួយ​នៃ​ក្រុមគណៈកម្មាធិការ​រៀបចំកម្មវិធី និង​បង្ហាញ​ពី​វិធីដែល​ខ្ញុំ​អាច​រួម​ចំណែក​ក្នុង​ការ​កសាង និង​ការប្រតិបត្តិកម្មវិធីមួយនេះ។ ខ្ញុំក៏ត្រូវបានគេជ្រើសរើស និងក្លាយជាផ្នែកមួយនៃក្រុមដ៏អស្ចារ្យដែលខ្ញុំនឹងប្រាប់អ្នកបន្តទៅនេះ។សកម្មភាពមុនកម្មវិធីជាមួយនឹងជំនាញរបស់ខ្ញុំក្នុងវិស័យជជែកពិភាក្សាខ្ញុំបានចូលរួមដឹកនាំក្នុងការរចនាកម្មវិធីរងដែលជាការជជែកដេញដោលពីរជុំជុំវិញការគ្រប់គ្រងអ៊ីនធឺណិត។មួយត្រូវបានធ្វើឡើងរវាង IISPP Debate Society និង Paragon International University Debate Club។ជុំទី២បានធ្វើឡើងរវាងគណៈកម្មការរៀបចំកម្មវិធីនិងនិស្សិតមកពី CADT ហើយប្រធានបទបានផ្តោតជុំវិញការគ្រប់គ្រងអ៊ីនធឺណិតដែលមានលក្ខណៈស៊ីជម្រៅជាងជុំទីមួយ។ការផ្តល់ការបណ្តុះបណ្តាលនិងការសម្របសម្រួលកម្មវិធីរងនេះគឺជាបទពិសោធន៍ដែលខ្ញុំតែងតែចង់មានកន្លងមក។គោលបំណងនៃកម្មវិធីរងគឺដើម្បីឱ្យទស្សនិកជនមានចំណេះដឹងខ្លះៗអំពីការគ្រប់គ្រងអ៊ីនធឺណិតមុនពេលចូលរួមកម្មវិធីជាក់ស្តែងមួយខែក្រោយពីកម្មវិធីរងនេះ។បទពិសោធន៍សំខាន់ៗក្នុងអំឡុងពេលកម្មវិធីខ្ញុំគិតថាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបានពី CamYIGF នោះគឺការឈានជើងចូលក្នុងតួនាទីជា Master of Ceremonies (MC) សម្រាប់ពិធីបើកកម្មវិធី។ ការស្វាគមន៍បណ្តាមនុស្សចម្រុះ រួមទាំងអ្នកសាទរពិភពឌីជីថល ដែលជាអ្នកចូលរួមមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា គឺជាការចាប់ផ្តើមកម្មវិធីដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ពេញមួយកម្មវិធីនេះ ខ្ញុំទទួលបានសិទ្ធិក្នុងការសម្របសម្រួលវគ្គបំបែកចេញជាច្រើន ដោយចូលខ្លួនទៅក្នុងការពិភាក្សាអំពីឯកជនភាពឌីជីថល សុវត្ថិភាពតាមអ៊ីនធឺណិត ការរួមបញ្ចូលប្រព័ន្ធឌីជីថល និងទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនឥតឈប់ឈរ។ វាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការស្តាប់ការយល់ឃើញ និងគំនិតប្លែកៗពីវាគ្មិនរបស់យើង រួមទាំងវាគ្មិនអន្តរជាតិដែលធ្វើឡើងតាមអ៊ីនធឺណិត និងវាគ្មិនជាតិរបស់យើងផងដែរ ដែលបានឡើងធ្វើបទបង្ហាញដោយផ្ទាល់ ជាពិសេសការចែករំលែកពីអ្នកចូលរួមរបស់យើង។ ការគ្រប់គ្រងលំហូរកម្មវិធីជាមួយក្រុមអ្នកស្ម័គ្រចិត្តទាំងពីរ រួមមានក្រុមសម្របសម្រួលកម្មវិធី និងក្រុមគាំទ្រផ្នែកប្រតិបត្តិការ គឺជាឧបសគ្គមួយទៀតដែលយើងបានឆ្លងកាត់ជាមួយគ្នាសម្រាប់ព្រឹត្តិការណ៍មួយដែលមានអ្នកចូលរួម 250 នាក់។ ការធានាថាវគ្គនីមួយៗដំណើរការដោយរលូន ហើយអ្នកចូលរួមមានបទពិសោធន៍ប្រកបដោយការយល់ដឹង