អំពីអ្នករៀបចំវេទិកា

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី គឺជាគេហទំព័រ “ទិន្នន័យបើកទូលាយ” ដែលជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនាទិន្នន័យបើកទូលាយឈរលើគោលជំហរដ៏សាមញ្ញមួយនោះគឺ ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតណាមួយឡើយ។ ព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ជូនដោយសេរីដល់បុគ្គលគ្រប់ៗគ្នាដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។
នៅឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានណែនាំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាដល់យុវជនកម្ពុជាជាលើកដំបូង។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីកិច្ចពិភាក្សាអំពីអភិបាលកិច្ចតាមអ៊ីនធឺណិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាគោលនយោបាយ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វេទិកានេះអនុញ្ញាតឱ្យយុវជន, អ្នកជំនាញផ្នែកបច្ចេកវិទ្យា, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនានា ចែករំលែកចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការចែករំលែកព័ត៌មាន និងសុវត្ថិភាពអ៊ីនធឺណិត។ លើសពីនេះទៀត គឺដើម្បីឱ្យពួកគេយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងសង្គមនាពេលអនាគត។
អូឌីស៊ី ស្វែងរកដៃគូសហការផ្សេងៗ ដើម្បីពង្រីក និងបង្កើនប្រតិបត្តិការ និងដើម្បីទទួលបានទិន្នន័យ ព្រមទាំងបង្កើនលទ្ធិភាពទទួលបានព័ត៌មាន និងការចូលរួមពីគ្រប់ភាគ្គី។
គាំទ្រដោយ

មូលនិធិ SecDev គឺជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលធ្វើបេសកកម្មទូទាំងពិភពលោក ដើម្បីលើកកម្ពស់ភាពទ្រាំទ្រជាមួយបច្ចេកវិទ្យារបស់ជនដែលងាយរងគ្រោះ។ ការងាររបស់យើងភាគច្រើន គឺជាមួយស្ត្រី យុវជន និងអង្គការសង្គមស៊ីវិលដែលប្រឈមនឹងហានិភ័យ។ យើងជួយពួកគេ ក្នុងកាការពារខ្លួនពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាឌីជីថល មិនថាជាការហេគ (Hacking) ការវាយប្រហារដោយបន្លំ(Phishing) វិស្វកម្មសង្គម (Social Engineering) ព័ត៌មានមិនពិត ឬអំពើហិង្សារើសអើងភេទជាដើម។ ជាចុងក្រោយ ចំណេះដឹងទាំងនេះ អ្នកគ្រប់គ្នាកសាងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអភិវឌ្ឍខ្លួនឯងផងនិងសហគមន៍របស់ពួកគេផង។
កិច្ចសហប្រតិបត្តិការជាមួយ

ជំរំឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា តាមរយៈការចែករំលែកចំណេះដឹងជាភាសាខ្មែរទាក់ទងនឹងអនាម័យឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។ បេសកកម្មក្នុងការលុបបំបាត់គម្លាតការយល់ដឹងអំពីបច្ចេកវិទ្យារបស់យើងភាគច្រើនផ្ដោតសំខាន់ទៅលើក្រុមសិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅដែលជាជនងាយរងគ្រោះពីបច្ចេកវិទ្យា ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាខេត្ត។
ជំរំឌីជីថលជាជំនួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យមានការយល់ដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសុវត្ថិភាព ប្រកបដោយភាពត្រឹមត្រូវ និងការពារខ្លួនពីការវាយប្រហារផ្សេងៗនៅលើប្រព័ន្ធអនឡាញ ដូចជា កូដព្យាបាទ ការវាយប្រហារដោយបន្លំ។-ល-។

APNIC (មជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក អានថា A-P-NIC) គឺជាអង្គការដែលប្រមូលផ្ដុំសមាជិកដោយបើកចំហ, ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើននៃអ៊ីនធឺណិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។