yIGF កម្ពុជា Close

សុន្ទរកថាគន្លឹះរបស់លោក ណូប៊ឺត ក្លេនក្នុងកម្មវិធីអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន ឆ្នាំ២០២៣៖

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ! សូមស្វាគមន៍អ្នកទាំងអស់គ្នា!

ខ្ញុំសូមបញ្ជាក់នៅដើមសុន្ទរកថាគន្លឹះរបស់ខ្ញុំ ថាតើពាក្យ “អភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជន” មានន័យយ៉ាងដូចម្តេច និង គោលបំណងដែលនាំឱ្យពួកយើងទាំងអស់គ្នាមកទីនេះជាមួយគ្នា។

សូមជម្រាបជូនផងដែរថា ខ្ញុំមានអាយុជិត ៩០ ឆ្នាំហើយ។ ខ្ញុំបានកើតនៅឆ្នាំ ១៩៣៤ មុនវត្តមានរបស់អ៊ីនធឺណិតទៅទៀត។ ឥឡូវនេះ ខ្ញុំពិតជាមានមោទនភាព ឈរនៅទីនេះនៅចំពោះមុខអ្នកទាំងអស់គ្នា ដែលជាយុវវ័យអាចកម្ម៉ង់ទិញម្ហូបអាហារ ឬ ឧបករណ៍កាត់សក់ ឬ ចិញ្ចៀនអាពាហ៍ពិពាហ៍របស់អ្នក ជាមួយនឹងទូរស័ព្ទដៃនៅពេលណាក៏បាន។ ពិតជាខុសប្លែកពីមុន មែន។

កិច្ចការនេះហាក់ដូចជាសាមញ្ញនាពេលបច្ចុប្បន្ននេះ៖ ខ្ញុំគ្រាន់តែវាយពាក្យ IGF ទៅក្នុងGoogle បន្ទាប់មកយើងមានចម្លើយរួចមកហើយ៖

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា គឺជាវេទិកាពហុភាគីសកលដែលសម្របសម្រួលការពិភាក្សាអំពីបញ្ហាគោលនយោបាយសាធារណៈទាក់ទងនឹងអ៊ីនធឺណិត។

តើអ្វីៗគ្រប់យ៉ាងមានភាពច្បាស់លាស់ហើយឬនៅ? ប្រហែល​មិន​ដូច្នោះ​នោះទេ យើង​គួរ​ពិនិត្យ​មើល​​ពាក្យម្តងមួយ ៗ ។

ហើយការប្រជុំរបស់យើងគឺមានលក្ខណៈពិសេសៈ ដោយចាប់ផ្តើមពីពាក្យ “យុវជន”។ យើងមិនចាំបាច់ កំណត់ពាក្យនេះទេ ព្រោះនៅក្នុងសេចក្តីប្រកាសខាងដើមសម្រាប់កិច្ចប្រជុំនេះ ពាក្យនេះត្រូវបានកំណត់រួចមកហើយដោយ”យុវជន” មានន័យថា “មនុស្សចាប់ពីអាយុ ១៨ ដល់ ៣៥ឆ្នាំ”។

ចុះចំណែកពាក្យបន្ទាប់: “វេទិកាអភិបាលកិច្ចអ៊ីនធឺណិត “? ចូរចាប់ផ្តើមជាមួយ “I” ហើយកំណត់ពាក្យ “GF” នៅពេលក្រោយ។ “I” តំណាងឱ្យអ៊ីនធឺណិត។

សព្វថ្ងៃនេះ យើងទាំងអស់គ្នាមានគំនិតមួយអំពីអ៊ីនធឺណែត ដោយយើងប្រើប្រាស់វាជារៀងរាល់ថ្ងៃ យើងប្រើប្រាស់វានៅលើទូរស័ព្ទដៃរបស់យើង ឬ នៅលើកុំព្យូទ័រដើម្បីទំនាក់ទំនង។

ប៉ុន្តែ​ខ្ញុំ​សូម​រំលឹក​អ្នកទាំងអស់គ្នាថា នេះ​ជា​ស្ថានភាព​ថ្មី​គួរ​សមដែរ។ កាលពី​ខ្ញុំ​មកប្រទេស​កម្ពុជានៅ​ឆ្នាំ​១៩៩០ គឺមិនទាន់មាន​អ៊ីនធឺណិត​នៅ​កម្ពុជានោះទេ​។ មុនពេលដែលខ្ញុំមកប្រទេសកម្ពុជា ខ្ញុំនៅក្នុងចំណោម អ្នកប្រើប្រាស់អ៊ីនធឺណិតដំបូងបង្អស់នៅប្រទេសអាឡឺម៉ង់ដែលជាប្រទេសកំណើតរបស់ខ្ញុំ។ ប៉ុន្តែបន្ទាប់ពីមកដល់ប្រទេសកម្ពុជា ខ្ញុំបានទៅធ្វើការនៅក្រសួងកសិកម្ម ខ្ញុំមានអារម្មណ៍មិនល្អដោយសារតែអសមត្ថភាពក្នុងការទំនាក់ទំនងដូចពីមុន ដូច្នេះហើយខ្ញុំបានចាប់ផ្តើមការ ប្រើប្រាស់អ៊ីនធឺណិតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ១៩៩៤។ ខ្ញុំត្រូវបានលើកទឹកចិត្តឱ្យរៀបរាប់ពីការចាប់ផ្តើមនៃអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា នៅទីនេះ  ហើយខ្ញុំគិតថាសព្វថ្ងៃនេះស្ទើរតែគ្មាននរណាម្នាក់អាចស្រមៃថាតើវាលំបាកប៉ុណ្ណានោះទេ។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប ខ្ញុំ​បាន​ទទួល​កម្មវិធីកំព្យូទ័រ​មួយ​ចំនួន។ ប៉ុន្តែ​នៅ​ភ្នំពេញមិនមាន​ចរន្ត​អគ្គិសនី​នោះទេ។ អគ្គិសនីបាន​ដាច់​ស្ទើរតែរាល់ថ្ងៃ។ ដើម្បីឱ្យមានអគ្គិសនីប្រើប្រាស់សម្រាប់កុំព្យួទ័រយួរដៃរបស់ខ្ញុំ ខ្ញុំបានទិញអាគុយឡានជប៉ុន ២៤ វ៉ុល ហើយខ្ញុំបានសាកវា (ពេលមានអគ្គីសនី) ជាមួយឆ្នាំងសាករបស់ប្រទេសថៃ ហើយមិត្តជនជាតិអាមេរិចរបស់ខ្ញុំម្នាក់បាននាំចូល អាំងវឺរទ័រ (inverter) ដើម្បីប្តូរពី២៤ វ៉ុល (ចរន្តផ្ទាល់) ទៅជាចរន្តឆ្លាស់ ប៉ុន្តែវាមានកម្លាំង ១១០ វ៉ុល ដោយសារវាជា អាំងវឺរទ័រ របស់សហរដ្ឋអាមេរិក ដូច្នេះខ្ញុំក៏ទិញ ម៉ាស៊ីនបំលែងរបស់ប្រទេសវៀតណាម។

នោះជាផ្នែកដែលបរិយាយអំពីគ្រឿងបង្គុំរបស់កំព្យូទ័រ។ ប៉ុន្តែក៏នៅមានផ្នែកកម្មវិធីកំព្យូទ័រផងដែរ។ ហើយបន្ទាប់មកជាការប្រើប្រាស់ជាអក្សរខ្មែរ។