និងអន្តរកម្ម គឺជាបញ្ហាប្រឈមដ៏មានតម្លៃដែលពួកយើងបានដោះស្រាយ។ ការសម្រេចចិត្តនៅនឹងកន្លែងជាច្រើន គឺជាកម្លាំងមួយផងដែរ ដែលរក្សាកម្មវិធីឱ្យស្ថិតលើពេលវេលាកំណត់ និងថាមវន្ត។CamYIGF គឺជាចំណុចប្រសព្វនៃគំនិតដ៏អស្ចារ្យពីវិស័យផ្សេងៗ រួមទាំង រដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញ និងអ្នកនិយមលេងអ៊ីនធឺណិតផ្សេងៗ។ ការផ្សារភ្ជាប់បណ្តាញជាច្រើននេះ នាំមកនូវទស្សនៈប្លែកៗពីបុគ្គលនីមួយៗ ហើយជាចំណុចលេចធ្លោរបស់កម្មវិធីយើង។ រួមពីអ្នកជំនាញខាងបច្ចេកវិទ្យា រហូតដល់អ្នកជំនាញខាងគោលនយោបាយ ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនង និងរៀនពីអ្នកជំនាញដែលល្អបំផុតក្នុងវិស័យនេះ។ ហើយចុងក្រោយ កិច្ចប្រជុំពហុភាគីដែលមិនគួរឱ្យជឿ! ផ្នែកមួយនៃកិច្ចសន្ទនានេះគឺជាការបើកភ្នែកពិតប្រាកដ នៅពេលដែលខ្ញុំទទួលបានបទពិសោធន៍ថាតើការពិភាក្សាពហុភាគីពិតប្រាកដនឹងធ្វើទៅបែបណា។ ស្មារតីសហការ និងការផ្លាស់ប្តូរគំនិតរវាងភាគីពាក់ព័ន្ធមកពីមជ្ឈដ្ឋានផ្សេងៗគ្នាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងមកលើរូបខ្ញុំ នៅពេលដែលយើងខិតខំឆ្ពោះទៅរកកិច្ចសហការ និងការផ្តួចផ្តើមដំណោះស្រាយ ដើម្បីកែលម្អអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជារបស់យើងនេះ។ដូច្នេះ តើខ្ញុំទទួលបានអ្វីដែលខ្ញុំរំពឹងទុកពី CamYIGF ទេ?ទេ ព្រោះវាលើសពីអ្វីដែលខ្ញុំរំពឹងទុកទៅទៀត ហើយខ្ញុំមិនបានគិតថា អភិបាលកិច្ចអ៊ិនធឺណិតកម្ពុជាលើកដំបូងអាចសម្រេចបាននូវចំណុចសំខាន់ដែលបានលើកឡើងនោះទេ។ដើម្បីសង្ខេបបទពិសោធន៍របស់ខ្ញុំដោយខ្លីនោះ ខ្ញុំគឺជាអេប៉ុងស្ងួតដែលខ្វះជាតិទឹកអ៊ីនធឺណិត តែឥឡូវនេះវាពោរពេញទៅដោយចំណេះដឹងអំពីការគ្រប់គ្រងឌីជីថល និងអ៊ីនធឺណិត។ ភាពស្មុគ្រស្មាញនៃការគ្រប់គ្រងអ៊ីនធឺណិត គោលនយោបាយដែលបង្កើតពិភពអនឡាញរបស់យើង និងរបៀបដែលយើងអាចធានាបាននូវប្រភពឌីជីថលដែលមានសុវត្ថិភាព និងការរួមបញ្ចូលប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើនសម្រាប់ទាំងអស់គ្នាត្រូវបានបង្ហាញ និងចែករំលែកពេញមួយកម្មវិធី។ ​សង្ឃឹម​​ថា​អ្នក​អាច​ទទួល​អារម្មណ៍ដែលខ្ញុំមាន បន្ទាប់​ពី​ការ​អាន​អត្ថបទ​នេះ​។មាន​អ្វី​បន្ទាប់?