វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ គឺជាកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ដែលអនុញ្ញាតឱ្យខ្ញុំទទួលបានការយល់ដឹងបន្ថែមអំពី ‘អភិបាលកិច្ចអ៊ីនធឺណិត’ ការពង្រឹងជំនាញទន់របស់ខ្ញុំ និងឱកាសដ៏មានតម្លៃ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានគំនិតដូចគ្នា និងការទៅទស្សនាប្រទេសក្នុងក្តីស្រមៃរបស់ខ្ញុំ។
ខ្ញុំឈ្មោះ មាស មល្លិកា អាយុ ២២ ឆ្នាំ ជានិស្សិតកំពុងសិក្សាជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍នៅសកលវិទ្យាល័យជាតិគ្រប់គ្រងអន្តរជាតិ (NUM IC) និងអ្នករាយការណ៍វ័យក្មេងនៅគីរីប៉ុស្តិ៍ (Kiripost) ហើយក៏ជាសមាជិកគណៈកម្មាធិការ yIGF របស់កម្ពុជាផងដែរ។
របៀបដែលខ្ញុំចូលរួមក្នុងកម្មវិធីអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា yIGF
នៅថ្ងៃទី២៩ ខែឧសភា ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមជាគណៈកម្មាធិការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិត យុវជនកម្ពុជា (yIGF) ឆ្នាំ ២០២៣។ វាជាពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើល និងរំភើបមួយដែលបានក្លាយជាផ្នែកមួយនៃគណៈកម្មាធិការ yIGF កម្ពុជា ដើម្បីរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដំបូងបង្អស់នៅកម្ពុជាដែលកម្មវិធីនេះធ្លាប់បានត្រូវប្រារព្ធនៅជុំវិញពិភពលោក ជារៀងរាល់ឆ្នាំ ។
បន្ទាប់មក ខ្ញុំបានជួបគណៈកម្មាធិការរៀបចំទាំងមូលក្នុងអំឡុងពេលនៃកិច្ចប្រជុំចាប់ផ្តើមនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ។ ចំណេះដឹងផ្នែកឌីជីថល និងអ៊ីនធឺណិត កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា ហើយយុវជនចាំបាច់ត្រូវមានការយល់ដឹងកាន់តែច្រើនអំពីចំណេះដឹង ឌីជីថល និងគោលនយោបាយទាក់ទងនឹងអ៊ីនធឺណិត សម្រាប់ការអភិវឌ្ឍខ្លួនឯង និងសង្គម។
ខ្ញុំរីករាយណាស់ដែលបានស្គាល់ក្រុមយុវជននៅទីនោះ។ យើងមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ សម្រាប់ការរៀបចំyIGF ត្រូវបានចែងចែកជាក្រុមគណៈកម្មាធិការសំខាន់ៗចំនួនបី។រួមមានគណៈកម្មាធិការកម្មវិធី គណៈកម្មាធិការទំនាក់ទំនង និងគណៈកម្មាធិការរដ្ឋបាល។ ខ្ញុំរីករាយ និងសាទរក្នុងការក្លាយជាផ្នែកមួយនៃគណៈកម្មាធិការទំនាក់ទំនង yIGF ខ្ញុំបានធ្វើការជាមួយសមាជិកក្រុមដែលមានគំនិតដូចគ្នា។
តួនាទីរបស់ខ្ញុំគឺសរសេរអត្ថបទប្លក់អំពីប្រធានបទទាក់ទងនឹងអ៊ីនធឺណិតដោយផ្តោតលើទិដ្ឋភាពប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៏ទាំងនេះខ្ញុំបានស្វែងយល់ពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីការប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា។
បទពិសោធន៍ជជែកពិភាក្សាដំបូងរបស់ខ្ញុំ