ចំពោះកម្មវិធីកំព្យូទ័រ ដំបូងឡើយ យោធាសហរដ្ឋអាមេរិក បានបង្កើតវិធីសាស្រ្តសម្រាប់ទំនាក់ទំនងតាមកុំព្យូទ័រ។ បន្ទាប់មក មនុស្សនៅសាកលវិទ្យាល័យផ្សេងៗ របស់សហរដ្ឋអាមេរិកក៏ចាប់អារម្មណ៍ផងដែរ ដែលជាការចាប់ផ្តើមនៃអ៊ីនធឺណិត។ ពួកគេបានបង្កើតប្រព័ន្ធអាសយដ្ឋាន ហើយក្រោយមកក៏មានមនុស្សនៅក្នុងប្រទេសផ្សេងទៀតចូលរួមផងដែរ។ លោក Jon Postel សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានបង្កើតប្រព័ន្ធអាសយដ្ឋានដែលគ្រប់គ្នាត្រូវប្រើប្រាស់ដើម្បីអាចទំនាក់ទំនងបាន ដោយប្រើ លេខកូដប្រទេសដែលមានពីរអក្សរ (ឧទាហរណ៍ “kh” សម្រាប់ប្រទេសកម្ពុជា) និងឋានានុក្រមខាងក្រោមដូចជា “com” “edu” “gov” ជាដើម។ ខ្ញុំបាន ទាក់ទងលោកសាស្ត្រាចារ្យ Jon Postel ហើយគាត់បានឱ្យខ្ញុំនូវលេខកូដសម្រាប់ប្រទេសខ្មែរ “kh” និងការណែនាំអំពីរបៀបផ្តល់អាសយដ្ឋានដល់បុគ្គល និងស្ថាប័ននានាក្នុងប្រទេសកម្ពុជា។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានប្រគល់របស់ទាំងនេះទៅឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ប៉ុន្តែប្រជាពលរដ្ឋក៏ចង់ប្រើអក្សរខ្មែរនៅលើកុំព្យូទ័រផងដែរ។ ខ្ញុំបានរកឃើញថា មនុស្ស ៨ នាក់នៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដូចជា ប្រទេសបារាំង អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និងអាល្លឺម៉ង់បានបង្កើតប្រព័ន្ធពុម្ពអក្សរខ្មែរ។ ប៉ុន្តែអ្នកអាចទំនាក់ទំនងបាន លុះត្រាតែអ្នកផ្ញើ និងអ្នកទទួលប្រើប្រព័ន្ធតែមួយ។ ក្រោយ​មក​ខ្ញុំ​បាន​រក​ឃើញ​ថា ​មាន​ប្រព័ន្ធ​ពុម្ព​អក្សរ​ខ្មែរ​ចំនួន ២៣ ផ្សេងៗ​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ដែលមានភាព​រញ៉េរញ៉ៃ ​ហើយវាបាន​រារាំងក្នុងការ​ទំនាក់​ទំនងឱ្យបានទូលំទូលាយ។ បន្ទាប់មកមិត្តម្នាក់របស់ខ្ញុំ លោកសាស្រ្តាចារ្យ TAN Tin Wee នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបានស្នើថាយើងគួរតែប្រើយូនីកូដ។ យូនីកូដ គឺជាការរៀបចំជាអន្តរជាតិដើម្បីបង្កើតអក្សរ កុំព្យូទ័រសម្រាប់អក្សរទាំងអស់នៅលើ ពិភពលោក។ ប៉ុន្តែ​អក្សរ​ខ្មែរ​មិន​ទាន់​បានកំណត់​នៅ​ឡើយ​ទេ។ ជាមួយនឹងសាស្ត្រាចារ្យជនជាតិជប៉ុនម្នាក់ និងប្រជាពលរដ្ឋកម្ពុជាពីរនាក់ដែលរស់នៅក្នុងប្រទេសជប៉ុន អក្សរខ្មែរត្រូវបានចាប់ផ្តើម កំណត់ជាយូនីកូដ ប៉ុន្តែអ្នកដែលបានកំណត់ពុម្ពអក្សរខ្មែររបស់គេរួចមកហើយ និងបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា បានប្រឆាំងនឹងការប្រើប្រាស់យូនីកូដ  ដោយសារផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន និងមួយផ្នែកទៀតក៏ជាការគាំទ្រដោយអ្នកដែលមានអំណាចនយោបាយផងដែរ។ ជាសំណាងល្អ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី សុខ អាន ក្រុមការងារស្តីពីពុម្ពអក្សរខ្មែរត្រូវបានបង្កើតឡើង ហើយពុម្ពអក្សរយូនីកូដខ្មែរបានក្លាយជាពុម្ពអក្សរផ្លូវការសម្រាប់សរសេរជាភាសាខ្មែរ។

ដូច្នេះហើយ ទីបំផុត កុំព្យូទ័រត្រូវបានប្រើប្រាស់បានសម្រាប់ទំនាក់ទំនងក្នុង និងពីប្រទេសកម្ពុជាបាន ប៉ុន្តែប្រើប្រាស់បានតាមរយៈអ៊ីមែលតែប៉ុណ្ណោះ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង បន្ទាប់មក World Wide Web ដែលមានក្រាហ្វិក/រូបភាព និងខ្លឹមសារល្អិតល្អន់ បានចាប់ផ្តើមមានវត្តមាន ប៉ុន្មានឆ្នាំក្រោយមក។

ប៉ុន្តែការអភិវឌ្ឍអ៊ីនធឺណិត និងលទ្ធភាពថ្មីៗជាច្រើនបានកើតឡើងនៅទូទាំងពិភពលោក ដោយយកមកនូវការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសង្គមជាច្រើន ដោយសារតែមានព័ត៌មានយ៉ាងច្រើន និងលទ្ធភាពចែករំលែកបាននៅទូទាំងពិភពលោក។

វាហាក់ដូចជាសម័យកាលថ្មីនៃប្រវត្តិសាស្ត្របានចាប់ផ្តើមដោយក្តីសង្ឃឹម ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ។ ដើម្បីស្វែងរកភាពច្បាស់លាស់មួយចំនួននៅក្នុងការអភិវឌ្ឍដ៏វឹកវរទាំងនេះ អង្គការសហប្រជាជាតិបានផ្តួចផ្តើមគំនិតបង្កើតវេទិកាមួយដើម្បីពិភាក្សាអំពីស្ថានភាពនេះ។

ការផ្តួចផ្តើមនេះចេញជា សន្និសិទមិនត្រឹមតែមួយ នោះទេ តែជាសន្និសីទធំៗចំនួនពីររួមមាន “កិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន” ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅឆ្នាំ២០០៣ និងនៅទីក្រុងTunis រដ្ឋធានីនៃប្រទេសទុយនេស៊ីនៅឆ្នាំ២០០៥។

“កិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន” ដែល ហៅកាត់ថា “WSIS” ជាកិច្ចប្រជុំកំពូលដែលបែងចែកជាពីរដំណាក់កាលរបស់អង្គការសហប្រជាជាតិស្តីពីព័ត៌មាន ការទំនាក់ទំនង។ បើនិយាយក្នុងន័យទូលំទូលាយគឺការផ្តោតទៅលើសង្គមព័ត៌មានតែម្តង។ គោលបំណងសំខាន់មួយនៃកិច្ចប្រជុំកំពូលគឺដើម្បីផ្សារភ្ជាប់វិសមភាពឌីជីថលសកល ដែលមានគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ក្នុងការទទួលបាន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើនលទ្ធភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងបរិបទនេះ ដោយការចូលរួមរបស់ខ្ញុំក្នុងការបង្កើតការតភ្ជាប់អ៊ីនធឺណិតដំបូងពីប្រទេសកម្ពុជា  ដែល  ដែលសមាគមនៃអតីតអាណានិគមបារាំង និងប្រទេសនិយាយភាសាបារាំង (FRANCOPHONIE)  បានឧបត្ថម្ភឱ្យខ្ញុំចូលរួមក្នុងកិច្ចប្រជុំទាំងពីរនៅទីក្រុងហ្សឺណែវ និងទីក្រុងTunis ដែលមានអ្នកចូលរួមរាប់ពាន់នាក់។

មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលតែងតែមានគំនិតខុសគ្នាជាច្រើន ជាពិសេសលើការគ្រប់គ្រងអ៊ីនធឺណិត ដោយពេលខ្លះ ការរៀបចំសន្និសិទទាំងនេះ ទទួលបានភាពបរាជ័យក៏អាចថាបានដែរ។ ប៉ុន្តែ ទីបំផុត​មានការយល់ព្រមឱ្យប្រគល់ ការគ្រប់គ្រងអាសយដ្ឋានអ៊ីនធឺណិត ឧទាហរណ៍ ដូចជា ឈ្មោះប្រទេសដូចជា “kh” សម្រាប់ប្រទេសកម្ពុជា – និងរចនាសម្ព័ន្ធរងនៃអាសយដ្ឋានអ៊ីនធឺណិតដូចជា “com”: “edu”-“gov” ឱ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ស្ថាប័ន នៅសហរដ្ឋអាមេរិក ICANN  ” Internet Corporation for Assigned Names and Numbers ” ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជៀសវាងការបែកបាក់ដ៏ធំមួយ។ ដោយមានការសម្របសម្រួល ក៏មានកិច្ចព្រមព្រៀងមួយផងដែរ ដើម្បីបង្កើត “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតអន្តរជាតិ (IGF) ជាមួយនឹងការពិគ្រោះយោបល់សុទ្ធសាធ ដែលមិនមានគោលបំនងក្នុងការគ្រប់គ្រងនោះទេ។

កិច្ចប្រជុំកំពូល ត្រូវបានរំខាន ដោយមានការរិះគន់រដ្ឋាភិបាលទុយនីស៊ីដែលអនុញ្ញាតឱ្យមានការវាយប្រហារលើអ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្សប៉ុន្មានថ្ងៃមុន កម្មវិធី។ រដ្ឋាភិបាលទុយនីស៊ីបានព្យាយាមរារាំងសម័យប្រជុំ ដែលបានគ្រោងទុកមួយ ក្រោមចំណងជើងថា “ការបញ្ចេញមតិក្រោមការគាបសង្កត់”។ ចាប់តាំងពីព្រឹត្តិការណ៍នេះកើតឡើង អ្នករាយការណ៍ជនជាតិបារាំងម្នាក់លោក Robert Ménard ដែលជាប្រធាន “អ្នករាយការណ៍គ្មានព្រំដែន” ត្រូវបានបដិសេធមិនអនុញ្ញាតឱ្យចូលប្រទេសទុយនីស៊ីសម្រាប់កិច្ចប្រជុំកំពូលដំណាក់កាលទីពីរ។ អ្នកកាសែតបារាំងម្នាក់ដែលបម្រើការងារឱ្យកាសែត ” Libération ” ត្រូវបានចាក់ និងវាយដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បន្ទាប់ពីគាត់បានរាយការណ៍អំពីអ្នកតវ៉ាសិទ្ធិមនុស្សក្នុងតំបន់។ នាវិកទូរទស្សន៍បែលហ្ស៊ិកម្នាក់ត្រូវបានបង្ខំឱ្យប្រគល់វីដេអូរបស់ពួកប្រឆាំងទុយនីស៊ី។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​មូលដ្ឋាន​ត្រូវ​បាន​រារាំង​មិន​ឲ្យ​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​អន្តរជាតិ។ ទោះ​ជាយ៉ាងណាក៏ដោយ “កិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន” នៅប្រទេសទុយនីស៊ីបានបញ្ចប់ដោយ វិជ្ជមាន ។

ការបង្កើតវេទិកាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានប្រកាសជាផ្លូវការដោយអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។ កិច្ចប្រជុំលើកដំបូងបានប្រារព្ធឡើងនៅចុងឆ្នាំ២០០៦ ហើយបន្ទាប់មកក៏មានការប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំផងដែរ។

