វេទិកាអភិបាលកិច្ចអ៊ីនធឺណិត(IGF) បានប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ទីក្រុងក្យូតូ ប្រទេសជប៉ុន។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ របស់ IGF ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន។ IGF បានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៦ ដើម្បីនាំមនុស្សមកជួបជុំគ្នាពីក្រុមអ្នកពាក់ព័ន្ធនានាក្នុងការពិភាក្សាអំពីគោលនយោបាយសាធារណៈឌីជីថល។
ការចូលរួមក្នុង IGF ២០២៣ គឺជាសុបិនក្លាយជាការពិតមួយសម្រាប់ខ្ញុំ។ នៅក្នុងប្លក់នេះខ្ញុំនឹងបង្ហាញពីពេលវេលាដ៏គួរឱ្យចងចាំដែលខ្ញុំបានជួបប្រទះក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្វីដែលខ្ញុំបានរៀនពីព្រឹត្តិការណ៍ និងចែករំលែកការពិភាក្សាសំខាន់ៗ។
ក្នុងអំឡុងពេលទាំងប្រាំនៃវេទិកានេះ ប្រធានបទរងចំនួន ៨ ត្រូវបានគេយកទៅពិភាក្សារួមមាន (១) បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន (២) ការជៀសវាងការបែកបាក់នៃអ៊ីនធឺណិត (៣) សុវត្ថិភាពអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពលើអ៊ីនធឺណិត (៤) អភិបាលកិច្ចទិន្នន័យ និងការជឿទុកចិត្ត (៥) ការបែងចែក និងបរិយាប័នឌីជីថល (៦) អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការឌីជីថលសកល (៧) សិទ្ធិមនុស្ស និងសេរីភាព និង (៨) និរន្តរភាព និងបរិស្ថាន។ វគ្គទាំងអស់ត្រូវបានរៀបចំឡើង សម្រាប់ទម្រង់ផ្សេងៗ រួមមានទាំងការពិភាក្សារហ័ស សិក្ខាសាលា និងកិច្ចប្រជុំកម្រិតខ្ពស់។
បន្ថែមពីលើវគ្គផ្តល់ព័ត៌មានទាំងអស់ តំបន់ស្តង់ បានផ្តល់ឱកាសចម្រុះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការ និងក្រុមយុវជនសង្គមស៊ីវិលដែលបានផ្សព្វផ្សាយពី សេវាកម្ម និងកម្មវិធីរបស់ពួកគេ។ លើសពីនេះ ខ្ញុំក៏បានរៀនសូត្រនូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសជប៉ុន ដោយស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុនហៅថា គីម៉ូណូ ចូលរួមក្នុងពិធីតែរបស់ជប៉ុន និងចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាច ដែលមានការសម្តែងនូវប្រពៃណីជប៉ុន ការបាញ់កាំជ្រួច និងម្ហូបជប៉ុន។
ក្នុងអំឡុង IGF ២០២៣ ខ្ញុំក៏បានចូលរួមជាអ្នកសម្របសម្រួលនៃវគ្គពិភាក្សារហ័សលើប្រធានបទនៃ បដិវត្តន៍ការសិក្សាដែលជំរុញដោយ បញ្ញាសិប្បនិមិត្តនាថ្នាក់ឧត្តមសិក្សានៅកម្ពុជា និងចូលរួមវគ្គ ការពន្លឿន ការផ្លាស់ប្តូរថាមពលប្រកបដោយបរិយាប័ន ដែលមានវាគ្មិនមកពីកម្ពុជា។ វាជាវគ្គដ៏គួរឱ្យចាប់អារម្មណ៍មួយ នៅពេលដែលយើងពិភាក្សាអំពី បញ្ញាសិប្បនិមិត្តដែលអាចផ្តល់ផលប៉ះពាល់ដល់ការអប់រំនាថ្នាក់ឧត្តមសិក្សានៅកម្ពុជា ការចូលរួមរបស់យើងគឺមកពីមជ្ឈដ្ឋានផ្សេងៗ រួមមានស្ថាប័នអប់រំ យុវជន អ្នកសារព័ត៌មាន សង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជន។
ខ្ញុំពិតជាមានកិត្តិយស និងរីករាយណាស់ដែលបានចូលរួមក្នុងពិធីបើក IGF ២០២៣ នៅពេលដែលខ្ញុំមានឱកាសបានជួប និងស្តាប់សុន្ទរកថារបស់លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន និងលោក Vint Cerf ដែលជាបិតានៃអ៊ីនធឺណិត។ ក្នុងពិធីនោះ ពួកគេបានលើកឡើងពីសារៈសំខាន់នៃអ៊ីនធឺណិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដោយសារវាជួយជំរុញការអភិវឌ្ឍ។ ខ្ញុំពិតជាចាប់អារម្មណ៍នឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida អំពីការធ្វើបច្ចុប្បន្នភាពដ៏សំខាន់លើដំណើរការ Hiroshima AI ខណៈដែលខ្ញុំជឿថាវានឹងជំរុញប្រព័ន្ធ AI និងបង្កើតក្រមសីលធម៌សម្រាប់ការអភិវឌ្ឍន៍ និងប្រើប្រាស់ AI ផងដែរ។ ការពិភាក្សានេះបង្ហាញពីវិធីសាស្រ្តដ៏ល្អបំផុតក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវរបស់ បញ្ញាសិប្បនិមិត្ត ខណៈពេលដែលជៀសវាងការបែកបាក់។
