នៅខែកក្កដា ឆ្នាំ ២០២៤ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) បានស្វាគមន៍គណៈកម្មាធិការរៀបចំថ្មីចំនួនប្រាំរូប ដែលសមាជិកនីមួយៗត្រូវបានចាត់តាំងឱ្យចូលក្នុងចំណោមក្រុមសំខាន់ៗចំនួនបួនគឺ គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស គណៈកម្មាធិការរៀបចំកម្មវិធី គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ និងគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។
ជាមួយនឹងគោលដៅនិងបេសកកម្មច្បាស់លាស់ គណៈកម្មាធិការថ្មីថ្មោងទាំងប្រាំរូបនឹងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត និងដោះស្រាយបញ្ហាសំខាន់ៗជុំវិញអ៊ីនធឺណិតតាមរយៈការចូលរួមសកម្មភាពការងារក្នុង YIGF Cambodia។
គណៈកម្មការរៀបចំថ្មីនឹងចូលរួមជាផ្នែកមួយដ៏សំខាន់សម្រាប់ YIGF Cambodia ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ក្នុងអត្ថបទនេះ ពួកគេនឹងចែករំលែកដំណើរនៃការចូលរួមក្នុងសហគមន៍ YIGF Cambodia ពិភាក្សាអំពីបញ្ហាអ៊ីនធឺណិតដែលពួកគេចាប់អារម្មណ៍ និងស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីបេសកកម្ម គោលដៅ និងសារសំខាន់ៗដែលពួកគេចង់ផ្សព្វផ្សាយទៅដល់សាធារណជន ជាពិសេសក្រុមយុវជន។
គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ
ចាន់ ទី អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ ផ្នែកពាណិជ្ជកម្មឌីជីថល ពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ហើយបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្មសូហ្វវែរនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
ទី បានស្គាល់ពីវេទិកា YIGF Cambodia ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ២០២៣ តាមរយៈសាលារបស់លោក ដែលភ្លាមៗនោះ លោកក៏មានចំណាប់អារម្មណ៍ ដោយសារកម្មវិធីនេះផ្តោតលើបច្ចេកវិទ្យា និងការគាំទ្រលើប្រធានបទអ៊ីនធឺណិត។ ជាមួយនឹងបទពិសោធន៍ខាងផ្នែកសរសេរកូដ និងការរចនារូបភាព យុវជនរូបនេះបានសម្រេចចិត្តដាក់ពាក្យធ្វើជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រសម្រាប់វេទិកា YIGF Cambodia។ បេសកកម្មរបស់លោកគឺបង្កើតបរិយាកាសមួយដែលយុវជនអាចរៀន ផ្លាស់ប្តូរគំនិត និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ន។
លោកពោលថា «គោលដៅរបស់ខ្ញុំរួមមានការលើកកម្ពស់អក្ខរកម្មឌីជីថលតាមរយៈកម្មវិធីអប់រំ និងសិក្ខាសាលា និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជនជាមួយ YIGF Cambodia។ នេះហើយជាមូលហេតុដែល YIGF Cambodia ក្នុងឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលខ្ញុំត្រូវតែចូលរួមធ្វើឱ្យវាក្លាយជាវេទិកាដ៏ជោគជ័យមួយ ដោយចូលរួមជាគណៈកម្មាធិការរៀបចំមួយរូបដែរ»។
សារសំខាន់ចុងក្រោយពីគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មីនេះគឺ៖ «អ៊ីនធឺណិតគឺជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាទាមទារការប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្ម។ បន្តការស្វែងយល់បន្ថែម តស៊ូមតិសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ និងបើកចំហ ហើយផ្តល់អាទិភាពលើសុវត្ថិភាព និងឯកជនភាពលើអ៊ីនធឺណិត។ សំឡេងរបស់អ្នកមានសារៈសំខាន់ណាស់។ យើងត្រូវធ្វើការជាមួយគ្នា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយភាពវិជ្ជមាន និងបរិយាបន្ន»។
