yIGF កម្ពុជា Close

ចំនុចសំខាន់ៗក្នុងថ្ងៃទី២ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា ២០២៣

​ ថ្ងៃទី ២៤ ខែកញ្ញា ២០២៣ បន្ទាប់វគ្គឆ្លុះបញ្ចាំងពីអ្វីដែលបានរៀនពីថ្ងៃទី ១ មក អ្នកចូលរួមនីមួយអាចជ្រើសរើសចូលរួមក្នុងវគ្គចែករំលែកមួយណាក៍បានក្នុងចំណោមវគ្គទាំង​​បី ។ ដែលវគ្គនីមួយៗរួមមានការពិភាក្សាចំនួនពីរ និងសិក្ខាសាលាចំនួនពីរលើប្រធានបទផ្សេងៗ។

នៅក្នុងសាលធំ លោក Ahmad Umair Bin Suhaidi បានធ្វើបទបង្ហាញពី “ការស្វែងរកពិភពឌីជីថល៖ ការយល់ដឹងលំអិតអំពីហានិភ័យតាមអ៊ីនធឺណិត និងការកសាងភាពធន់នឹងឌីជីថល” និងលោក Harisa Shahid បាននិយាយពី “ក្រមសីលធម៌ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”។ នៅក្នុងបន្ទប់លេខ ២ កញ្ញា តែ សូនីតា បានដឹកនាំការពិភាក្សាអំពីប្រធានបទ “ធានាសុវត្ថិភាពសម្រាប់ពាក្យសម្ងាត់របស់អ្នក ហើយតើមានអ្វីកើតឡើងនៅពេលអ្នកភ្ជាប់ទៅ wifi?”។ នៅក្នុងបន្ទប់លេខ៣ កញ្ញា ឈិត កណិកា និងលោក ជុំ រ៉ាស៊ី បានធ្វើបទបង្ហាញអំពី “លក្ខណៈសំខាន់ៗនៃសន្តិសុខរបស់តេឡេក្រាម”។

កិច្ចពិភាក្សាពេលព្រឹក បានបញ្ចប់ដោយសុន្ទរកថាគន្លឹះដោយលោក លី សុខផាត ប្រធាននាយកដ្ឋានវាយតម្លៃគម្រោង និងកម្មវិធីអភិវឌ្ឍន៍ និងជាអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការអភិបាលកិច្ចឌីជីថល ដោយក្នុងនោះគាត់បាននិយាយអំពី “បរិវត្តកម្មឌីជីថល”។ គោលនយោបាយសំខាន់ៗមួយចំនួន ដែលលោកបានសង្កត់ធ្ងន់រួមមាន យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គម និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ដោយលើកឡើងពីសារៈសំខាន់នៃការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតសេដ្ឋកិច្ច និង សង្គមឌីជីថលមួយប្រកបដោយភាពរស់រវើក (ថាមវន្ត)។ លោកបានបញ្ជាក់ថា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការជឿទុកចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការកសាង និងការផ្លាស់ប្តូរឆ្ពោះទៅរកសង្គមឌីជីថល”។

