អ៊ីនធឺណិតត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ សង្គ្រាមត្រជាក់បានឈានដល់កម្រិតកំពូល ហើយភាពតានតឹងដ៏ធំក៏បានកើតឡើងរវាងទ្វីបអាមេរិកខាងជើង និងសហភាពសូវៀត។ ភាពតានតឹងរវាងមហាអំណាចទាំងពីរនេះបាននាំឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាចអំពីអាវុធនុយក្លេអ៊ែរដែលប្រទេសទាំងពីរមាន ហើយសហរដ្ឋអាមេរិកបានដឹងថាវាត្រូវការប្រព័ន្ធទំនាក់ទំនងដែលមិនអាចរងផលប៉ះពាល់ដោយការវាយប្រហារនុយក្លេអ៊ែររបស់សូវៀត តាមរយៈការបង្កើតវិធីសាស្រ្តទំនាក់ទំនងឯករាជ្យដោយប្រើអ៊ីនធឺណិត។
នៅពេលនោះ កុំព្យូទ័រគឺជាម៉ាស៊ីនធំ និងមានតម្លៃថ្លៃ ដែលប្រើដោយអ្នកវិទ្យាសាស្ត្រយោធា និងបុគ្គលិកសាកលវិទ្យាល័យតែប៉ុណ្ណោះ។
អ៊ីនធឺណិតបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ដែលជាមធ្យោបាយមួយសម្រាប់អ្នកស្រាវជ្រាវរដ្ឋាភិបាលក្នុងការចែករំលែកព័ត៌មាន។ ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៨៣ ត្រូវបានចាត់ទុកថាជាថ្ងៃកំណើតផ្លូវការរបស់អ៊ីនធឺណិត។
អ៊ិនធឺណិត គឺជាប្រព័ន្ធសកលនៃបណ្តាញកុំព្យូទ័រដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកដែលប្រើឈុតប្រូតូគោលអ៊ីនធឺណិត (TCP/IP) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្តាញអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិច។ វាគឺជាបណ្តាញនៃបណ្តាញដែលមានបណ្តាញឯកជន សាធារណៈ ការសិក្សា អាជីវកម្ម និងបណ្តាញរដ្ឋាភិបាលនៃវិសាលភាពក្នុងមូលដ្ឋានដល់សកលលោក ដែលភ្ជាប់ដោយអារេទូលំទូលាយនៃបច្ចេកវិទ្យាបណ្តាញអេឡិចត្រូនិច ឥតខ្សែនិងអុបទិក។
តើអ្នកដឹងទេថាកម្ពុជាប្រើអ៊ីនធឺណិតដំបូងគេនៅពេលណា?
ប្រទេសកម្ពុជាបានចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតលើកដំបូងគេនៅឆ្នាំ ១៩៩៧ ដែលជាការបើកប្រវត្តិសាស្ត្រនៃយុគសម័យអ៊ិនធឺណិតនៅកម្ពុជាក៏ចាប់ផ្តើមចាប់ពីពេលនោះមក។ សេវាអ៊ីនធឺណិតដំបូងគេដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅកម្ពុជាមានឈ្មោះថា Camnet Internet Service ។ Camnet Interenet Service គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដែលដំណើរការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាដោយមានការគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកាណាដា។ វាមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ។
ប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅកាន់អ៊ីនធឺណិតតាមរយៈផ្កាយរណបដែលមានកម្លាំង ៦៤ គីឡូប៊ីត ក្នុងមួយវិនាទីដែលភ្ជាប់មកពីប្រទេសសិង្ហបុរីនៅខែឧសភាឆ្នាំ ១៩៩៧។
ទន្ទឹមនឹងនេះ នៅពេលដែលCamnetបានដាក់ដំណើរការលើកដំបូងរបស់ខ្លួនក្នុងវិស័យអ៊ីនធឺណិតនៅកម្ពុជា វាបានភ្ជាប់អ្នកប្រើប្រាស់ជាង ៩០ នាក់ និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត កំឡុងពេលនោះដែរក៏មានការផ្តល់សេវាកម្មផ្នែកអ៊ីនធឺណិតដល់ ក្រសួងរដ្ឋាភិបាល សិស្សនិស្សិត និងអង្គការមួយចំនួន សម្រាប់ប្រតិបត្តិការលើកដំបូងរបស់ខ្លួនលើអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