សមាជិកម្នាក់ទៀតនៃគណៈកម្មាការអភិវឌ្ឍន៍គេហទំព័រគឺ ហួរ លីវហួង ដែលជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិទ្យាសាស្ត្រទិន្នន័យ ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
កញ្ញាតែងតែចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត ជាពិសេសទាក់ទងនងឥទ្ធិពលរបស់វាទៅលើលំហអនឡាញ ឯកជនភាព សុវត្ថិភាព និងការចូលប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ចម្ងល់ទាំងនេះបានជំរុញទឹកចិត្តកញ្ញាឱ្យដាក់ពាក្យចូលធ្វើជា គណៈកម្មាធិការរៀបចំ YIGF Cambodia។
លីវហួង បានរំលឹកថា៖ «នៅពេលដែលខ្ញុំបានឃើញការងារដ៏ល្អ ដែលគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រនៃវេទិកា YIGF Cambodia កំពុងធ្វើ ជាពិសេសការងារក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជន ខ្ញុំបានសម្រេចចិត្តថាខ្ញុំចង់ចូលរួមជាផ្នែកមួយនៃការរៀបចំនេះ។ គេហទំព័ររបស់ពួកគេគឺជាឧបករណ៍ដ៏មានឥទ្ធិពល ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាព និងជាកន្លែងផ្តល់ព័ត៌មានសម្រាប់មនុស្សគ្រប់គ្នា» ។
កញ្ញាបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកនៃគេហទំព័រថ្មី នៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឹណិតថា «វាជាកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ សម្រាប់វេទិកាអ៊ី YIGF Cambodia។ ខ្ងុំចង់ចែករំលែកគំនិតជាច្រើន ដើម្បីយកជំនាញបច្ចេកទេស ជាមួយនឹងចំណេះដឹងផ្នែកអភិបាលកិច្ចអ៊ីនធឺណិតរបស់ខ្ញុំបញ្ចូលគ្នា ដើម្បីបង្កើតគេហទំព័រដែលផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថល»។
ជាមួយនឹងបទពិសោធន៍ក្នុងវិទ្យាសាស្ត្រទិន្នន័យ កញ្ញានឹងប្រើប្រាស់ជំនាញរបស់នាងដើម្បីធ្វើឱ្យគេហទំព័រ YIGF Cambodia ក្លាយជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍លើប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈការបង្កើតរូបភាពទិន្នន័យ ដើម្បីធ្វើឱ្យប្រធានបទស្មុគស្មាញកាន់តែងាយស្រួលយល់សម្រាប់មនុស្សទូទៅ។
នាងបានបន្ថែមថា៖
«ខ្ញុំចង់ប្រើទិន្នន័យដើម្បីប្រាប់រឿងរ៉ាវគួរឱ្យទាក់ទាញដែលធ្វើឱ្យប្រធានបទស្មុគស្មាញនេះអាចប្រែជាប្រធានបទដែលងាយយល់បានដូចជា កម្រងសំណួរខ្លីៗដែលអាចសាកល្បងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់មនុស្សទូទៅ ឬព័ត៌មានបែបរូបភាពក្រាហ្វិក ដែលបង្ហាញពីអត្ថប្រយោជន៍នៃអាកប្បកិរិយាអនឡាញដែលមានទំនួលខុសត្រូវ»។
ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត គឺជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយកញ្ញាមើលឃើញថាគេហទំព័រវេទិកា YIGF Cambodia ជាអាវុធប្រឆាំងនឹងបញ្ហាទាំងនោះ។
«កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ដោយប្រយោលលើប្រព័ន្ធអ៊ីនធឺណិត! គេហទំព័រ YIGF Cambodia គឺជាទីចាប់ផ្តើមរបស់អ្នក ដើម្បីក្លាយជាពលរដ្ឋសកម្ម។ ស្វែងយល់អំពីសិទ្ធិរបស់អ្នក ស្វែងយល់ពីច្បាប់នៃអ៊ីនធឺណិត និងចូលរួមការពិភាក្សាអំពីការកសាងអ៊ីនធឺណិតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ សូមចាំថា យើងទាំងអស់គ្នាអាចក្លាយជាអ្នកផ្លាស់ប្តូរបានជាមួយនឹងចំណេះដឹង និងទិន្នន័យ!» ពោលដោយគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មី។
គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស
អ៊ូ ជាតិតា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីលើនេះ កញ្ញាជានិស្សិតឆ្នាំទី ២ កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា (UC)។
ជាតិតា គឺជាយុវជនដែលចង់ដឹងចង់ឮអំពីប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដោយសារនាងជឿថាវាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គម ដែលជំរុញឱ្យនាងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ ២០២៤។
កញ្ញាត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំ YIGF Cambodia បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ និងសម្ភាសន៍។ ឥឡូវនេះនាងបានក្លាយជាសមាជិករៀបចំនៃវេទិកា YIGF Cambodia ក្នុងគណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស។
វេទិកា YIGF Cambodia គឺជាសហគមន៍មួយដែល ជាតិតា សង្ឃឹមថានឹងស្វែងយល់ពីបទពិសោធន៍ថ្មីៗបន្ថែមទៀត ខណៈពេលដែលភ្ជាប់នូវអ្វីដែលនាងបានរៀនពីសាលា ដើម្បីយកទៅអនុវត្តក្នុងក្រុមរដ្ឋបាល។
«ពេលបានជ្រើសរើសឲ្យក្លាយជាគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ២០២៤ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ការដែលជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំ និងក្រុមយុវជនរបស់ខ្ញុំ ដើម្បីឲ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីអភិបាលកិច្ចអ៊ីនធឺណិត និងការប្រើអ៊ីនធឺណិត»។
ក្នុងនាមជាគណៈកម្មាធិការថ្មីនៃវេទិកា YIGF Cambodia កញ្ញាបានបង្ហាញពីគំនិតវិជ្ជមានលើអ៊ីនធឺណិតសម្រាប់សង្គមកម្ពុជា ជាមួយនឹងបេសកកម្មដើម្បីធ្វើឱ្យអ៊ីនធឺណិតអាចប្រើប្រាស់បានដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង។
«កង្វះអ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានមិនមែនជាបញ្ហាប្រឈមសម្រាប់សហគមន៍របស់យើងទៀតទេ។ លើសពីនេះយើងមានសេចក្តីសោមនស្សរីករាយដែលដឹងថាសហគមន៍របស់យើងមានភាពប្រសើរឡើងជាមួយនឹងអភិបាលកិច្ចអ៊ីនធឺណិត ហើយក្នុងនាមយើងជាយុវជនបានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយគ្នានឹងនីតិវិធីនៃគោលនយោបាយពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់ស្ថិរភាពនៃសន្តិសុខសង្គម និងការអភិវឌ្ឍន៍សង្គម»។
យ៉ាងណាមិញ ដោយមើលឃើញពីកង្វះចំណេះដឹងទាក់ទងនឹងអ៊ីនធឺណិត ជាពិសេសអ្នកនៅជនបទក្នុងប្រទេសកម្ពុជា ជាតិតា ចង់ចូលរួមជាមួយ YIGF Cambodia ក្នុងគោលបំណងដោះស្រាយបញ្ហា «គម្លាតនៃការប្រើប្រាស់អ៊ីនធឺណិត និងចំណេះដឹងអ៊ីនធឺណិត» នៅកម្ពុជា។