បន្ទាប់ពីសុន្ទរកថាគន្លឹះ​ អ្នកចូលរួមមកពីខេត្តក្រុងនានា បានចូលរួមក្នុងវគ្គសំនួរចម្លើយ ជាពិសេសបានចែករំលែកនូវបទពិសោធន៍និងចំណាប់អារម្មព៍ផ្ទាល់ខ្លួនក្នុងការចូលរួមវេទិការនេះ។ អ្នកចូលរួមម្នាក់ដែលមកពីសហគមន៍ជនជាតិដើមភាគតិច បានបញ្ចេញចំណាប់អារម្មណ៍រំភើបរបស់គាត់ ដែលបានចូលរួមក្នុងវេទិកានេះ ហើយគាត់ក៍សង្ឃឹមថាវេទិកាបែបនេះនឹងអាចមានដល់ប្រជាជនផ្សេងៗទៀត ជាពិសេស ប្រជាជនដែលជាជនជាតិដើមភាគតិច ដែលកំពុងរស់នៅតាមខ្ពស់រាបភាគភាគឦសាន ដូចជាខេត្តរតនគីរី​។ លើសពីនេះទៅទៀត មានអ្នកចូលរួមម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ទៅលើគុណតម្លៃរបស់វេទិកានេះ ដែលគាត់បានស្វែងយល់បន្ថែម ព្រមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងៗទៀតពិសេសយុវជន។ តាមយោបល់របស់គាត់ ទោះបីវេទិការនេះសំដៅដល់យុវជន វាក៍គួរតែពង្រីកវិសាលាភាពបន្ថែមទៅដល់ប្រជាជនវ័យចំណាស់ផងដែរ ដែលមិនមានចំនេះដឹងគ្រប់គ្រាន់ទាក់ទងនឹងឌីជីថល ដោយហេតុថាពួកគាត់ក៍កំពុងក្លាយជាគោលដៅរបស់ការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ 

បន្ទាប់ពីអាហារថ្ងៃត្រង់ អ្នកចូលរួមអាចជ្រើសរើសចូលរួមវគ្គចែករំលែកណាមួយក្នុងចំណោមវគ្គចែករំលែកទាំងប្រាំមួយ ក្រោមប្រធានបទផ្សេងៗគ្នា។ កម្មវិធីពេលរសៀល មានបីវគ្គពីវាគ្មិនក្នុងស្រុក និងអន្តរជាតិរបស់យើង។ នៅក្នុងបន្ទប់លេខ១ មានវគ្គចែករំលែកក្រោមប្រធានបទ “ក្រមសីលធម៌បញ្ញាសិប្បនិម្មិត និងច្បាប់ការពារទិន្នន័យ” ដោយអ្នកនាង Svaradiva Anurdea Devi និង ប្រធានបទ “សម្រាប់អក្ខរកម្មសុវត្ថិភាពឌីជីថលប្រកបដោយនិរន្តរភាព” ដោយលោក Kurihara Kohei ។ នៅក្នុងបន្ទប់លេខ ២ លោក Jaewon Son បានធ្វើបទបង្ហាញពី “ការពង្រឹងអនាគតឌីជីថលប្រកបដោយនិរន្តរភាព និងបរិយាបន្ន៖

វិធីសាស្រ្តរួមចំពោះអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ” និងលោក ស្រេង គឹមហាប់បានធ្វើបទបង្ហាញពី “ឯកជនភាព និងការការពារទិន្នន័យ”។ នៅក្នុងបន្ទប់លេខ៣ លោក ទេពកេន វណ្ណកន បានធ្វើសិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃសុវត្ថិភាពវេបសាយ“។

នៅពេលរសៀលនេះ អ្នកចូលរួមអាចជ្រើសរើសចូលរួមវគ្គមួយណាក៍បានក្នុងចំណោមវគ្គទាំង ៣ ដែលរួមមានការពិភាក្សារចំនួនពីរ និងសិក្ខាសាលាចំនួនបី។ នៅក្នុងបន្ទប់លេខ១ អ្នកស្រី Maristela Miranda បានធ្វើបទបង្ហាញ “យុវជន និងឯកជនភាពទិន្នន័យ៖ កង្វល់ និងវិធីដោះស្រាយ” ខណៈដែលលោក អ៊ឺងប៉ហៃបានធ្វើបទបង្ហាញពី “អាជីពនៅក្នុងសន្តិសុខសាយប័រ“។ នៅក្នុងបន្ទប់លេខ២ លោក ទូច សាំងរដ្ឋាបាននិយាយអំពី “លទ្ធភាពប្រើប្រាស់វេបសាយ៖ បង្កើតវេបសាយដែលមានបិយាបន្នសម្រាប់មនុស្សគ្រប់គ្នា”។ នៅក្នុងបន្ទប់លេខ៣ លោក ឌៀប គង់បានពិភាក្សាអំពី “សន្តិសុខសាយប័រ” ហើយលោក ស៊ី តិចហុង បានធ្វើបទបង្ហាញអំពី “ការការពារអត្តសញ្ញាណរបស់អ្នកក្នុងយុគសម័យឌីជីថល”។