នៅលើផ្នែកពាណិជ្ជកម្ម Camnet បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីសេវាកម្មអ៊ីនធឺណិតទីពីរគឺ Big Pond ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់អូស្ត្រាលី Telstra នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៩៧។
នៅពេលនោះក្នុងឆ្នាំ ២០០១ តម្លៃអ៊ិនធឺណិតនៅកម្ពុជាគឺផ្អែកលើកាតអ៊ីនធឺណិតបង់ប្រាក់ជាមុន ដែលមានតម្លៃប្រហែល ៣.៣៣ ដុល្លារក្នុងមួយម៉ោងពីសេវាផ្តល់អ៊ីនធឺណិត (IPS) ដូចជា Camnet នេះបើយោងតាមរបាយការណ៍សិក្សាមួយរបស់សហភាពទូរគមនាគមន៍អន្តរជាតិទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ការផ្ញើសារធ្លាប់មានតម្លៃ ០.១៥ ដុល្លារក្នុងមួយគីឡូបៃ ដែលអាចសរសេរបានប្រហែល ១៥០ តួអក្សរនៃអត្ថបទ។ មានការគិតថ្លៃតាមចំនួនម៉ោងក្នុងការហៅទូរស័ព្ទចូលជាមួយដៃគូបែបឯកជន ឬដៃគូឯកជនសាធារណៈ ដូច្នេះលុះត្រាតែឯកសារមានទំហំធំខ្លាំងដូចជាការទាញយកកម្មវិធីជាដើម ក្រៅពីនេះការចំណាយក្នុងការទទួលឯកសារនៅក្នុងប្រទេសកម្ពុជាគឺមានសូវមានភាពចាំបាច់នៅឡើយទេ។
ដោយសារតម្លៃអ៊ីនធឺណិតខ្ពស់ ការតភ្ជាប់អ៊ីនធឺណិតនៅមានកម្រិត សូម្បីតែនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាបមានអ៊ីនធឺណិតក៏ដោយ ប៉ុន្តែមានហាងអ៊ីនធឺណិតតិចតួចប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ខណៈពេលដែលនៅតំបន់ដាច់ស្រយាលមិនមានការប្រើប្រាស់ទូលំទូលាយនៃអ៊ីនធឺណិតនៅឡើយទេ។
ការរីកដុះដាលនៃការប្រើប្រាស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ន
ក្រោយមកទៀត ប្រព័ន្ធអ៊ីនធឺណិតរឹតតែដើរតួនាទីសំខាន់ក្នុងប្រទេសកម្ពុជា។ ក្នុងប្រមាណ១៥ ឆ្នាំក្រោយមកនេះ អ៊ីនធឺណិតបានវិវត្តទៅជាប្រភពចម្បងសម្រាប់ការទទួលបានព័ត៌មាន និងកម្សាន្ត សម្រាប់អ្នកដែលមានកម្រិតជីវភាពមធ្យម និងកម្រិតជីវភាពខ្ពស់។ការផ្លាស់ប្តូរទាំងនេះបានចាប់ផ្តើមចាប់តាំងពីមានវត្តមាននៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដូចជា Camnet និង Big Pond ដែលបានអនុញ្ញាតឲ្យមនុស្សមួយក្រុមតូចអាចប្រើប្រាស់អ៊ីនធឺណិតបាននៅតាមហាងកាហ្វេមួយចំនួននៅរាជធានីភ្នំពេញ។
បច្ចុប្បន្នការប្រើប្រាស់អ៊ីនធឺណិតនិង Wi-Fi ត្រូវបានប្រើប្រាស់ជាទូទៅ ព្រមទាំងមានតម្លៃទាបទៀតផង ដោយអ្នកប្រើប្រាស់អាចផ្សារភ្ជាប់ខ្លួនជាមួយនឹងពិភពអនឡាញបានស្ទើរតែគ្រប់ទីកន្លែង ដូចជាតាមហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ តាមអាគារការិយាល័យ តាមគេហដ្ឋាន និងនៅតាមទីសាធារណៈមួយចំនួនផងដែរ ដោយផ្តល់នូវការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃសម្រាប់សាធារណៈជន។
បើគិតត្រឹមខែមករា ឆ្នាំ ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ១១.៣៧ លាននាក់ នេះបើយោងតាមរបាយការណ៍ទិន្នន័យឌីជីថល ២០២៣ កម្ពុជា។
ការចូលប្រើប្រាស់អ៊ីនធឺណិតឥឡូវនេះមានសារៈសំខាន់ណាស់ក្នុងជីវិតរបស់ប្រជាជនកម្ពុជា។ ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់យើងត្រូវបានភ្ជាប់ទៅឧបករណ៍អេឡិចត្រូនិច និងអ៊ីនធឺណេតតាមវិធីដែលយើងធ្វើអន្តរកម្ម ចែករំលែកព័ត៌មាន កម្សាន្ត ការសិក្សាតាមប្រព័ន្ធអនឡាញ ការផ្ទេរប្រាក់ ការទិញទំនិញតាមអ៊ីនធឺណិត និងការធ្វើការពីចម្ងាយ រួមជាមួយនឹងសកម្មភាពជាច្រើនទៀត។