ជំហានបន្ទាប់សម្រាប់ក្រុមរបស់យើងគឺការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី 18 នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតនៅទីក្រុងក្យូតូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី 8 រហូតដល់ថ្ងៃទី 12 ខែតុលា។ កំឡុងពេលដែលខ្ញុំបន្តការងារបៃតងយ៉ាងសកម្ម ខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការចូលរួមក្នុងវគ្គនិរន្តរភាពជាច្រើននៅក្នុងកម្មវិធីខាងមុខនេះ ដោយសារពួកគេបានតម្រឹមប្រធានបទយ៉ាងល្អឥតខ្ចោះជាមួយនឹងចំណង់ចំណូលចិត្ត និងគោលបំណងវិជ្ជាជីវៈរបស់ខ្ញុំ។ខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការក្លាយជាផ្នែកមួយនៃវគ្គ \'ប្រព័ន្ធគោលនយោបាយដែលស្និទ្ធស្នាលនឹងបរិស្ថានសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន\' ដែលនឹងផ្តល់នូវការយល់ដឹងសំខាន់ៗអំពីគោលនយោបាយបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព ហើយជួយបង្កើនតួនាទីរបស់ខ្ញុំនៅក្នុងវិស័យការងារបៃតង។កិច្ចប្រជុំកំពូល គឺតែងតែជាកន្លែងដែលខ្ញុំចូលចិត្តទៅ។ \'IGF 2023 Global Youth Summit\' នឹងអនុញ្ញាតឱ្យខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលចិត្តអ៊ីនធឺណេត ឬប្រព័ន្ធឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ រៀន និងរួមគ្នាបង្កើតទិដ្ឋភាពឌីជីថលដែលផ្តល់អាទិភាពមិនត្រឹមតែនិរន្តរភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែការគ្រប់គ្រងឌីជីថល និងអ៊ីនធឺណិតទាំងមូលផងដែរ។\'ការរួមបញ្ចូលឌីជីថល និងនិរន្តរភាពបរិស្ថាន\' គឺជាវគ្គមួយផ្សេងទៀតដែលលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវចំណាប់អារម្មណ៍របស់ខ្ញុំ។ វាអនុញ្ញាតឱ្យខ្ញុំស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាឌីជីថលអាចតភ្ជាប់ចន្លោះប្រហោងក្នុងសង្គម ខណៈពេលដែលការលើកកម្ពស់និរន្តរភាព ការពង្រីកប្រាជ្ញា និងបណ្តាញរបស់ខ្ញុំនៅក្នុងប្រធានបទទាំងនេះ។ជាចុងក្រោយ \'បណ្តាញសហគមន៍៖ អធិបតេយ្យភាពឌីជីថល និងនិរន្តរភាព\' ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្ញុំក្នុងការបង្កើតពិភពឌីជីថលដែលគិតគូរពីបរិស្ថានកាន់តែច្រើន។ វគ្គនេះនឹងភ្ជាប់ខ្ញុំជាមួយអ្នកជំនាញ និងអ្នកអនុវត្តដែលមានគំនិតដូចគ្នាទៅនឹងគោលការណ៍ជីវិតរបស់ខ្ញុំផងដែរ។បំណងប្រាថ្នារបស់ខ្ញុំក្នុងការចូលរួមក្នុងវគ្គទាំងនេះកើតឡើងពីជំនឿរបស់ខ្ញុំថាចំនុចប្រសព្វនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និរន្តរភាព និងការរួមបញ្ចូលប្រព័ន្ធឌីជីថលផ្តល់នូវឱកាសសម្រាប់ការបង្កើតនូវឥទ្ធិពលសំខាន់ៗ។ខ្ញុំទន្ទឹងរង់ចាំ ក្នុងការឈានជើងចូលទៅក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី 18 និងទទួលបានការយល់ដឹងដោយផ្ទាល់ដែលនឹងលើកកម្ពស់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាលើកទី 2 នៅឆ្នាំក្រោយ។ គោលដៅ និងគោលបំណងរបស់ក្រុមរបស់យើងសម្រាប់ការចូលរួមក្នុងវេទិកានៅឆ្នាំនេះគឺ ការអនុញ្ញាតអោយយើងអាចផ្តល់ជូនអ្នកចូលរួមកម្មវិធីរបស់យើងនៅឆ្នាំបន្តបន្ទាប់ នូវបទពិសោធន៍ដែលអាចប្រៀបធៀបបានទៅនឹងខ្លឹមសារ វគ្គបំបែក និងទម្រង់ទាំងមូលរបស់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតនៅទីក្រុងក្យូតូផងដែរ។