គន្លឹះសំខាន់ៗពីវគ្គគួរឱ្យចាប់អារម្មណ៍
គណៈកម្មាធិការកម្រិតខ្ពស់ស្តីពីនិន្នាការវិវត្តនៃព័ត៌មានមិនពិត &ព័ត៌មានក្លែងក្លាយ
ក្នុងវគ្គនេះ ខ្ញុំមានឱកាសបានស្តាប់អ្នកជំនាញផ្នែកអក្ខរកម្មព័ត៌មាន។ វគ្គនេះបានពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទ និងគំរូនៃព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានេះ។
តើវិធីសាស្រ្តគោលការណ៍ជាស្រទាប់អាចបញ្ឈប់ការបែកខ្ញែកអ៊ីនធឺណិតបានទេ?
ការពិភាក្សាផ្តោតលើគោលនយោបាយសាធារណៈ ដែលជាគំនិតផ្តួចផ្តើមពី សង្គមស៊ីវិល
រដ្ឋាភិបាល ដើម្បីជម្នះបញ្ហានៃការបែកខ្ញែកអ៊ីនធឺណិត។ ក្រុមអ្នកពិភាក្សាបង្ហាញករណីសិក្សាដែលប្រទេសមួយចំនួនប្រឈមនឹងបញ្ហានេះ។ ការចូលរួមរបស់សង្គមស៊ីវិល និងសហគមន៍អ៊ីនធឺណិត ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកជំនាញបង្ហាញពីសារៈសំខាន់នៃអ៊ីនធឺណិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបុគ្គលគ្រប់រូបគួរតែអាចប្រើប្រាស់អ៊ីនធឺណិតបាន។
ការពន្លឿនការផ្លាស់ប្តូរថាមពលប្រកបដោយបរិយាប័ន
វគ្គនេះផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វាជាវគ្គទីពីរនៅក្នុង IGF ២០២៣ ដែលមានវាគ្មិនមកពីប្រទេសកម្ពុជា។ វាគ្មិនក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកលឆ្ពោះទៅរកថាមពលនាពេលអនាគត ដែលគ្មាននរណាម្នាក់គួរទុកចោលនោះទេ។ លើសពីនេះ យុវជនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវថាមពលបៃតង និងនិរន្តរភាពបរិស្ថាននាពេលអនាគត។
គំរោងអនាគត
បន្ទាប់ពីត្រឡប់ពី IGF ២០២៣ ខ្ញុំមានគោលដៅធានាបាននូវនិរន្តន៍ភាព នៃអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា។ វាបានអនុញ្ញាតឱ្យខ្ញុំចូលរួមក្នុងវេទិកា អភិបាលកិច្ចអ៊ីនធឺណិតផ្សេងទៀត ដោយធ្វើជាវាគ្មិនក្នុងការចែករំលែកវគ្គស្តីពី My Digital Risk Workshop ដែលខ្ញុំបាននិយាយអំពីវិធីបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាព។ ខ្ញុំត្រូវបានបំផុសគំនិតដោយសកម្មភាព IGF និងគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនដទៃទៀត ដើម្បីបង្កើតសហគមន៍អភិបាលកិច្ចអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរគំនិតស្តីពីនិន្នាការឌីជីថលសកល សុវត្ថិភាពតាមអ៊ីនធឺណិត របៀបជៀសវាងការបែកបាក់អ៊ីនធឺណិត និងបញ្ហាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិត ផ្សេងៗទៀត។
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឱកាសសម្រាប់ខ្ញុំក្នុងការចូលរួម IGF លើកទី ១៨ នៅប្រទេសជប៉ុន។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងបានធ្វើការជាមួយក្រុមការងារ អូឌីស៊ី លើគម្រោងអភិបាលកិច្ចអ៊ីនធឺណិតនាពេលអនាគត ដើម្បីរក្សាបាននូវនិរន្តរតភាពនៃ IGF និងការផ្សព្វផ្សាយចំណេះដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិតដល់យុវជនកម្ពុជានាពេលអនាគត។