តើយើងអាចពិពណ៌នាអំពីទស្សនទានសំខាន់បំផុតដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងទុយនីសបានយ៉ាងដូចម្តេច? កិច្ចប្រជុំនេះ ជារចនាសម្ព័ន្ធពហុភាគីនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត

វាគឺជាគំរូ “ត្រីភាគី” ដែលជាលទ្ធផលនៃ “កិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន” ។ ប្រយោគនេះមាននៅក្នុងកថាខ័ណ្ឌទី៣៥ នៃលទ្ធផលកិច្ចប្រជុំនៅទីក្រុងទុយនីស៖

“យើងបញ្ជាក់សារជាថ្មីថា ការគ្រប់គ្រងអ៊ីនធឺណិត រួមបញ្ចូលទាំងបញ្ហាបច្ចេកទេស និងគោលនយោបាយសាធារណៈ ហើយគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំង ស្ថាប័នអន្តររដ្ឋាភិបាល និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ។ ក្នុងន័យនេះ កិច្ចការនេះត្រូវបានទទួលស្គាល់ថា៖

“អាជ្ញាធរគោលនយោបាយសម្រាប់បញ្ហាគោលនយោបាយសាធារណៈដែលទាក់ទងនឹងអ៊ីនធឺណិតគឺជាសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ។ ពួកគេមានសិទ្ធិ និងការទទួលខុសត្រូវចំពោះបញ្ហាគោលនយោបាយសាធារណៈទាក់ទងនឹងអ៊ីនធឺណិតអន្តរជាតិ។

“វិស័យឯកជន (សំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាពិសេស) មាន និងគួរតែបន្តតួនាទីសំខាន់ក្នុងការអភិវឌ្ឍអ៊ីនធឺណិត ទាំងផ្នែកបច្ចេកទេស និងសេដ្ឋកិច្ច។

«សង្គមស៊ីវិលក៏បានដើរតួនាទីយ៉ាងសំខាន់លើបញ្ហាអ៊ីនធឺណិត ជាពិសេសនៅកម្រិតសហគមន៍ ហើយគួរតែបន្តអនុវត្តតួនាទីនេះ»។

ឯកសារផ្លូវការនេះទទួលស្គាល់រដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ហើយ ហៅថាជាក្រុម “ភាគីពាក់ព័ន្ធ”។ នៅក្នុងរចនាសម្ព័ន្ធត្រីភាគី នេះ មានការពន្យល់បន្ថែមមួយចំនួនផងដែរថា៖

យើងទទួលស្គាល់ការរួមចំណែកដ៏មានតម្លៃដោយសហគមន៍សិក្សា និងបច្ចេកទេសជាមួយភាគីពាក់ព័ន្ធទាំងនោះដែលបានលើកឡើងនៅក្នុងកថាខណ្ឌទី៣៥ ចំពោះការវិវត្ត ដំណើរការ និងការអភិវឌ្ឍអ៊ីនធឺណិត។

ដូច្នេះ ជាលទ្ធផលនៃកិច្ចប្រជុំនៅប្រទេសទុយនីស វេទិកាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានបង្កើតឡើង។

វាជា “វេទិកា” ប៉ុន្តែតើអ្វីជាវេទិកា?

វេទិកាគឺជាកិច្ចប្រជុំមួយដែលគំនិត និងទស្សនៈលើបញ្ហាជាក់លាក់ណាមួយអាចត្រូវបានជជែកពិភាក្សា ។  “យើងសង្ឃឹមថាទំព័រទាំងនេះដើរតួជាវេទិកាសម្រាប់ការពិភាក្សា” ។ វេទិកាមួយមិន កំណត់លទ្ធផលនិងមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែវាពិពណ៌នាអំពីវិធីឆ្ពោះទៅរកដំណោះស្រាយ ដែលភាគីពាក់ព័ន្ធទាំងបីបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ដើម្បី ឆ្ពោះទៅរកការអភិវឌ្ឍជំហានបន្ទាប់រួមគ្នា។

ដូច្នេះ សូមទទួលយកតួនាទីរបស់អ្នក ក្នុងនាមយុវជនកម្ពុជា ក្នុង វេទិកាអភិបាលកិច្ចអ៊ីនធឺណិត។

អត្ថបទទាក់ទង

«ដំណើរ និងគោលបំណងនៃគណៈកម្មាធិការរៀបចំថ្មីឆ្ពោះទៅកាន់ អភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ២០២៤»