បទពិសោធន៍របស់ខ្ញុំបន្ទាប់ពីចូលរួមវេទិកានៅ Brisbane– yIGF & APrIGF 2023

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF) 2023 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀតដែលខ្ញុំបានចូលរួមពីមុនមក ហើយវាបានប្រព្រឹត្តទៅនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ២០២៣នេះ APrIGFមានប្រធានបទ \" បច្ចេកវិទ្យាដែលកំពុងរីកចម្រើន - តើអាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃអ៊ីនធឺណិតហើយរឺនៅ?\"។ យុវជន និងអ្នកពាក់ព័ន្ធជាច្រើនមកពីផ្នែកផ្សេងៗនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការពិភាក្សាអំពីការគ្រប់គ្រងអ៊ីនធឺណិត។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)ឆ្នាំ២០២៣ ខ្ញុំមានឱកាសក្នុងការធ្វើអន្តរកម្ម ក៏ដូចជាកិច្ចសន្ទនាជាមួយអ្នកពាក់ព័ន្ធ និងយុវជនជាច្រើនមកពីតំបន់ផ្សេងៗគ្នា។នាងខ្ញុំ​មិន​ធ្លាប់​ធ្វើដំណើរទៅក្រៅប្រទេស ដែរមានចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ពី​មុន​មក​ទេ ដូច្នេះ​ខ្ញុំ​ពិតជា​រំភើបនូវពេលដែលខ្ញុំបានឃើញទេសភាពដ៏ស្រស់ស្អាត​នៃទីក្រុង Brisbane ប្រទេស​អូស្ត្រាលី។ ចាប់តាំងពីថ្ងៃទី 0 នៃ yIGF និង APAC រហូតដល់ចប់កម្មវិធី នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងតួនាទីចម្បងរបស់យុវជនក្នុងការគ្រប់គ្រងអ៊ីនធឺណែត វិធីក្នុងការត្រៀមខ្លួនរបស់យុវជនក្នុងការស្វែងរកឱកាសទាំងនេះ និងរបៀបដែលយើងអាចរួមចំណែកដល់ការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងសង្គមរបស់យើង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយ .au Domain Administration (auDA) ឧបត្ថម្ភដោយមជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC), APNIC Foundation, NETTHING 2023, រដ្ឋាភិបាលអូស្ត្រាលី និង (ICANN) ។ គោលបំណងរបស់ IGF គឺការជូនដំណឹងដល់យុវជនអំពីការគ្រប់គ្រងអ៊ីនធឺណិត។ ក៏ដូចជាការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងដំណើរការពិចារណា និងធ្វើការសម្រេចចិត្តបន្ថែមទៀតទៅលើប្រធានបទនៃការគ្រប់គ្រងអ៊ីនធឺណិត។របៀបវារៈនៃកម្មវិធី yIGF 2023 និង APrIGF