ខ្ញុំបានឆ្លងកាត់ការប្រកួតនិយាយជាសាធារណៈជាច្រើនតាំងពីខ្ញុំរៀននៅវិទ្យាល័យ។ កាន់តែភ័យខ្លាច ខ្ញុំកាន់តែហ៊ានតតាំងខ្លួនឯងឱ្យធ្វើរឿងនោះ។ ខ្ញុំជាមនុស្សដែលគិតទុកជាមុន ហើយភាគច្រើនខ្ញុំតែងមានការភ័យខ្លាចចំពោះការបញ្ចេញមតិ ជាពិសេសអំពីគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំនៅចំពោះមុខមនុស្សច្រើនកុះករ។ តាមរយៈការចូលរួមជាមួយ yIGF របស់កម្ពុជា ខ្ញុំបានប្ដេជ្ញាខ្លួនឯងឱ្យចូលរួមកិច្ចពិភាក្សាវែកញែកអំពីប្រធានបទ “ការគ្រប់គ្រងអ៊ីនធឺណិត ” ជាមួយក្រុមរបស់ខ្ញុំ។
កាលពីថ្ងៃទី ២៨ ខែកក្កដា គណៈកម្មាធិការវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (Cambodia yIGF) បានផ្តួចផ្តើមការជជែកដេញដោលជាលក្ខណៈមិត្តភាពលើកដំបូងទាក់ទងនឹងប្រធានបទអភិបាលកិច្ចអ៊ីនធឺណិតដើម្បីទាក់ទាញចំណាប់អារម្មណ៍យុវជន ចូលរួមពិភាក្សាឱ្យចូលរួមកិច្ចពិភាក្សាវែកញែក អំពីអ៊ីនធឺណិត ។
កាលពីថ្ងៃទី ១១ ខែសីហា វេទិកាអភិបាលកិច្ចអ៊ីនធឺណិត កម្ពុជាបានបើកកម្មវិធីជជែកដេញដោលជាលក្ខណៈមិត្តភាពលើកទី២ បន្ទាប់ពីកម្មវិធីទីមួយបានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ។ក្នុងនាមជាសមាជិកគណៈកម្មាធិការ yIGF ខ្ញុំពិតជាចង់ចូលរួមក្នុងការជជែកដេញដោលលើកទីពីរ និងចូលរួមការបណ្តុះបណ្តាលអំពីរបៀបជជែកពិភាក្សា និងបញ្ចេញមតិរបស់ខ្ញុំតាមរយៈការស្រាវជ្រាវលើប្រភពផ្សេងៗជាលក្ខណៈក្រុមជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ។
“មតិជាច្រើនយល់ថាក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលគួរតែទទួលខុសត្រូវចំពោះការការពារទិន្នន័យអ្នកប្រើប្រាស់ និងការផ្តល់គោលការណ៍ប្រើប្រាស់ប្រកបដោយតម្លាភាព” ជាប្រធានសម្រាប់ការជជែកពិភាក្សាជាលក្ខណៈមិត្តភាពលើកទីពីរ។
កំឡុងពេលនោះ ខ្ញុំបានរៀនពីរបៀបប្រមូលទិន្នន័យ និងព័ត៌មានបន្ថែមទៀតតាមរយៈការស្វែងរកតាមអ៊ីនធឺណិតសង្ខេបគំនិតសំខាន់ៗ ទទួលបានការយល់ដឹងថ្មីៗបន្ថែមទៀតអំពីអ្នកផ្តល់សេវាអ៊ីនធឺណិតនិងឧទាហរណ៍អំពីគោលនយោបាយទិន្នន័យ និងសេវាកម្មឌីជីថលរបស់ប្រទេសផ្សេងៗ។ ខ្ញុំក៏ចាប់អារម្មណ៍ផងដែរអំពីរបៀបដែលកម្មវិធីមួយចំនួនបានប្រើប្រាស់និងភ្ជាប់ទិន្នន័យរបស់យើងក្នុងគោលបំណងជាច្រើន វាជារឿងដែលថ្មីសម្រាប់ខ្ញុំ។ លើសពីនេះ ការជជែកវែកញែកបានជួយខ្ញុំឱ្យ ពង្រឹងជំនាញទន់របស់ខ្ញុំដូចជា ការធ្វើការងារជាក្រុម ការស្តាប់សកម្ម ការត្រិះរិះពិចារណានិងធ្វើឱ្យខ្ញុំដើរចេញពី comfort zone របស់ខ្ញុំដើម្បីបង្ហាញពីមតិរបស់ខ្ញុំ និងក្រុម អំពីប្រធានបទមួយនេះ។
អនុស្សាវរីយ៍ និងការយល់ដឹងជាមួយកម្មវិធី yIGF កម្ពុជា
នៅថ្ងៃទី ២៣ និង ២៤ ខែ កញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំវេទិកាដំបូងរបស់ yIGF នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ ‘ការពង្រឹងសមត្ថភាពឌីជីថល៖ ធានាលទ្ធភាពទទួលបាន សុវត្ថិភាព និងឱកាសសម្រាប់ទាំងអស់គ្នា’ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