នៅខែកក្កដា ឆ្នាំ ២០២៤ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) បានស្វាគមន៍គណៈកម្មាធិការរៀបចំថ្មីចំនួនប្រាំរូប ​ដែលសមាជិកនីមួយៗត្រូវបានចាត់តាំងឱ្យចូលក្នុងចំណោមក្រុមសំខាន់ៗចំនួនបួនគឺ គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស គណៈកម្មាធិការរៀបចំកម្មវិធី គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ និងគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ ជាមួយនឹងគោលដៅ​និងបេសកកម្មច្បាស់លាស់​ គណៈកម្មាធិការថ្មីថ្មោងទាំងប្រាំរូបនឹងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត និងដោះស្រាយបញ្ហាសំខាន់ៗជុំវិញអ៊ីនធឺណិតតាមរយៈការចូលរួមសកម្មភាពការងារក្នុង YIGF Cambodia។គណៈកម្មការរៀបចំថ្មីនឹងចូលរួមជាផ្នែកមួយដ៏សំខាន់សម្រាប់ YIGF Cambodia ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ក្នុងអត្ថបទនេះ ពួកគេនឹងចែករំលែកដំណើរនៃការចូលរួមក្នុងសហគមន៍ YIGF Cambodia ពិភាក្សាអំពីបញ្ហាអ៊ីនធឺណិតដែលពួកគេចាប់អារម្មណ៍ និងស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីបេសកកម្ម គោលដៅ និងសារសំខាន់ៗដែលពួកគេចង់ផ្សព្វផ្សាយទៅដល់សាធារណជន ជាពិសេសក្រុមយុវជន។គណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរិន រូស្សា អាយុ ២២ឆ្នាំ ជានិស្សិតទើបបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។កាលពីឆ្នាំ២០២៣ រូស្សា ធ្លាប់ចូលរួមក្នុង YIGF Cambodia ជាអ្នកជជែកដេញដោលក្នុងកម្មវិធីកិច្ចពិភាក្សាវែកញែកទាក់ទងនឹងអ៊ីនធឺណិត ដែលរៀបចំដោយគណៈកម្មាធិការរៀបចំ YIGF កម្ពុជា ២០២៣។ លោកក៏ធ្លាប់ចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF Cambodia) កាលពីឆ្នាំមុនផងដែរ។ បទពិសោធន៍ទាំងនេះបានបំផុសគំនិត និងជំរុញឱ្យលោកចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត។ក្នុងនាមជាយុវជនដែលមានចូលចិត្តប្រធានបទអ៊ីនធឺណិត រូស្សា ជឿជាក់ថាវេទិកា YIGF Cambodia គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ទាញការចូលរួមរពីយុវជនលើបញ្ហាអ៊ីនធឺណិត ដូចជា ការប្រើប្រាស់អ៊ីនធឺណិតដោយស្មើភាព និងប្រកដបដោយបរិយាបន្ន។ លោកនឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់នូវគំនិតថ្មីៗដោយប្រើប្រាស់តួនាទីនៃការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។រូស្សាមានក្តីរំភើបជាខ្លាំង និងមានកិត្តិយសដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអភិវឌ្ឍន៍ខ្លួងក្នុងបរិយាកាសការងារថ្មីជាមួយក្រុម។«វាជាឱកាសដ៏អស្ចារ្យមួយ ដើម្បីរៀនសូត្រ រីកចម្រើន និងរួមចំណែកក្នុងសកម្មភាពមួយដ៏មានន័យ។ ខ្ញុំរាងភ័យបន្តិចដែរ ព្រោះខ្ញុំចង់ប្រាកដថាខ្ញុំអាចធ្វើការងារបានទៅតាមអ្វីដែលក្រុមរបស់ខ្ញុំរំពឹងទុក និងផ្តល់លទ្ធផលដែលមានឥទ្ធិពល។ ប៉ុន្តែជារួម ខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្ត និងចង់ចាប់ផ្តើមលើការងារថ្មីនេះ»។ក្នុងនាមជាសមាជិកថ្មីនៃគណកម្មាធិការផ្នែកទំនាក់ទំនង គាត់មានបេសកកម្ម និងគោលដៅ ដើម្បីលើកកម្ពស់សំឡេងរបស់យុវជន និងកសាងសហគមន៍នៃយុវជនដែលមានចិត្តចង់លើកស្ទួយសិទ្ធិឌីជីថលជាមួយគ្នា។គាត់​បាន​បន្ថែម​ថា៖ «បេសកកម្មរបស់ខ្ញុំជាមួយវេទិកា YIGF Cambodia គឺផ្តល់សិទ្ធិអំណាចដល់យុវជន ដើម្បីរៀបចំអនាគតឌីជីថលរបស់យើង។ ខ្ញុំជឿជាក់លើការជជែកដោយបើកចំហរ ការអប់រំនិង ការសហការគ្នា ដើម្បីបង្កើតអ្នកដឹកនាំឌីជីថលជំនាន់ថ្មី។»ក្នុងនាមជាអ្នកមានបទពិសោធន៍ខាងប្រព័ន្ធផ្សព្វផ្សាយ លោកនឹងប្រើជំនាញរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ការបែងចែកផ្នែកឌីជីថល នៅក្នុងប្រទេសកម្ពុជាតាមរយៈតួនាទីរបស់គាត់នៅក្នុងវេទិកា YIGF Cambodia។ លោកបានពោលថា «ខ្ញុំនឹងតស៊ូមតិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតដែលអាចចូលប្រើបាន ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងមាតិកាភាសាក្នុងស្រុក។ ខ្ញុំនឹងសហការជាមួយភាគីពាក់ព័ន្ធចម្រុះ និងពង្រីកសំឡេងភាគតិច ដើម្បីធានាថាគ្រប់គ្នាមានឱកាសអាចទទួលបានអត្ថប្រយោជន៍ដែលអ៊ីនធឺណិតផ្ដល់ឱ្យ»។ «មិនមែនអ្វីគ្រប់យ៉ាងដែលអ្នកឃើញនៅលើអ៊ីនធឺណិតគឺជាការពិតនោះទេ។ អភិវឌ្ឍជំនាញការគិតបែបពិចារណារបស់អ្នក ស្វែងរកប្រភពដើម និងផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែកវា» គឺជាសារសំខាន់មួយពីគណៈកម្មាធិការទំនាក់ទំនងថ្មីនេះ។គណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រចាន់ ទី អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ ផ្នែកពាណិជ្ជកម្មឌីជីថល ពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ហើយបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្មសូហ្វវែរនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ទី បានស្គាល់ពីវេទិកា YIGF Cambodia ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ២០២៣ តាមរយៈសាលារបស់លោក ដែលភ្លាមៗនោះ លោកក៏មានចំណាប់អារម្មណ៍ ដោយសារកម្មវិធីនេះផ្តោតលើបច្ចេកវិទ្យា និងការគាំទ្រលើប្រធានបទអ៊ីនធឺណិត។ ជាមួយនឹងបទពិសោធន៍ខាងផ្នែកសរសេរកូដ និងការរចនារូបភាព យុវជនរូបនេះបានសម្រេចចិត្តដាក់ពាក្យធ្វើជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រសម្រាប់វេទិកា YIGF​ Cambodia។ បេសកកម្មរបស់លោកគឺបង្កើតបរិយាកាសមួយដែលយុវជនអាចរៀន ផ្លាស់ប្តូរគំនិត និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ន។លោកពោលថា «គោលដៅរបស់ខ្ញុំរួមមានការលើកកម្ពស់អក្ខរកម្មឌីជីថលតាមរយៈកម្មវិធីអប់រំ និងសិក្ខាសាលា និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជនជាមួយ YIGF Cambodia។ នេះហើយជាមូលហេតុដែល YIGF Cambodia ក្នុងឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលខ្ញុំត្រូវតែចូលរួមធ្វើឱ្យវាក្លាយជាវេទិកាដ៏ជោគជ័យមួយ ដោយចូលរួមជាគណៈកម្មាធិការរៀបចំមួយរូបដែរ»។សារសំខាន់ចុងក្រោយពីគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មីនេះគឺ៖ «អ៊ីនធឺណិតគឺជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាទាមទារការប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្ម។ បន្តការស្វែងយល់បន្ថែម តស៊ូមតិសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ និងបើកចំហ ហើយផ្តល់អាទិភាពលើសុវត្ថិភាព និងឯកជនភាពលើអ៊ីនធឺណិត។ សំឡេងរបស់អ្នកមានសារៈសំខាន់ណាស់។ យើងត្រូវធ្វើការជាមួយគ្នា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយភាពវិជ្ជមាន និងបរិយាបន្ន»។សមាជិកម្នាក់ទៀតនៃគណៈកម្មាការអភិវឌ្ឍន៍គេហទំព័រគឺ ហួរ លីវហួង ដែលជានិស្សិត​ឆ្នាំទី​៣ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិទ្យាសាស្ត្រទិន្នន័យ ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។កញ្ញាតែងតែចាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត ជាពិសេសទាក់ទងនងឥទ្ធិពលរបស់វាទៅលើលំហអនឡាញ ឯកជនភាព សុវត្ថិភាព និងការចូលប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ចម្ងល់ទាំងនេះបានជំរុញទឹកចិត្តកញ្ញាឱ្យដាក់ពាក្យចូលធ្វើជា គណៈកម្មាធិការរៀបចំ YIGF Cambodia។លីវហួង បានរំលឹកថា៖ «នៅពេលដែលខ្ញុំបានឃើញការងារដ៏ល្អ ដែលគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រនៃវេទិកា YIGF Cambodia កំពុងធ្វើ ជាពិសេសការងារក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជន ខ្ញុំបានសម្រេចចិត្តថាខ្ញុំចង់ចូលរួមជាផ្នែកមួយនៃការរៀបចំនេះ។ គេហទំព័ររបស់ពួកគេគឺជាឧបករណ៍ដ៏មានឥទ្ធិពល ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាព និងជាកន្លែងផ្តល់ព័ត៌មានសម្រាប់មនុស្សគ្រប់គ្នា» ។កញ្ញាបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកនៃគេហទំព័រថ្មី នៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឹណិតថា «វាជាកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រ សម្រាប់វេទិកាអ៊ី YIGF Cambodia។ ខ្ងុំចង់ចែករំលែកគំនិតជាច្រើន ដើម្បីយកជំនាញបច្ចេកទេស ជាមួយនឹងចំណេះដឹងផ្នែកអភិបាលកិច្ចអ៊ីនធឺណិតរបស់ខ្ញុំបញ្ចូលគ្នា ដើម្បីបង្កើតគេហទំព័រដែលផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថល»។ ជាមួយនឹងបទពិសោធន៍ក្នុងវិទ្យាសាស្ត្រទិន្នន័យ កញ្ញានឹងប្រើប្រាស់ជំនាញរបស់នាងដើម្បីធ្វើឱ្យគេហទំព័រ YIGF Cambodia ក្លាយជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍លើប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត តាមរយៈការបង្កើតរូបភាពទិន្នន័យ ដើម្បីធ្វើឱ្យប្រធានបទស្មុគស្មាញកាន់តែងាយស្រួលយល់សម្រាប់មនុស្សទូទៅ។នាងបានបន្ថែមថា៖ «​ខ្ញុំចង់ប្រើទិន្នន័យដើម្បីប្រាប់រឿងរ៉ាវគួរឱ្យទាក់ទាញដែលធ្វើឱ្យប្រធានបទស្មុគស្មាញនេះអាចប្រែជាប្រធានបទដែលងាយយល់បានដូចជា កម្រងសំណួរខ្លីៗដែលអាចសាកល្បងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់មនុស្សទូទៅ ឬព័ត៌មានបែបរូបភាពក្រាហ្វិក ដែលបង្ហាញពីអត្ថប្រយោជន៍នៃអាកប្បកិរិយាអនឡាញដែលមានទំនួលខុសត្រូវ»។ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត គឺជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយកញ្ញាមើលឃើញថាគេហទំព័រវេទិកា YIGF Cambodia ជាអាវុធប្រឆាំងនឹងបញ្ហាទាំងនោះ។«កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ដោយប្រយោលលើប្រព័ន្ធអ៊ីនធឺណិត! គេហទំព័រ YIGF Cambodia គឺជាទីចាប់ផ្តើមរបស់អ្នក ដើម្បីក្លាយជាពលរដ្ឋសកម្ម។ ស្វែងយល់អំពីសិទ្ធិរបស់អ្នក ស្វែងយល់ពីច្បាប់នៃអ៊ីនធឺណិត និងចូលរួមការពិភាក្សាអំពីការកសាងអ៊ីនធឺណិតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ សូមចាំថា យើងទាំងអស់គ្នាអាចក្លាយជាអ្នកផ្លាស់ប្តូរបានជាមួយនឹងចំណេះដឹង និងទិន្នន័យ!» ពោលដោយគណៈកម្មាធិការអភិវឌ្ឍន៍គេហទំព័រថ្មី។គណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្សអ៊ូ ជាតិតា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីលើនេះ កញ្ញាជានិស្សិតឆ្នាំទី ២ កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា (UC)។ជាតិតា គឺជាយុវជនដែលចង់ដឹងចង់ឮអំពីប្រធានបទអភិបាលកិច្ចអ៊ីនធឺណិត ដោយសារនាងជឿថាវាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គម ដែលជំរុញឱ្យនាងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ ២០២៤។កញ្ញាត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំ YIGF Cambodia បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ និងសម្ភាសន៍។ ឥឡូវនេះនាងបានក្លាយជាសមាជិករៀបចំនៃវេទិកា YIGF Cambodia ក្នុងគណៈកម្មាធិការរដ្ឋបាល និងធនធានមនុស្ស។  វេទិកា YIGF Cambodia គឺជាសហគមន៍មួយដែល ជាតិតា សង្ឃឹមថានឹងស្វែងយល់ពីបទពិសោធន៍ថ្មីៗបន្ថែមទៀត ខណៈពេលដែលភ្ជាប់នូវអ្វីដែលនាងបានរៀនពីសាលា ដើម្បីយកទៅអនុវត្តក្នុងក្រុមរដ្ឋបាល។«ពេលបានជ្រើសរើសឲ្យក្លាយជាគណៈកម្មាធិការរៀបចំវេទិកា YIGF Cambodia ឆ្នាំ២០២៤ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ការដែលជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំវេទិកានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំ និងក្រុមយុវជនរបស់ខ្ញុំ ដើម្បីឲ្យពួកយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីអភិបាលកិច្ចអ៊ីនធឺណិត និងការប្រើអ៊ីនធឺណិត»។ក្នុងនាមជាគណៈកម្មាធិការថ្មីនៃវេទិកា YIGF Cambodia កញ្ញាបានបង្ហាញពីគំនិតវិជ្ជមានលើអ៊ីនធឺណិតសម្រាប់សង្គមកម្ពុជា ជាមួយនឹងបេសកកម្មដើម្បីធ្វើឱ្យអ៊ីនធឺណិតអាចប្រើប្រាស់បានដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង។«កង្វះអ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានមិនមែនជាបញ្ហាប្រឈមសម្រាប់សហគមន៍របស់យើងទៀតទេ។ លើសពីនេះយើងមានសេចក្តីសោមនស្សរីករាយដែលដឹងថាសហគមន៍របស់យើងមានភាពប្រសើរឡើងជាមួយនឹងអភិបាលកិច្ចអ៊ីនធឺណិត ហើយក្នុងនាមយើងជាយុវជនបានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយគ្នានឹងនីតិវិធីនៃគោលនយោបាយពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់ស្ថិរភាពនៃសន្តិសុខសង្គម និងការអភិវឌ្ឍន៍សង្គម»។យ៉ាងណាមិញ ដោយមើលឃើញពីកង្វះចំណេះដឹងទាក់ទងនឹងអ៊ីនធឺណិត ជាពិសេសអ្នកនៅជនបទក្នុងប្រទេសកម្ពុជា ជាតិតា ចង់ចូលរួមជាមួយ YIGF Cambodia ក្នុងគោលបំណងដោះស្រាយបញ្ហា «គម្លាតនៃការប្រើប្រាស់អ៊ីនធឺណិត និងចំណេះដឹងអ៊ីនធឺណិត» នៅកម្ពុជា។«ក្នុងនាមជាយុវជននិងអ្នកបង្កើតការផ្លាស់ប្តូរ យើងគួរតែមានការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរលើបញ្ហាអ៊ីនធឺណិត។ ដើម្បីលើកឡើងពីដំណោះស្រាយសំខាន់ៗចំពោះបញ្ហាប្រឈម យើងត្រូវចូលរួមជាមួយគ្នាក្នុងសកម្មភាព និងយុទ្ធនាការផ្សេងៗជាដើម។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយចលនារដ្ឋាភិបាលអាចឱ្យយើងអភិវឌ្ឍលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាជាមុន» សារគន្លឹះចុងក្រោយរបស់កញ្ញា។គណៈកម្មាធិការរៀបចំកម្មវិធីហុក លីហ៊ុយ អាយុ ២៧ ឆ្នាំ បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយត្រូវបានជ្រើសរើសជាគណៈកម្មាធិការរៀបចំកម្មវិធីថ្មីរបស់វេទិកា YIGF Cambodia។លីហ៊ុយ បានដាក់ពាក្យសម្រាប់គណៈកម្មាធិការរៀបចំវេទិកា​ YIGF ដោយសារតែកញ្ញាមើលឃើញពីឱកាសនិងសក្តានុពលដែលអាចពង្រីកទស្សនៈរបស់កញ្ញាលើសពីទំនួលខុសត្រូវវិជ្ជាជីវៈបច្ចុប្បន្នរបស់កញ្ញា និងជាការបំផុសគំនិតសម្រាប់កញ្ញាឱ្យចូលរួមក្នុង «ការគ្រប់គ្រងអ៊ីនធឺណិត» ។កញ្ញាបាននិយាយថា៖ «ការក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំនឹងមិនត្រឹមតែជួយសម្រួលដល់ការរៀនសូត្របន្ត និងការអភិវឌ្ឍន៍ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចឱ្យខ្ញុំក្នុងការរួមចំណែកយ៉ាងសកម្មដល់សហគមន៍ ដែលចង់បង្កើតអភិបាលកិច្ចអ៊ីនធឺណិតនាពេលអនាគតឲ្យចេញរូបរាងឡើង»។ជាសមាជិកថ្មីនៃគណៈកម្មាធិការរៀបចំថ្មី លីហ៊ុយសង្ឃឹមថានឹងបានអនុវត្តជំនាញរបស់នាងក្នុងការរៀបចំកម្មវិធី និងចំណេះដឹងដែលនាងមាន ដើម្បីរួមចំណែកដល់សហគមន៍អ្នកប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។នាងបានបង្ហាញពីអារម្មណ៍របស់នាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសថា៖« វានាំមកវិញនូវការចងចាំដែលខ្ញុំធ្លាប់រំភើបជាខ្លាំងកាលពីពេលដែលខ្ញុំនៅជាសិស្សស្ម័គ្រចិត្ត»។លីហ៊ុយ ស្រមៃថាខ្លួននាងជាពលរដ្ឋឌីជីថល ដែលចូលចិត្តទទួលយកឱកាសទាំងការចូលរួម ឬរចនាការពិភាក្សាណាមួយទាក់ទងនឹងអ៊ីនធឺណិតជាមួយវេទិកា YIGF Cambodia។បេសកកម្មរបស់នាងគឺដើម្បីដោះស្រាយបញ្ហាអក្ខរកម្មឌីជីថល ដែលពាក់ព័ន្ធនឹងការផ្តល់ជូនបុគ្គលម្នាក់ៗនូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងរុករកវេទិកាអនឡាញ ស្វែងយល់អំពីឯកជនភាព និងសុវត្ថិភាពឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងជំនាញ។«មើលឃើញអ៊ីនធឺណិតដោយផ្នត់គំនិត ទាំងឱកាស និងការទទួលខុសត្រូវ។ អ៊ីនធឺណិតផ្តល់នូវសក្តានុពលដ៏អស្ចារ្យសម្រាប់ការរៀន ការតភ្ជាប់ និងការច្នៃប្រឌិត ប៉ុន្តែវាក៏ទាមទារឱ្យយើងមានការប្រុងប្រយ័ត្នចំពោះភាពឯកជន សុវត្ថិភាព និងភាពត្រឹមត្រូវនៃព័ត៌មានផងដែរ។ ចាប់យកអក្ខរកម្មឌីជីថល ពិចារណាមាតិកាដែលអ្នកប្រើប្រាស់ និងចែករំលែក ហើយតែងតែគិតគូរពីផលប៉ះពាល់សីលធម៌នៃសកម្មភាពអនឡាញរបស់អ្នក។ បើអនុវត្តបែបនេះ យើងអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព មានបរិយាបន្ន និងផ្តល់សិទ្ធដល់មនុស្សគ្រប់រូប» គឺជាសារសំខាន់ចុងក្រោយរបស់លីហ៊ុយ។