រួមមានការសន្ទនាអ្នកដឹកនាំយុវជន APAC ស្តីពីភាពជាដៃគូសហការក្នុងការកសាងថាមពលយុវជនសម្រាប់ការគ្រប់គ្រងលើអ៊ីនធឺណិតរបស់យុវជន ការពិភាក្សាជាក្រុមលើការសម្រេចចិត្តជាក្បួន និងអនាគតនៃអ៊ីនធឺណិត ការពិភាក្សាតុមូលស្តីពីផលប៉ះពាល់នៃអ៊ីនធឺណិតលើយុវជន។ សុខុមាលភាពឌីជីថល និងកិច្ចប្រជុំជាមួយអ្នកជំនាញក្នុងឧស្សាហកម្ម។ បន្ទាប់ពីការធ្វើបទបង្ហាញរបស់អ្នកវាគ្មិននីមួយៗ មានការសន្ទនាបើកចំហមួយ អមដោយការពិភាក្សាជាក្រុម ដែលវាគ្មិនសង្ខេបការពិភាក្សា និងទទួលបានសំណួរបន្តពីអ្នកចូលរួម។ អ្នកចូលរួមក៏អាចសួរសំណួរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទទួលបានចំនេះដឹងកាន់តែស៊ីជម្រៅ ហើយនេះក៏ជាពេលវេលាដ៏គួរអោយចងចាំមួយផងដែរ នៅពេលដែលខ្ញុំបានប្រទះឃើញយុវជនសាទរ ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនបានបញ្ចេញនូវគំនិតរបស់ពួកគេយ៉ាងសកម្ម!ចំណុចសំខាន់មួយសម្រាប់ខ្ញុំគឺការទទួលបានការអនុវត្តការនិយាយជាសាធារណៈ និងការបង្កើនទំនុកចិត្តរបស់ខ្ញុំក្នុងការបញ្ចេញមតិទៅកាន់សាធារណជនទូទៅតាមរយៈការធ្វើបទបង្ហាញអំពីគោលនយោបាយយុវជនរបស់យើង។ ក្នុងអំឡុងសន្និសីទ ពួកយើងក៏បានបង្កើតនូវសេចក្តីថ្លែងការណ៍ ដែលសមទ្ធិផលនេះបានមកពីការពិភាក្សាជាក្រុមរបស់យើង តាមរយះការបែងចែកជាបួនក្រុមដែលរួមមានតំណាងមកពីសង្គមស៊ីវិល សហគមន៍បច្ចេកទេស រដ្ឋាភិបាល និងវិស័យឯកជន។អ្វីដែរកាន់តែសំខាន់នោះ គឺអ្នកគ្រប់គ្នាអាចចូលរួមក្នុងការបញ្ចេញមតិអំពីគំនិត និងបញ្ហាដែលពួកគេបានជួបទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈសេចក្តីថ្លែងការណ៍គោលនយោបាយយុវជននៅក្នុងឯកសារសំយោគ APrIGF ឆ្នាំ២០២៣។ ប្រសិនបើអ្នកជាជនជាតិខ្មែរ ហើយមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត សូមចូលរួមជាមួយយើងតាមរយះ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅ CADT!Photo by APNICជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ NetMission និងអង្គការ DotAsia ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្រអំពីការគ្រប់គ្រងអ៊ីនធឺណិត និងបានជួយអភិវឌ្ឍខ្ញុំក្នុងការចូលរួមអោយកាន់តែសកម្ម ពង្រឹងបណ្តាញទាក់ទង និងជំនាញសហប្រតិបត្តិការអោយកាន់តែរឹងមាំ។ ជាងនេះទៅទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ ដែលបានធ្វើឱ្យប្រាកដថា អ្នករាល់គ្នាស្ថិតនៅលើទំព័រតែមួយ ខណៈពេលដែលបន្តផ្តល់ឱ្យយើងនូវសម្ភារៈសំខាន់ៗ ចាប់តាំងពីថ្ងៃមុនព្រឹត្តិការណ៍ រហូតដល់ថ្ងៃចុងក្រោយនៃសន្និសីទ។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយខ្ញុំបានរៀនច្រើនពីវា ដែលធ្វើឲ្យខ្ញុំប្រាថ្នាចង់ធ្វើដូចពួកគេ។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF)ឆ្នាំ២០២៣ ខ្ញុំក៏ចង់ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Open Development Cambodia សម្រាប់ការចំណាយលើការហោះហើរ និងទិដ្ឋាការទៅមករបស់ខ្ញុំ៕