បន្ទាប់​ពី​ការសម្រាក​​បន្តិចមក មានកម្មវិធី​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ថ្ងៃ​ទី​ពីរ គឺ​ “កិច្ចប្រជុំប្រឌិតនៃ​អភិបាលកិច្ច​អ៊ីនធឺណិត​ដែលមានភាគីពាក់ព័ន្ធជាច្រើនចូលរួម ស្តីអំពីច្បាប់ការពារទិន្នន័យបុគ្គល” ដោយក្នុងនោះអ្នកចូលរួមត្រូវបានបែងចែកជា ៣ ក្រុម និងសម្តែងជាភាគីសំខាន់ៗមានដូចជាភាគីរដ្ឋាភិបាល ភាគីវិស័យឯកជន និងអ្នកប្រើប្រាស់អ៊ីធឺណិត ។ ជាកំណត់សំគាល់សំខាន់នោះគឺ រាល់ព័ត៌មាននិងមតិយោបល់បង្ហាញក្នុងកិច្ចប្រជុំប្រឌិតនេះនឹងមិនត្រូវបកស្រាយ ឬប្រើដោយភាគីទីបីនោះទេ ក្រោមមូលហេតុថាកិច្ចប្រជុំនេះមិនមែជាកិច្ចប្រជុំផ្លូវការនោះទេ។  ក្រុមនីមួយៗមានពេល ០៥ នាទីដើម្បីធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងការការពារទិន្នន័យបុគ្គល បន្ទាប់មកក៍មានការសួរដេញដោលវាងភាគីពាក់ព័ន្ធរយះពេល ២០នាទី។

យើងសង្កេតឃើញថាសំណួរភាគច្រើនគឺជុំវិញរបៀបដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលេងអ៊ីនធឺណែតអាចត្រូវបានប្រមូលនិងរក្សាទុកដោយមិនមានការលេចធ្លាយដោយហេតុផលណាមួយ។ កាមេរ៉ាCCTVសាធារណៈ​ដែល​ចាប់​យក​ទិន្នន័យ​មុខ​របស់​ពលរដ្ឋ​ក៏​ជា​ក្តី​បារម្ភ​ដែរ​ព្រោះ​ទិន្នន័យនេះ ​អាច​នឹង​លេច​ធ្លាយ។ សំណួរនិងចម្លើយជុំវិញវិធីប្រមូលការយល់ព្រម ដោយភ្ជាប់ជាមួយលក្ខខណ្ឌដែល ងាយយល់ គឺជាចំណុចទាក់ទាញមួយទៀតដែលត្រូវបានពិភាក្សា។ ជាចុងក្រោយអ្នកប្រើប្រាស់ អ៊ីនធឺណិតបានផ្តល់​ ការណែនាំមួយចំនួនដែល ទាក់ទងនឹងលទ្ធភាពនៃឧក្រិដ្ឋកម្មតាម អ៊ីនធឺណិតនៅក្នុង FinTech ដោយឥឡូវនេះនរណាម្នាក់ក៏ អាចបើកគណនីធនាគារតាមរយៈ កម្មវិធីទូរស័ព្ទដោយគ្រាន់តែបំពេញទិន្នន័យផ្ទាល់ខ្លួនមួយចំនួន និងការសម្គាល់មុខ។ ត្រង់ចំនុចនេះមានថាព័ត៌មានដូចជាការសម្គាល់មុខអាចបង្កើតដោយ AI ដូច្នេះវាសមហេតុផលក្នុង ការលើកឡើងពីហានិភ័យនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលបង្កើតដោយ AI នៅក្នុង FinTech ។ អ្នក​និយម​លេង​អ៊ីនធឺណិត​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC)​ បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ក្នុង​គោលបំណង​ប្រមូលផ្តុំ​ធាតុ​ចូល​ ឬ​មតិ​របស់​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​។​ ជា​ការ​ចាំបាច់​ដែល​កិច្ចប្រជុំ​ ឬ​សិក្ខាសាលា​ទាំងនេះ​មាន​កាលបរិច្ឆេទ​ ពេលវេលា​ និង​ទីកន្លែង​ជាក់លាក់​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​។​ សាធារណជន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចែករំលែក​កង្វល់​របស់​ពួក​គេ​ និង​បញ្ចូល​មតិ​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​នានា​ ក៏​ប៉ុន្តែ​ ព័ត៌មាន​ ស្តី​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ទាំងនេះ​នៅ​មាន​កម្រិត​ដែល​បង្ក​ជា​ឧបសគ្គ​។​