«ក្នុងនាមជាយុវជននិងអ្នកបង្កើតការផ្លាស់ប្តូរ យើងគួរតែមានការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរលើបញ្ហាអ៊ីនធឺណិត។ ដើម្បីលើកឡើងពីដំណោះស្រាយសំខាន់ៗចំពោះបញ្ហាប្រឈម យើងត្រូវចូលរួមជាមួយគ្នាក្នុងសកម្មភាព និងយុទ្ធនាការផ្សេងៗជាដើម។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយចលនារដ្ឋាភិបាលអាចឱ្យយើងអភិវឌ្ឍលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាជាមុន» សារគន្លឹះចុងក្រោយរបស់កញ្ញា។
គណៈកម្មាធិការរៀបចំកម្មវិធី
ហុក លីហ៊ុយ អាយុ ២៧ ឆ្នាំ បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយត្រូវបានជ្រើសរើសជាគណៈកម្មាធិការរៀបចំកម្មវិធីថ្មីរបស់វេទិកា YIGF Cambodia។
លីហ៊ុយ បានដាក់ពាក្យសម្រាប់គណៈកម្មាធិការរៀបចំវេទិកា YIGF ដោយសារតែកញ្ញាមើលឃើញពីឱកាសនិងសក្តានុពលដែលអាចពង្រីកទស្សនៈរបស់កញ្ញាលើសពីទំនួលខុសត្រូវវិជ្ជាជីវៈបច្ចុប្បន្នរបស់កញ្ញា និងជាការបំផុសគំនិតសម្រាប់កញ្ញាឱ្យចូលរួមក្នុង «ការគ្រប់គ្រងអ៊ីនធឺណិត» ។
កញ្ញាបាននិយាយថា៖
«ការក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំនឹងមិនត្រឹមតែជួយសម្រួលដល់ការរៀនសូត្របន្ត និងការអភិវឌ្ឍន៍ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចឱ្យខ្ញុំក្នុងការរួមចំណែកយ៉ាងសកម្មដល់សហគមន៍ ដែលចង់បង្កើតអភិបាលកិច្ចអ៊ីនធឺណិតនាពេលអនាគតឲ្យចេញរូបរាងឡើង»។
ជាសមាជិកថ្មីនៃគណៈកម្មាធិការរៀបចំថ្មី លីហ៊ុយសង្ឃឹមថានឹងបានអនុវត្តជំនាញរបស់នាងក្នុងការរៀបចំកម្មវិធី និងចំណេះដឹងដែលនាងមាន ដើម្បីរួមចំណែកដល់សហគមន៍អ្នកប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។
នាងបានបង្ហាញពីអារម្មណ៍របស់នាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសថា៖« វានាំមកវិញនូវការចងចាំដែលខ្ញុំធ្លាប់រំភើបជាខ្លាំងកាលពីពេលដែលខ្ញុំនៅជាសិស្សស្ម័គ្រចិត្ត»។
លីហ៊ុយ ស្រមៃថាខ្លួននាងជាពលរដ្ឋឌីជីថល ដែលចូលចិត្តទទួលយកឱកាសទាំងការចូលរួម ឬរចនាការពិភាក្សាណាមួយទាក់ទងនឹងអ៊ីនធឺណិតជាមួយវេទិកា YIGF Cambodia។
បេសកកម្មរបស់នាងគឺដើម្បីដោះស្រាយបញ្ហាអក្ខរកម្មឌីជីថល ដែលពាក់ព័ន្ធនឹងការផ្តល់ជូនបុគ្គលម្នាក់ៗនូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងរុករកវេទិកាអនឡាញ ស្វែងយល់អំពីឯកជនភាព និងសុវត្ថិភាពឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងជំនាញ។
«មើលឃើញអ៊ីនធឺណិតដោយផ្នត់គំនិត ទាំងឱកាស និងការទទួលខុសត្រូវ។ អ៊ីនធឺណិតផ្តល់នូវសក្តានុពលដ៏អស្ចារ្យសម្រាប់ការរៀន ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាក៏ទាមទារឱ្យយើងមានការប្រុងប្រយ័ត្នចំពោះភាពឯកជន សុវត្ថិភាព និងភាពត្រឹមត្រូវនៃព័ត៌មានផងដែរ។ ចាប់យកអក្ខរកម្មឌីជីថល ពិចារណាមាតិកាដែលអ្នកប្រើប្រាស់ និងចែករំលែក ហើយតែងតែគិតគូរពីផលប៉ះពាល់សីលធម៌នៃសកម្មភាពអនឡាញរបស់អ្នក។ បើអនុវត្តបែបនេះ យើងអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព មានបរិយាបន្ន និងផ្តល់សិទ្ធដល់មនុស្សគ្រប់រូប» គឺជាសារសំខាន់ចុងក្រោយរបស់លីហ៊ុយ។