កំណើតដំបូងនៃអ៊ីនធឺណិត

​អ៊ីនធឺណិតត្រូវបានបង្កើតឡើងនៅសហរដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០។ សង្គ្រាមត្រជាក់បានឈានដល់កម្រិតកំពូល ហើយភាពតានតឹងដ៏ធំក៏បានកើតឡើងរវាងទ្វីបអាមេរិកខាងជើង និងសហភាពសូវៀត។ ភាពតានតឹងរវាងមហាអំណាចទាំងពីរនេះបាននាំឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាចអំពីអាវុធនុយក្លេអ៊ែរដែលប្រទេសទាំងពីរមាន ហើយសហរដ្ឋអាមេរិកបានដឹងថាវាត្រូវការប្រព័ន្ធទំនាក់ទំនងដែលមិនអាចរងផលប៉ះពាល់ដោយការវាយប្រហារនុយក្លេអ៊ែររបស់សូវៀត តាមរយៈការបង្កើតវិធីសាស្រ្តទំនាក់ទំនងឯករាជ្យដោយប្រើអ៊ីនធឺណិត។នៅពេលនោះ កុំព្យូទ័រគឺជាម៉ាស៊ីនធំ និងមានតម្លៃថ្លៃ ដែលប្រើដោយអ្នកវិទ្យាសាស្ត្រយោធា និងបុគ្គលិកសាកលវិទ្យាល័យតែប៉ុណ្ណោះ។អ៊ីនធឺណិត​បាន​ចាប់ផ្តើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ដែលជា​មធ្យោបាយ​មួយ​សម្រាប់​អ្នកស្រាវជ្រាវ​រដ្ឋាភិបាល​ក្នុង​ការចែករំលែក​ព័ត៌មាន​។ ថ្ងៃទី​ ១ ​ខែមករា​ ឆ្នាំ​ ១៩៨៣ ​ត្រូវបាន​ចាត់ទុក​ថា​ជា​ថ្ងៃ​កំណើត​ផ្លូវការ​របស់​អ៊ីនធឺណិត​។អ៊ិនធឺណិត​ គឺ​ជា​ប្រព័ន្ធ​សកល​នៃ​បណ្តាញ​កុំព្យូទ័រ​ដែល​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ដែល​ប្រើ​ឈុត​ប្រូតូគោល​​អ៊ីនធឺណិត​ (TCP/IP) ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​បណ្តាញ​អ៊ីនធឺណិត​​ និង​ឧបករណ៍​អេឡិច​ត្រូនិច​។​ វា​គឺ​ជា​បណ្តាញ​នៃ​បណ្តាញ​ដែល​មាន​បណ្តាញ​ឯកជន​ សាធារណៈ​ ការសិក្សា​ អាជីវកម្ម​ និង​បណ្តាញ​រដ្ឋាភិបាល​នៃ​វិសាលភាព​ក្នុង​មូលដ្ឋាន​ដល់​សកលលោក​ ដែល​ភ្ជាប់​ដោយ​អារេ​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​បណ្តាញ​អេឡិចត្រូនិច​ ឥត​ខ្សែ​និង​អុបទិក​។តើ​អ្នក​ដឹង​ទេ​ថា​កម្ពុជា​ប្រើ​អ៊ីនធឺណិត​ដំបូង​គេ​នៅ​ពេល​ណា?ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ប្រើប្រាស់​អ៊ីន​ធឺណិត​លើក​ដំបូង​គេ​នៅ​ឆ្នាំ ​១៩៩៧​ ដែល​ជា​ការ​បើក​ប្រវត្តិសាស្ត្រ​នៃ​យុគ​សម័យ​អ៊ិនធឺណិត​នៅ​កម្ពុជា​ក៏​ចាប់ផ្តើម​ចាប់​ពី​ពេល​នោះ​មក​។ សេវា​អ៊ីន​ធឺណិត​ដំបូងគេ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​កម្ពុជា​មាន​ឈ្មោះ​ថា Camnet Internet Service ។ Camnet Interenet Service គឺ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃ​ប្រទេស​កាណាដា​។ វា​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​ទី​ក្រុង​ភ្នំពេញ​។ប្រទេស​កម្ពុជា​ត្រូវ​បាន​តភ្ជាប់​ទៅ​កាន់​អ៊ីន​ធឺណិត​តាម​រយៈ​ផ្កាយ​រណប​ដែល​មាន​កម្លាំង ​៦៤​ គីឡូ​ប៊ីត​ ក្នុង​មួយ​វិនាទី​ដែល​ភ្ជាប់​មក​ពី​ប្រទេស​សិង្ហបុរី​នៅ​ខែ​ឧសភា​ឆ្នាំ ​១៩៩៧​។ ​​ទន្ទឹម​នឹង​នេះ​ នៅ​ពេល​ដែល​Camnet​បាន​ដាក់​ដំណើរ​ការ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​វិស័យ​អ៊ីន​ធឺណិត​នៅ​កម្ពុជា​ ​វា​បាន​ភ្ជាប់​អ្នក​ប្រើ​ប្រាស់​ជាង​ ៩០​ នាក់​ និង​ដៃ​គូ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត​ កំឡុង​ពេល​នោះ​ដែរក៏​មាន​ការ​ផ្តល់​សេវាកម្ម​ផ្នែក​អ៊ីន​ធឺណិត​ដល់​ ក្រសួង​រដ្ឋាភិបាល​ សិស្ស​និស្សិត​ និង​អង្គការ​មួយ​ចំនួន​ សម្រាប់ប្រតិបត្តិការលើកដំបូងរបស់ខ្លួនលើអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។នៅ​លើ​ផ្នែក​ពាណិជ្ជកម្ម​ Camnet​ បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​តឹងតែង​ពី​សេវាកម្ម​អ៊ីនធឺណិត​ទី​ពីរ​គឺ​ Big Pond​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​អូស្ត្រាលី​ Telstra​ នៅថ្ងៃទី ២ ​ខែមិថុនា​ ឆ្នាំ​ ១៩៩៧​។​នៅ​ពេល​នោះ​ក្នុង​ឆ្នាំ​ ២០០១​ តម្លៃ​អ៊ិនធឺណិត​នៅ​កម្ពុជា​គឺ​ផ្អែក​លើ​កាត​អ៊ីនធឺណិត​បង់​ប្រាក់​ជាមុន​ ដែល​មាន​តម្លៃ​ប្រហែល​ ៣.៣៣​ ដុល្លារ​ក្នុង​មួយ​ម៉ោង​ពី​សេវា​ផ្តល់​អ៊ីនធឺណិត​ (IPS) ដូចជា​ Camnet​ នេះ​បើ​យោងតាម​របាយការណ៍សិក្សា​មួយ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។​ការ​ផ្ញើ​សារ​ធ្លាប់​មាន​តម្លៃ​ ០.១៥​ ដុល្លារ​ក្នុង​មួយ​គីឡូបៃ​ ដែល​អាច​សរសេរ​បាន​ប្រហែល​ ១៥០​ តួអក្សរ​នៃ​អត្ថបទ​។​ មាន​ការ​គិត​ថ្លៃ​តាម​ចំនួន​​ម៉ោង​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ចូល​​​ជា​មួយ​ដៃ​គូ​បែប​ឯក​ជន​ ឬ​ដៃ​គូ​ឯកជន​សាធារណៈ​ ដូច្នេះ​លុះត្រា​តែ​ឯកសារ​មាន​ទំហំ​ធំ​ខ្លាំង​​ដូច​ជា​ការ​ទាញ​យក​កម្មវិធី​ជា​ដើម ​ក្រៅ​ពី​នេះ​ការ​ចំណាយ​ក្នុង​ការ​ទទួល​ឯកសារ​នៅ​ក្នុង​ប្រទេសកម្ពុជា​គឺ​មាន​សូវ​មាន​ភាព​ចាំបាច់​នៅ​ឡើយ​ទេ​​។ដោយសារ​តម្លៃ​អ៊ីនធឺណិត​ខ្ពស់​ ការ​តភ្ជាប់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ សូម្បី​តែ​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​​មាន​អ៊ីនធឺណិត​ក៏​ដោយ​ ​ប៉ុន្តែ​មាន​ហាង​អ៊ីនធឺណិត​តិចតួច​ប៉ុណ្ណោះ​ដែល​​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​ ខណៈ​ពេល​ដែល​​នៅ​តំបន់​ដាច់​ស្រយាល​មិន​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ​នៃ​អ៊ីនធឺណិត​នៅ​ឡើយ​ទេ​​។ការ​រីក​ដុះដាល​នៃ​ការ​ប្រើប្រាស់​អ៊ីន​ធឺណិត​នា​ពេល​បច្ចុប្បន្ន ក្រោយ​មក​ទៀត​ ប្រព័ន្ធ​អ៊ីន​ធឺណិត​រឹត​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុងប្រមាណ​១៥ ឆ្នាំ​ក្រោយ​មកនេះ​ អ៊ីន​ធឺណិត​បាន​វិវត្ត​ទៅ​ជា​​ប្រភព​ចម្បង​សម្រាប់​ការ​ទទួល​បាន​​ព័ត៌មាន​ និង​កម្សាន្ត​ សម្រាប់​អ្នក​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​ និង​កម្រិត​ជីវភាព​ខ្ពស់​។​ការ​ផ្លាស់ប្តូរ​ទាំង​នេះ​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​មាន​​វត្ត​មាន​​នៃ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិតដូច​ជា​ Camnet និង​ Big Pond ដែល​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​អាច​ប្រើប្រាស់​អ៊ីន​ធឺណិត​បាន​នៅ​តាម​ហាង​កាហ្វេ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​។​បច្ចុប្បន្ន​ការ​ប្រើប្រាស់​អ៊ីន​ធឺណិត​និង​ Wi-Fi ត្រូវ​បាន​ប្រើប្រាស់​ជាទូទៅ​ ព្រម​ទាំ​ង​មាន​តម្លៃ​ទាប​ទៀត​ផង​ ដោយ​អ្នក​ប្រើប្រាស់​អាច​ផ្សារភ្ជាប់​ខ្លួន​ជា​មួយ​នឹង​ពិភព​អនឡាញ​​បាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ ដូច​ជា​តាម​ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ តាម​អាគារ​ការិយាល័យ​ តាម​គេ​ហដ្ឋាន និង​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ផង​ដែរ​ ដោយ​ផ្តល់​នូវ​ការ​ប្រើ​ប្រាស់​ Wi-Fi ដោយ​ឥតគិត​ថ្លៃ​សម្រាប់​សាធារណៈជន​។បើគិតត្រឹមខែមករា ឆ្នាំ ២០២៣ កម្ពុជាមាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចំនួន​ ១១.៣៧​ លាន​នាក់​​ នេះ​បើ​យោង​តាម​របាយការណ៍​ទិន្នន័យ​ឌីជីថល​ ២០២៣​ កម្ពុជា​។ការ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​ឥឡូវ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា។​ ស្ទើរ​តែ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ត្រូវ​បាន​ភ្ជាប់​ទៅ​ឧបករណ៍​អេឡិច​ត្រូនិច​​ និង​អ៊ីន​ធឺ​ណេត​តាម​វិធី​ដែល​យើង​ធ្វើ​អន្តរកម្ម​ ចែករំលែកព័ត៌មាន​ កម្សាន្ត​ ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ផ្ទេរ​ប្រាក់​ ការ​ទិញ​ទំនិញ​តាម​អ៊ីន​ធឺណិត​ និង​ការធ្វើការ​ពីចម្ងាយ​ រួម​ជាមួយ​នឹង​សកម្មភាព​ជា​ច្រើន​ទៀត​។