ក្នុងនាមជាសមាជិកនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ខ្ញុំទទួលបាននូវចំណេះដឹង និងព័ត៌មានជាច្រើនទាក់ទងនឹងប្រធានបទផ្សេងៗដូចជា សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ជាដើម។ ខ្ញុំមិនត្រឹមតែអាចចូលរួមរៀនប្រធានបទទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ខ្ញុំថែមទាំងមានឱកាសក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនៅក្រៅប្រទេសទៀតផង។ ក្រុមការងារវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) តែងតែចែករំលែកពត៍មានអំពីឱកាសផ្សេងៗនៅលើវេទិការបស់ពួកយើងជានិច្ច ហើយក្នុងនាមជាសមាជិកដែលសកម្មម្នាក់ ខ្ញុំតែងតែតាមដានព័ត៌មានទាំងអស់ដែលក្រុមការងារ ចែករំលែក។
ថ្មីៗនេះ ខ្ញុំទទួលបានឱកាសក្នុងការចូលរួមក្នុវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន (yIGF) នៅបណ្តាលប្រទេសអាស៊ីប៉ាស៊ីហ្វិច នៅទីក្រុង ប៊្រីសបែន ប្រទេសអូស្ត្រាលី ដែលត្រូវបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារ NetMission រួមជាមួយនឹងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF)។ នៅពេលដែលខ្ញុំបានឃើញពីឱកាសនៃវេទិកានេះ ខ្ញុំបានចាប់ផ្តើមដាក់ពាក្យដោយផ្ទាល់តាមរយៈតំណភ្ជាប់ដែលត្រូវបានចែករំលែកនៅក្នុងក្រុម។ នៅក្នុងពាក្យស្នើរសុំ ខ្ញុំបានសរសេររៀបរាប់ពីចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំទទួលបានតាមរយៈការងាររបស់ខ្ញុំនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីសុី) ក៏ដូចជាសមិទ្ធិផលដែលខ្ញុំសម្រេចបានកន្លងមក។
បន្ទាប់ពីជាប់ឈ្មោះនៅក្នុងវគ្គជ្រើសរើសដំណាក់កាលដំបូង ខ្ញុំ រួមទាំងបេក្ខជនដែលត្រូវបានជ្រើសរើសផ្សេងទៀត បានឆ្លងកាត់ការសម្ភាសន៍ ដោយអ្នករៀបចំវេទិកា NetMission។ បេក្ខជនគ្រប់រូបរំភើប និងចង់ឆ្លើយតបរាល់សំណួរអំពីអភិបាលកិច្ចអ៊ីនធឺណិតនៅក្នុងការសម្ភាសន៍នោះ។ នៅចុងបញ្ចប់នៃការសម្ភាសន៍ អ្នករៀបចំបានជូនដំណឹងដល់បេក្ខជនទាំងអស់ថា អ្នកដែលមិនទទួលបានការឧបត្ថម្ភពេញលេញ នឹងត្រូវរ៉ាប់រងលើការចំណាយផ្ទាល់ខ្លួន។ ដោយមានជំនួយបន្ថែមពី អូឌីសុី ខ្ញុំមានទំនុកចិត្តក្នុងការរ៉ាប់រងរាល់ការចំណាយរបស់ខ្ញុំ។ មួយសប្តាហ៍ក្រោយមក ខ្ញុំបានទទួលអ៊ីមែលដែលបញ្ជាក់ថា ខ្ញុំត្រូវបានជ្រើសរើសជាអ្នកចូលរួមពេញសិទ្ធនិងទទួលបានការស្នាក់នៅដោយឥតគិតថ្លៃក្នុងទីក្រុង ប្រ៊ីសបែន រយៈពេលប្រាំយប់ក្នុងអំឡុងពេលវេទិកានេះ។