អ្នកចូលរួមប្រហែល ២៥០ នាក់ រួមទាំងវាគ្មិន ៣៦ នាក់មកពីបណ្តាប្រទេសជាច្រើនរួមមាន ប្រទេសជប៉ុន នេប៉ាល់ ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ហុងកុង និងហ្វីលីពីន។ព្រឹត្តិការណ៍នេះបានបង្ហាញប្រធានបទរងចំនួនបី៖ ការណែនាំអំពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សិទ្ធិ និងទំនួលខុសត្រូវឌីជីថលតាមអ៊ីនធឺណិតនិងសុវត្ថិភាពអ៊ីនធឺណិតនិងភាពឯកជនទិន្នន័យ។
ក្នុងរយៈពេលពីរថ្ងៃនេះខ្ញុំ និងគណៈកម្មាធិការរៀបចំ yIGF ទាំងអស់បានរៀបចំយ៉ាងសកម្ម និងបែងចែកភារកិច្ចសម្រាប់សមាជិកនីមួយៗព្រមទាំងអ្នកស្ម័គ្រចិត្ត ដើម្បីធានាថាកម្មវីធីនិងដំណើរការដោយរលូន។
យើងបានជួយគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការចូលរួមរបស់ទស្សនិកជន ការធ្វើបទបង្ហាញរបស់ ការលេងហ្គែមកំសាន្ (ភូមិ yIGF Game) និង ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីអ៊ីនធឺណិត នៅកម្ពុជា និងជំហានបន្ទាប់របស់ yIGF កម្ពុជា។
ការរៀបចំកម្មវិធី ពីរថ្ងៃពេញ វាពិតជាមានការហត់នឿយ ប៉ុន្តែយើងបានសហការគ្នា និងចែករំលែកគំនិតរបស់យើងក្នុងអំឡុងពេលធ្វើការជាក្រុម និងទទួលបានចំណេះដឹងបន្ថែម។ យើងបានសិក្សាជាពិសេសអំពីបញ្ញាសិប្បនិមិត្តសន្តិសុខតាមអ៊ីនធឺណិតការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់មតិស្ថាបនាសម្រាប់អ៊ីនធឺណិត ដែលមានសុវត្ថិភាពជាងមុនតាមរយៈវេទិកានេះ។
ទន្ទឹមនឹងវេទិកានេះ ខ្ញុំមានឱកាសចូលរួមកម្មវិធីអភិបាលកិច្ចអ៊ីនធឺណិត ដែលនឹងរៀបចំនៅទីក្រុងក្យូតូ ប្រទេសជប៉ុន នៅថ្ងៃទី ៨ ដល់ ១២ ខែតុលា ឆ្នាំ២០២៣ ជាមួយនឹងអ្នកចូលរួមចំនួន ១២នាក់មកពីគណៈកម្មាធិការរៀបចំ yIGF កម្ពុជា ក្រោមប្រធានបទ “អ៊ីនធឺណិត ដែលយើងចង់បាន – ការផ្តល់អំណាចដល់ប្រជាជនទាំងអស់ ”។
កម្មវិធី អភិបាលកិច្ចអ៊ីនធឺណិត IGF ប្រចាំឆ្នាំលើកទី ១៨ នឹងអភិវឌ្ឍជុំវិញប្រធានបទរងដូចខាងក្រោម៖ AI និងការរួមចូលក្នុងបច្ចេកវិទ្យា; ជៀសវាងការបែងចែកអ៊ីនធឺណិត ; សុវត្ថិភាពតាមអ៊ីនធឺណិតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងសុវត្ថិភាពលើអ៊ីនធឺណិត ; ការគ្រប់គ្រងទិន្នន័យ និងភាពជឿទុកចិត្តតាមប្រព័ន្ធអនឡាញ; ការបែងចែកឌីជីថល និងការដាក់បញ្ចូល; អភិបាលកិច្ចឌីជីថលសកល និងកិច្ចសហប្រតិបត្តិការ; សិទ្ធិមនុស្ស និងសេរីភាព; និងនិរន្តរភាព និងបរិស្ថាន។
ទាំងនោះគឺជាប្រធានបទដែលខ្ញុំចង់ដឹងចង់ឃើញ ហើយចង់ស្តាប់ទស្សនៈ និងការយល់ដឹងបន្ថែមពីមនុស្សជុំវិញពិភពលោក។
ប្រធានបទដែលគួរអោយចាប់អារម្មណ៍បំផុតដែលខ្ញុំចង់ចូលរួមសម្រាប់ការពិភាក្សាកាន់តែស៊ីជម្រៅគឺ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងសុវត្ថិភាពលើអ៊ីនធឺណិតការគ្រប់គ្រងទិន្នន័យ និងការជឿទុកចិត្ត អភិបាលកិច្ចឌីជីថលសកល និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្ស និងសេរីភាព និងនិរន្តរភាព និងបរិស្ថានតាមប្រព័ន្ធអនឡាញ។
ខ្ញុំទន្ទឹងរងចាំក្នុងការចូលរួមក្នុងវេទិកាសកលនេះនៅប្រទេសជប៉ុនក្នុងសប្តាហ៍ខាងមុខនេះ ហើយចែករំលែកជាមួយអ្នកអំពីបទពិសោធន៍របស់ខ្ញុំក៏ដូចជាចំណេះដឹងរបស់ខ្ញុំបន្ទាប់ពីបានចូលរួមក្នុងវេទិកានេះ។