ទស្សនៈរបស់ខ្ញុំលើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ​ ២០២៣ (IGF 2023)

ប្រសិនបើមានគេសួរខ្ញុំអំពីដំណើរកម្សាន្តនៅទីក្រុងក្យូតូ ខ្ញុំនឹងប្រាប់ពួកគេអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ (IGF 2023)។ វាគឺជាបទពិសោធន៍ថ្មីប្លែកសម្រាប់ខ្ញុំ។ តោះមកស្គាល់ តើវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ជាអ្វី? វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ គឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ ប្រធានបទនៃវេទិកាគឺ អ៊ីនធឺណិតដែលយើងចង់បាន៖ ការផ្តល់អំណាចដល់មនុស្សគ្រប់គ្នា។ ប្រធានបទរងមានដូចជា បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន (AI & Emerging Technologies) ជៀសវាងការបែងចែកអ៊ីនធឺណិតទៅក្រុមមនុស្សណាមួយ (Avoiding Internet Fragmentation) សុវត្ថិភាពតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity, Cybercrime & Online Safety) ការគ្រប់គ្រងទិន្នន័យ និងទំនុកចិត្ត (Data Governance & Trust) ការបែងចែក និងការដាក់បញ្ចូលឌីជីថល (Digital Divides & Inclusion) អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការឌីជីថលសកល (Global Digital Governance & Cooperation) សិទ្ធិមនុស្ស និងសេរីភាព (Human Rights & Freedoms) និង និរន្តរភាព និងបរិស្ថាន (Sustainability & Environment)។ តោះអានបន្តថាតើទស្សនៈរបស់ខ្ញុំនៅលើវេទិកាគឺយ៉ាងណា!ចំណុចសំខាន់នៃកម្មវិធីវេទិការយៈពេលប្រាំថ្ងៃគឺពោរពេញទៅដោយកម្មវិធី និងវគ្គខ្លីផ្សេងៗគ្នា ហើយត្រូវបានរៀបចំជាទម្រង់ប្រព័ន្ធអ៊ីនធឺណិតផង និង ដោយផ្ទាល់ផង ដែលវាគ្មិនមួយចំនួនបានធ្វើបទបង្ហាញពីចម្ងាយតាមប្រព័ន្ទអ៊ីនធឺណិត។ ខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ ដូច្នេះខ្ញុំបានជ្រើសរើសវគ្គមួយចំនួនដែលខ្ញុំគិតថាគួរឱ្យចាប់អារម្មណ៍។ កម្មវិធីរបស់វេទិកានេះគឺជាបទពិសោធន៍ថ្មីមួយដែលខ្ញុំបានឃើញ ដោយសារមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ដឹកនាំ រហូតដល់ក្រុម យុវជន។ វគ្គខ្លីជាង ៣៥៥ ត្រូវបានបង្ហាញនៅក្នុងវេទិកា ហើយមានស្តង់ជាង ៨០ ក្នុងគោលបំណងចែករំលែកបេសកកម្មការងាររបស់ពួកគេទៅកាន់អ្នកចូលរួម។ ពិធីបើកត្រូវបានធ្វើឡើងនៅថ្ងៃទីពីរ ហើយជាការភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញខ្លួននិងបានថ្លែងសុន្ទរកថាតំណាងប្រទេសម្ចាស់ផ្ទះនៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ ២០២៣ ផងដែរ។លោក Fumio Kishida បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា «AI ជំនាន់ថ្មីមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនល្បឿនការបង្កើតថ្មីក្នុងវិស័យផ្សេងៗដូចជាការរកឃើញថ្នាំព្យាបាល និងការអភិវឌ្ឍន៍នៃការព្យាបាលថ្មី ដោយហេតុនេះនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពលោក»។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏​បាន​ធ្វើថ្លែងសុន្ទរកថា​ទៅ​កាន់​វេទិកា​តាមរយៈ​វីដេអូផងដែរ។ នៅក្នុងសុន្ទរកថារបស់គាត់ លោក Antonio បាននិយាយថា «ខ្ញុំទន្ទឹមមើលការជួបជុំគ្នានៅទីក្រុងក្យូតូ ដើម្បីទទួលបាននូវលទ្ធផលសំខាន់ៗ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។ រួមគ្នាទាំងអស់គ្នា យើងអាចដឹងពីមហិច្ឆតាដែលបានចែងនៅក្នុងប្រធានបទនៃវេទិការនេះ និងអ៊ីនធឺណិត ដើម្បីផ្តល់អំណាចដល់មនុស្សទាំងអស់»។នៅពេលល្ងាចនៃថ្ងៃទីពីរ វេទិកាមានអាហារប៊ូហ្វេអមជាមួយនឹងរាត្រីតន្ត្រី ក៏ដូចជាកាំជ្រួចស្វាគមន៍នៅខាងក្រៅអគារសន្និសីទ។វគ្គគួរឱ្យចាប់អារម្មណ៍ដោយសារមានវគ្គច្រើនជាង ៣៥៥ ទើបខ្ញុំមិនអាចចូលរួមវគ្គទាំងអស់បានទេ។ ដូច្នេះ ខ្ញុំបានរៀបចំកាលវិភាគសម្រាប់វគ្គដែលខ្ញុំចង់ចូលរួម។ ខាងក្រោម​នេះ​ជា​វគ្គ​ខ្លីដែល​ខ្ញុំ​គិត​ថា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ក្នុង​ការ​ចែក​រំលែក​នៅ​ក្នុង​ប្លុកនេះ​។និន្នាការវិវត្តនៅក្នុង MIS- & DIS-INFORMATIONវេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះការទំនាក់ទំនង និងព័ត៌មាននាពេលបច្ចុប្បន្ននេះ។ ទោះយ៉ាងណាក៏ដោយ វាក៏ជាការព្រួយបារម្ភផងដែរនៅពេលនិយាយអំពីការរីករាលដាលនៃមាតិកាមិនពិត និងក្លែងក្លាយ ព្រមទាំងព័ត៌មានដែលបណ្តាលឱ្យមានគ្រោះថ្នាក់។ ដូច្នេះ​ព័ត៌មាន​មិន​ពិត​គឺ​មានបណ្ដាលឲ្យកើតឡើងដោយ​ចេតនា ដោយឡែក​ព័ត៌មាន​មិន​ពិត​កើតឡើងដោយ​អចេតនា។ ពត៌មានមិនពិតរីករាលដាលតាមរយៈសកម្មភាពរបស់តួអង្គទាំងពីរ ហើយនៅក្នុងទម្រង់ជាមាតិកានៅប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដែលបង្កើតឡើងសម្រាប់ការទាក់ទាញអ្នកប្រើប្រាស់។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រជុំ​នេះ គឺ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗគ្នា​បាន​មក​រួម​គ្នា​ពិភាក្សា​លើ​បញ្ហា​នេះ និង​លើក​ឡើង​ពី​ទស្សនៈ​ផ្សេង​គ្នា​។ វាគ្មិនម្នាក់​​​ គឺលោកស្រី Maria Ressa ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ ក៏បានសង្កត់ធ្ងន់លើហានិភ័យនៃការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេស Artificial Intelligence (AI) ដែលអាចប្រើយ៉ាងងាយស្រួលដើម្បីផ្សព្វផ្សាយរឿងមិនពិត។ លោកស្រី​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ AI កំពុង​ឈាន​ទៅ​មុខលឿនជាង​មនុស្ស​នា​ពេល​បច្ចុប្បន្ន ។សំណួរគួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកពិភាក្សាទាំងអស់គឺ តើយើងអាចធ្វើអ្វីបានដើម្បីការពារ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី ជនភៀសខ្លួន ជនជាតិភាគតិច និងសហគមន៍ LGBTQ+ ហើយតើពួកគេអាចប្រើឧបករណ៍អ្វីខ្លះដើម្បីការពារខ្លួន? សហគមន៍ទាំងនេះជាធម្មតាតែងតែទទួលរងនូវគ្រោះថ្នាក់ដែលបណ្តាលមកពីព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតដែលមានបំណងកំណត់គោលដៅលើពួកគេ។លោកស្រី Vera Jourova អនុប្រធានគណៈកម្មការអឺរ៉ុបសម្រាប់គុណតម្លៃ និងតម្លាភាព បាននិយាយថា នៅក្នុងការកំណត់របស់សហភាពអឺរ៉ុបបានចាត់ទុកអ្វីដែលខុសច្បាប់នៅក្រៅបណ្តាញដូចគ្នានឹងនៅលើអ៊ីនធឺណិតផងដែរ។ លោកស្រីក៏បានលើកឡើងពីបញ្ហាដែលថា បច្ចេកវិទ្យាធំៗមួយចំនួនកំពុងដំណើរការសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ ដែលដូចគ្នាទៅនឹងអាជីវកម្មកខ្វក់ដែរ។ វាជាពេលដែលអ្នកដំណើរការក្បួនដោះស្រាយកំពុងរកលុយបានយ៉ាងច្រើនតាមរយៈការស្អប់ខ្ពើម ព័ត៌មានគួរឱ្យព្រួយបារម្ភ និងព័ត៌មានគ្រោះថ្នាក់។ សហភាពអឺរ៉ុបក៏បានពិភាក្សាអំពីបញ្ហានេះជាមួយនឹងបច្ចេកវិទ្យាធំៗ ហើយបានព្យាយាមបញ្ឈប់ពួកគេជាមួយនឹងច្បាប់សេវាកម្មឌីជីថលដែលមានភាពស្របច្បាប់។Tatsuhiko Yamamoto សាស្ត្រាចារ្យច្បាប់ និងជានាយករងនៃវិទ្យាស្ថានស្រាវជ្រាវសកលនៃសាកលវិទ្យាល័យ Keio បានឆ្លើយតបទៅនឹងសំណួរថាសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍មានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងពិភពអនឡាញជាងពិភពរូបវន្តពិតដោយមានពាក្យសំដីស្អប់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ ការរួមបញ្ចូលគ្នានៃអំពើបង្កគ្រោះថ្នាក់ទាំងនេះជាមួយគ្នាអាចក្លាយជាកម្លាំងដែលមិនអាចគ្រប់គ្រងបាន ដូច្នេះការ​សម្រុះសម្រួល​ដ៏រហ័សមួយ​នឹង​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហានេះ។អ្នកស្រី Maria បានសម្តែងថា ច្បាប់របស់សហភាពអឺរ៉ុប ដែលនឹងចេញគឺមានសភាពយឺតប្រៀបដូចអណ្តើក ខណៈដែលបច្ចេកវិទ្យាថ្មីកើតឡើងជារៀងរាល់ពីរសប្តាហ៍ម្តង។ ដូច្នេះហើយ វាគឺជាការអភិវឌ្ឍន៍ដ៏រហ័សរហួនមួយ​ ដែលមនុស្សត្រូវការផ្លាស់ទីលឿនជាងមុន ហើយក៏មិនគួរពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាតែម្នាក់ឯងនោះទេ ព្រោះដំណើរការបស់ពួកគេដើម្បីតែប្រាក់ចំណេញប៉ុណ្ណោះ។Nic Suzor សាស្ត្រាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Queensland University of Technology បានឆ្លើយតបថាអ្វីដែលបាត់បង់នៅក្នុងការជជែកពិភាក្សានេះគឺជាការទទួលស្គាល់ពីបញ្ហា​ ថាវាពិតជាមានភាពសំខាន់។ វាពិបាកណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីដឹងថានរណាជាគោលដៅនៅលើបណ្ដាញអនឡាញ។ នៅពេលចាត់ថ្នាក់មាតិកាស្អប់ តួលេខកម្រិតខ្ពស់បំផុតបង្ហាញតែបុគ្គលដែលមានឋានៈខ្ពស់ប៉ុណ្ណោះ។ លោក​បាន​ស្នើ​ថា យើង​ត្រូវ​មាន​ភាព​សកម្ម​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​ប្រព័ន្ធ​ដែល​យើង​កំពុង​សាងសង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​វិសមភាព​ប្រវត្តិសាស្ត្រ​ក្នុង​ចិត្ត។ ប្រសិនបើយើងផ្តោតលើឧបករណ៍ណាដែលមនុស្សអាចប្រើបាន នោះវានឹងជាបន្ទុកមួយទៀតសម្រាប់ក្រុមមនុស្សដែលត្រូវបានគេកំណត់គោលដៅរួចទៅហើយ។ការអប់រំ បរិយាបន្ន អក្ខរកម្ម៖ កត្តាចាំបាច់សម្រាប់អនាគត AI ប្រកបដោយវិជ្ជមានវគ្គនេះផ្តោតលើបញ្ញាសិប្បនិម្មិតក្នុងការអប់រំឧត្តមសិក្សា។ គោលការណ៍គ្រឹះសម្រាប់ការអប់រំឧត្តមសិក្សាត្រូវបានផ្តួចផ្តើមឡើងជាសកលដើម្បីលើកកម្ពស់អក្ខរកម្មថ្មីៗ។ គោលការណ៍ចំនួនប្រាំមួយរួមមាន: (១) មនុស្ស​ មិនមែនបច្ចេកវិទ្យា ត្រូវតែជាចំណុចកណ្តាលនៃការងាររបស់យើង (២) យើងគួរតែលើកកម្ពស់ការរួមបញ្ចូលឌីជីថលនៅក្នុង និងក្រៅស្ថាប័នរបស់យើង (៣) ចំណេះដឹងផ្នែកឌីជីថល និងព័ត៌មានគឺជាផ្នែកសំខាន់មួយនៃការអប់រំស្នូល (៤) ឧបករណ៍ AI គួរតែលើកកម្ពស់ការបង្រៀន និងការរៀន (៥) ការរៀនអំពីបច្ចេកវិទ្យាគឺជាដំណើរការបទពិសោធន៍ ពេញមួយជីវិត និង (៦) ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ AI ត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ។រួមចំណែកដល់អភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាកាលពីខែមករា ឆ្នាំ២០២២ វិធីសាស្រ្តរបស់កម្ពុជាចំពោះការគ្រប់គ្រងអ៊ីនធឺណិត​ មានការពាក់ព័ន្ធនឹងការរួមបញ្ចូលនៃក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយដើម្បីគ្រប់គ្រង និងការគ្រប់គ្រងទិដ្ឋភាពផ្សេងៗនៃអ៊ីនធឺណិត។ ការអភិវឌ្ឍន៍នៅក្នុងវិធីសាស្រ្តរបស់កម្ពុជាចំពោះអភិបាលកិច្ចអ៊ីនធឺណិតរួមមាន ក្របខណ្ឌបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត គោលនយោបាយសេដ្ឋកិច្ចឌីជីថល អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) សន្តិសុខតាមអ៊ីនធឺណិត សេរីភាពអនឡាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញ ការការពារទិន្នន័យ និងឯកជនភាព និងកិច្ចសហការអន្តរជាតិ។បន្ទាប់ពីបានចូលរួមក្នុងវេទិកា IGF ២០២៣ នេះ ខ្ញុំនឹងបន្តចូលរួមចំណែកក្នុងការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមជាមួយភាគីពាក់ព័ន្ធដូចជា ចូលរួមសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ដើម្បីបង្កើតទំនាក់ទំនង និងស្វែងយល់ពីទស្សនៈផ្សេងៗគ្នា។ ការរួមចំណែកមួយទៀតគឺការតស៊ូមតិ និងបង្កើនការយល់ដឹងដោយ លើកកម្ពស់អ៊ីនធឺណិតបើកចំហ និងអាចចូលប្រើបាន និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសិទ្ធិឌីជីថល សេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់អ៊ីនធឺណិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាចុងក្រោយ ខ្ញុំនឹងបន្តចូលរួម ឬសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលផ្តោតលើសិទ្ធិឌីជីថល សេរីភាពអ៊ីនធឺណិត និងគោលនយោបាយបច្ចេកវិទ្យា។ក្យូតូ ប្រទេសជប៉ុនរដ្ឋាភិបាលជប៉ុន បានជ្រើសរើសកន្លែងដ៏ត្រឹមត្រូវ និងល្អបំផុតដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទរបស់ខ្លួន ខណៈដែលទីក្រុងក្យូតូមានភាពល្បីល្បាញ​ ដោយសារវាជាតំបន់ប្រវត្តិសាស្ត្រ និងសំបូរដោយវប្បធម៌។ ការទៅទស្សនាទីក្រុងក្យូតូធ្វើឲ្យខ្ញុំបានស្វែងរកពេលវេលានៃភាពស្ងប់ស្ងាត់ ខណៈពេលទស្សនាប្រាសាទ និងកន្លែងដែលមានទេសភាពស្អាត់ៗ ដែល​មាន​សួនច្បារ​​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ ព្រៃឫស្សី និង​ទេសភាព​បែប​ប្រពៃណី​រួមចំណែក​ដល់​បរិយាកាស​ស្ងប់ស្ងាត់។ អារម្មណ៍រួមរបស់ខ្ញុំបន្ទាប់ពីបានទៅលេងទីក្រុងនេះ គឺជាការរួមបញ្ចូលគ្នានៃការកោតសរសើរចំពោះភាពសម្បូរបែបនៃវប្បធម៌ ភាពស្ងប់ស្ងាត់ និងទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងកេរដំណែលប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។ក​ថ្លែង​អំណរគុណ​ពិសេសការចូលរួមក្នុងវេទិកា IGF ២០២៣ នៅទីក្រុងក្យូតូ នៃប្រទេសជប៉ុន នឹងមិនកើតឡើងសម្រាប់ខ្ញុំទេ ប្រសិនបើគ្មានការគាំទ្រដ៏សប្បុរសពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ការគាំទ្រនេះ មិនត្រឹមតែផ្តល់ធនធានចាំបាច់ប៉ុណ្ណោះទេ ថែមទាំងបានបម្រើជាប្រភពនៃការលើកទឹកចិត្ត ដល់យុវជនដែលតស៊ូមតិអំពីអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជាផងដែរ។