ឆ្នាំនេះ វេទិកា yIGF នឹងប្រព្រឹត្តទៅជាជាលក្ខណះកិច្ចប្រជុំកូនកាត់រយៈពេលបីថ្ងៃនៅទីក្រុង ប្រ៊ីសបែន ប្រទេសអូស្ត្រាលី ដោយរួមជាមួយនឹងកម្មវីធី APrIGF ឆ្នាំ ២០២៣ ផងដែរ។ វេទិកា APrIGF និង yIGF នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣។ វេទិកានេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ ដែលពិភាក្សាទៅលើអភិបាលកិច្ចអ៊ីនធឺណិត។ វេទិកានេះមានគោលការណ៍ដោយធ្វើយ៉ាងណាអោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ហើយជាវេទិកាសម្រាប់ការពិភាក្សា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាការប្រមូលផ្តុំនូវកិច្ចពិភាក្សាវេទិកាអភិបាលកិច្ចអ៊ិនធឺណិតថ្នាក់ជាតិតាមដែលអាចធ្វើបាន ដើម្បីឈានទៅដល់ការអភិវឌ្ឍន៍អភិបាលកិច្ចតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដោយចូលរួមក្នុងព្រឹត្តិការណ៍នេះ ខ្ញុំបានយល់ព្រមចូលរួមវេទិកា yIGF ទាំងមូល ក៏ដូចជាវគ្គផ្សេងៗរបស់វេទិកា APrIGF និងយល់ព្រមបំពេញរាល់កិច្ចការចាំបាច់ និងបទបង្ហាញទាំងអស់របស់វេទិកា។ ជាចុងក្រោយ ខ្ញុំរំពឹងថានឹងអាចរួមចំណែកជាធាតុចូល ដល់សេចក្តីថ្លែងការណ៍យុវជនវេទិកា yIGF និងឯកសារសំយោគរបស់វេទិកា APrIGF ។
តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរដែលបានរៀបរាប់ខាងលើ ខ្ញុំសង្ឃឹមថានឹងបង្កើតភាពជាដៃគូសហការជាមួយអ្នកចូលរួម និងវាគ្មិនផ្សេងទៀតដែលមកពីជុំវិញពិភពលោក។ លើសពីនេះទៀត ខ្ញុំសង្ឃឹមថានិងអាចសិក្សាអំពីអនាគតរបស់អ៊ីនធឺណិត ផលប៉ះពាល់នៃអ៊ីនធឺណិតលើយុវជន និងសុខសុវត្ថភាពឌីជីថល។ ខ្ញុំក៏មានបំណងទទួលបានចំណេះដឹងដែលទាក់ទងនឹងអាជីពការងារខាងផ្នែកឌីជីថលពីព្រឹត្តិការណ៍នេះផងដែរ។
បន្ទាប់ពីទទួលបានរបៀបវារៈសម្រាប់វេទិកានេះ ខ្ញុំក៏ចាប់ផ្តើមនឹករលឹកទៅដល់ព្រឹត្តិការណ៍មួយដែលខ្ញុំធ្លាប់រៀបចំដែលមានឈ្មោះថា Cambodia ICT Camp ២០២២ព្រោះវេទិកាទាំងពីរ សុទ្ធសឹងតែមានវគ្គជាច្រើនដែលផ្តោតលើបច្ចេកវិទ្យាថ្មី វេទិកាឌីជីថល វិទ្យាសាស្ត្រទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងប្រធានបទផ្សេងទៀត។ ខ្ញុំសង្ឃឹមថានឹងប្រើប្រាស់បទពិសោធន៍ពីមុនរបស់ខ្ញុំដើម្បីរៀនឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីសាស្រ្តាចារ្យ អ្នកឯកទេស និងវាគ្មិនដែលមកពីតាមប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅក្នុងវេទិកា yIGF និង APrIGF ។ ខ្ញុំពិតជារំភើប ជាមួយនិងដំណើរហោះហើរនេះនិង ការធ្វើជាតំណាងឱ្យអង្គការរបស់ខ្ញុំនៅក្នុងវេទិកាដែលនៅទីក្រុង ប្រ៊ីសបែន ប្រទេសអូស្ត្រាលីនេះ។