បទពិសោធន៍ដែល​មិន​អាច​បំភ្លេច​បាន​ ការជឿនលឿននៃអ៊ីនធឺណិត និងបច្ចេកវិទ្យានៅអភិបាលកិច្ចអ៊ីនធឺណិត (IGF) ២០២៣

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី១៨ (IGF) ២០២៣ ដែលរៀបចំដោយរដ្ឋាភិបាលជប៉ុននៅទីក្រុងក្យូតូរយៈពេលប្រាំថ្ងៃរួមជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ គណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាចំនួន ១២រូបមានឱកាសជាលើកដំបូងដើម្បីចូលរួមនៅក្នុងវេទិកាលំដាប់ពិភពលោក។ វេទិកានៅទីក្រុងក្យូតូ ប្រទេសជប៉ុនរយៈពេលប្រាំថ្ងៃនាំមកនូវបទពិសោធន៍ដែល​មិន​អាច​បំភ្លេច​បាន ​និងការចង់ដឹង ចង់ឃើញ ដើម្បីជំរុញប្រធានបទអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។មានប្រទេសជាង ១៧០ បានមកពិភាក្សា និងលើកឡើងពីបញ្ហាប្រឈម និងឱកាសរបស់ពួកគេជុំវិញប្រធានបទនៃអ៊ីនធឺណិត។ វេទិកាពហុភាគីជាសាកលសម្រាប់ការសន្ទនាលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមប្រធានបទ \'អ៊ីនធឺណិតដែលយើងចង់បាន-ពង្រឹងអំណាច​ប្រជាជនទាំងអស់គ្នា\' ដោយមានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធអន្តរជាតិផ្សេងៗ។ប្រតិភូកម្ពុជាក៏រួមបញ្ចូលជាមួយការគាំទ្រពីអង្គការសហប្រជាជាតិ (UN) ផងដែរ។ ហើយវាធ្វើឱ្យសុបិនរបស់យើងក្លាយជាការពិត ដើម្បីមានឱកាសទៅទស្សនា និងចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងក្យូតូ ប្រទេសជប៉ុន រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ជាផ្នែកមួយនៃគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតម្ពុជាឆ្នាំ២០២៣ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវអ្វីដែលខ្ញុំបានរៀន ពី IGF ២០២៣ នៅប្រទេសជប៉ុនសម្រាប់អ្នកទាំងអស់គ្នាជាពិសេសសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមអំពីវេទិកានេះ និងប្រធានបទទាក់ទង​នឹង​អភិបាលកិច្ចអ៊ីនធឺណិត។កម្មវិធីនេះមានវគ្គសិក្ខាសាលាច្រើនជាង ៣០០ ដែលមានប្រធានបទតូចៗចំនួនប្រាំបី។ ទាំងនោះ​មាន​ដូចជា បញ្ញាសិប្បនិមិត្ត និង​ការរួម​ចូល​ក្នុង​បច្ចេកវិទ្យា; ជៀសវាងការបែងចែកអ៊ីនធឺណិត; សុវត្ថិភាពតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសុវត្ថិភាពលើអ៊ីនធឺណិត; ការគ្រប់គ្រងទិន្នន័យ និង​ភាព​ជឿទុក​ចិត្ត​តាម​ប្រព័ន្ធអនឡាញ; ការបែងចែកឌីជីថល និងការដាក់បញ្ចូល; អភិបាលកិច្ចឌីជីថលសកល និងកិច្ចសហប្រតិបត្តិការ; សិទ្ធិមនុស្ស និងសេរីភាព; និងនិរន្តរភាព និងបរិស្ថាន។ខ្ញុំចង់ចែករំលែកប្រធានបទគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលខ្ញុំបានចូលរួមក្នុងអំឡុងពេល IGF ២០២៣ នៅខាងក្រោម។ការបង្ហាញវប្បធម៌សម្រាប់ថ្ងៃដំបូងនៃព្រឹត្តិការណ៍នាពេលល្ងាចមានពិធីបើកកម្មវិធីដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ដោយមានការបាញ់កាំជ្រួច បង្ហាញការសំដែងស្គរប្រពៃណីជប៉ុន និងការស្លៀកពាក់ប្រពៃណីខ្មែរ។វា​ដូចជា​ការ​ផ្លាស់ប្តូរ​ប្រពៃណី​វប្បធម៌​ជាមួយ​គ្នាខ្ញុំ​បាន​ស្គាល់​រសជាតិ​នៃ​វប្បធម៌​ជប៉ុន​តាមរយៈ​ការ​សម្តែង​សិល្បៈ​របស់​ពួកគេ។នៅថ្ងៃបន្ទាប់ត្រូវបានសម្គាល់ជាថ្ងៃបើកជាផ្លូវការនៃ IGF ដោយមានសុន្ទរកថាបើកពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលនិយាយអំពីតួនាទីដ៏សំខាន់របស់អ៊ីនធឺណិតនៅក្នុងសង្គម សេដ្ឋកិច្ចសង្គម និងសង្គមប្រជាធិបតេយ្យ។ខណៈពេលដែលការរីកចម្រើននៃអ៊ីនធឺណិតមានសារៈសំខាន់ នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីកង្វល់ជុំវិញបញ្ហាអ៊ីនធឺណិត ដូចជាព័ត៌មានមិនស្របច្បាប់ និងបង្កគ្រោះថ្នាក់រួមទាំងការវាយប្រហារតាមអ៊ីនធឺណិតដែលកំពុងគំរាមកំហែងដល់កន្លែងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ដោយ​មានក្តី​សង្ឃឹមថា IGF 2023 នឹងជួយកែលម្អនិងដោះស្រាយបញ្ហាទាំងនោះតាមរយៈការពិភាក្សានៅក្នុងវេទិកានេះ ក្នុងគោលបំណងពង្រឹងបទប្បញ្ញត្តិនៃបញ្ញាសិប្បនិមិត្ត និងសន្តិសុខតាមអ៊ីនធឺណិត ដើម្បីធ្វើឱ្យអ៊ីនធឺណិតក្លាយជាកន្លែងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។អគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន លោក Antonio Guterres បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលអាចប្រើប្រាស់ដើម្បីសម្រេចបាន SDGs របស់អង្គការសហប្រជាជាតិ ដូចជាការដោះស្រាយបញ្ហាអាកាសធាតុ និងការកសាងពិភពលោកប្រកបដោយនិរន្តរភាព។បន្ទាប់មកមានការស្លៀកពាក់បែបប្រពៃណីជប៉ុនហៅថា គីមីណូ (Kimino) ហើយមានជាតិសាសន៍ជាច្រើនជុំវិញពិភពលោកបានមកសាកល្បងថតរូបពេលស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុន។ខ្ញុំមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងពណ៌ផ្កាឈូកដ៏រស់រវើកនៃសម្លៀកបំពាក់របស់ពួកគេ និងវាយនភ័ណ្ឌរលោងហើយវាមិនចំណាយពេលយូរដើម្បីស្លៀកពាក់ទេ។ខ្ញុំសង្ឃឹមថាខ្ញុំអាចមានឈុតគីម៉ូណូមួយសម្រាប់​ដែរ។បន្ទាប់មក យើងនឹងរីករាយនឹងការទស្សនាស្តង់ដែលមកពីស្ថាប័នផ្សេងៗ ក្រុមហ៊ុនឯកជន ដែលកំពុងបង្ហាញការរកឃើញបច្ចេកវិទ្យាថ្មីរបស់ពួកគេនិងណែនាំយើងអំពីបេសកកម្មរបស់ក្រុមហ៊ុនរបស់ពួកគេក្នុងការជួយដោះស្រាយបញ្ហានៅក្នុងយុគសម័យឌីជីថល។វឌ្ឍនភាពនៃបញ្ញាសិប្បនិមិត្តក្នុងនាមជាមនុស្សម្នាក់ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយខ្ញុំចាប់អារម្មណ៍នឹងបច្ចេកវិទ្យាបកប្រែពហុភាសាដែលមានសមត្ថភាពបកប្រែច្រើនភាសាទៅជាអក្សររត់ពីក្រោមក្នុងពេលតែមួយតាមរយៈសំឡេងភាសាតែមួយដោយប្រើបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិមិត្តក្នុងពេលដំណាលគ្នាដែលបច្ចុប្បន្នកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង (NICT) របស់ប្រទេសជប៉ុន។ខ្ញុំ និងសមាជិកគណៈកម្មាធិការដទៃក៏បានចូលរួមវគ្គសិក្ខាសាលា \'ការនិយាយជាមួយអ្នករស់នៅ Metaverse- អត្តសញ្ញាណថ្មី និងភាពចម្រុះ\' ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។វាបានបង្ហាញពីបច្ចេកវិទ្យាជឿនលឿននៃបញ្ញាសិប្បនិមិត្តនៅក្នុងmetaverseកំពុងឆ្ពោះទៅមុខដើម្បីជួយដោះស្រាយគម្លាតយេនឌ័រនិងអនុញ្ញាតឱ្យយុវជនចាប់អារម្មណ៍អំពីអត្តសញ្ញាណពិតរបស់ពួកគេដែលជាកម្មសិទ្ធិរបស់ពួកគេដោយគ្មានស្លាកស្នាមនៃការវិនិច្ឆ័យបទដ្ឋានសង្គមចំពោះអ្នក ប្លែងភេទ។ វាជួយពួកគេឱ្យក្លាយជាភេទ ឬរូបរាង ឬរចនាប័ទ្មស្លៀកពាក់ ណាមួយដែលយើងចង់បានតាមរយៈការបង្កើតរូបតំណាងអត្តសញ្ញាណផ្ទាល់ខ្លួន និងធ្វើសកម្មភាពណាមួយដែលយើងស្រមៃចង់ធ្វើដោយសេរីនៅក្នុងពិភពនៃ metaverse ។សិក្ខាសាលាមួយទៀត \'ការរួមបញ្ចូលសាលារៀននៃអភិបាលកិច្ចអ៊ីនធឺណិតក្នុងការសម្រេចបាន SDGs\' បានបង្ហាញខ្ញុំថាមានបញ្ហាជាច្រើនមកពីប្រទេសផ្សេងៗគ្នាទាក់ទងនឹងការអប់រំ ហើយមានការចែករំលែកដ៏ល្អពីប្រទេសអភិវឌ្ឍន៍ ដើម្បីធានាថាអ៊ីនធឺណិតមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅក្នុងសាលារៀន និងការកែលម្អចំណេះដឹងអំពី SDGs ។អ្នកតំណាងរបស់កម្ពុជាក៏បានបង្ហាញពីការស្រាវជ្រាវសំខាន់ៗរបស់ បញ្ញាសិប្បនិមិត្ត ក្នុងវិស័យអប់រំផងដែរ លោក ហេងសុខឡាយមកពីគណៈកម្មាធិការអ៊ីនធឺណិតយុវជនកម្ពុជាបានធ្វើបទបង្ហាញអំពីការស្រាវជ្រាវរបស់គាត់ដែលមានចំណងជើងថា \"បដិវត្តន៍ការសិក្សា AI-Driving នាថ្នាក់ឧត្តមសិក្សានៅកម្ពុជា\"។ វាបានបង្ហាញថាការប្រើប្រាស់ បញ្ញាសិប្បនិមិត្ត ដូចជាChatGPT មានភាពចម្រូងចម្រាសរវាងសិស្ស និងគ្រូនៅក្នុងប្រទេសកម្ពុជា ហើយយើងមិនទាន់មានបទប្បញ្ញត្តិ ឬច្បាប់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចូលរួមមកពីប្រទេសផ្សេងៗក៏បានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហានេះផងដែរ ហើយប្រទេសមួយចំនួនបានចែករំលែកថាវាមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមានសម្រាប់ការសិក្សារបស់និស្សិត និងសមត្ថភាពស្រាវជ្រាវរបស់ពួកគេ។បន្ទាប់ពីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ២០២៣ជាមួយគណៈកម្មាធិការអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាយើងបានឃើញបញ្ហាប្រឈមជាសកលនិងទស្សនៈជាច្រើនពីប្រទេសផ្សេងៗគ្នាក្នុងការប្រើប្រាស់ បញ្ញាសិប្បនិមិត្ត អ៊ីនធឺណិត និងសុវត្ថិភាពតាមអ៊ីនធឺណិត។យើងឃើញថាពួកគេកំពុងឈានទៅមុខលឿនជាងប្រទេសកម្ពុជាទាក់ទងនឹងច្បាប់ការពារសន្តិសុខតាមអ៊ីនធឺណិត ច្បាប់ប្រើប្រាស់បញ្ញាសិប្បនិមិត្តហើយពិភពលោកកំពុងទទួលបានសក្តានុពលខ្ពស់នៃអត្ថប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណិតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ កាត់បន្ថយគម្លាតយេនឌ័រ និងដោះស្រាយបញ្ហាជាច្រើននៅក្នុង ប្រទេសរបស់ពួកគេ។ខ្ញុំសង្ឃឹមថាកម្ពុជាអាចកែលម្អសុវត្ថិភាពអ៊ីនធឺណិតនិងអាចស្រូបយកអត្ថប្រយោជន៍ពីអ៊ីនធឺណិតក្នុងយុគសម័យឌីជីថលដូចប្រទេសដទៃទៀតដែរ។ក្នុងនាមជាគណៈកម្មាធិការYIGFរបស់កម្ពុជាខ្ញុំមានការចង់ដឹងចង់ឃើញនិងមានសុទិដ្ឋិនិយមចំពោះអនាគតនៃអ៊ីនធឺណិត សម្រាប់ការកសាងសហគមន៍សុវត្ថិភាពអ៊ីនធឺណិត និងតស៊ូមតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងចែករំលែកកង្វល់ និងការពិភាក្សាពីភាគីពាក់ព័ន្ធជាច្រើន ដូចជាសាធារណៈ វិស័យឯកជន និងសាធារណៈជនតាមរយៈការ​ធ្វើកិច្ច​ពិភាក្សាលើបញ្ហានេះ។