ក្នុងវគ្គបន្ទាប់ទៀត ក៏មានមានកិច្ចប្រជុំ​គំរូ (កិច្ចប្រជុំប្រឌិត) មួយបានរៀបចំឡើង​មាន​ឈ្មោះ​ថា “ការ​ពិភាក្សា​តាមក្រុម​ឆ្លង​សហគមន៍” ដោយ​ក្នុងនោះ​មានការបង្កើតជាក្រុមតូចៗចំនួន ៣ ដែលតំណាងឱ្យតំណាងភាគីពាក់ព័ន្ធ​ទាំង ៣ ប្រភេទមានដូចជា​​ (១) ក្រុមយុវជន (២) ក្រុមវិស្ស័យឯកជន និង (៣) ក្រុមរដ្ឋាភិបាល​។ សេចក្តីថ្លែងការចុងក្រោយដែលចេញពីក្រុមទាំងបីមានចំនុចគួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ការបណ្តុះបណ្តាលនិងការអប់រំលើការការពារទិន្នន័យប្រកបដោយបរិយាបន្ន ដែលអាចផ្តល់ឱ្យប្រជាជនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល តម្លៃសមរម្យ និងលទ្ធភាពប្រើប្រាស់ផលិតផល និងសេវាកម្មដែលផ្តល់ដោយវិស័យឯកជន និងបញ្ហានៃច្រកចេញចូលអ៊ីនធឺណិតដែលមានគោលបំណងពិតប្រាកដដើម្បីការពារប្រជាជនរស់នៅស្រទាប់វណ្ណៈ។

ថ្ងៃទីពីរនេះបានបិទបញ្ចប់ដោយការបញ្ចេញចំណាប់អារម្មណ៍ និងមេរៀនដែលបានដកចេញពីវេទិកានេះ​ ដោយកញ្ញា រស់ ច័ន្ទវល័ក្ខ តំណាងឱ្យក្រុមការងារយុវជន ដែលខិតខំយ៉ាងពេញទំហឹងក្នុងការរៀបចំវេទិកានេះឡើង។ វប្បធម៌ចែករំលែកតៗគ្នាជាអ្វី ដែលកញ្ញា ច័ន្ទវល័ក្ខ បានគូសបង្ហាញក្នុងន័យថា រាល់បទពិសោធន៍ និងមេរៀនដែលដកចេញពីវេទកាថ្ងៃនេះ នឹងត្រូវចែករំលែកទៅកាន់យុវជនកម្ពុជាផ្សេងៗទៀត ដែលមិនមានឱកាសចូលរួមផ្ទាល់ក្នុង វេទិកាថ្ងៃនេះ។ “ថ្ងៃនេះ ខ្ញុំជាយុវជន តែថ្ងៃស្អែកខ្ញុំនឹងជាមនុស្សវ័យចំណាស់” នេះជាសំដីរបស់កញ្ញា ច៍ន្ទវល័ក្ខ ដែលចង់សង្កត់ន័យថា អភិបាលកិច្ចអ៊ិនធឺណិតគឺជាកិច្ចប្រឹងប្រែងរយៈពេលវែង ដែលមិនត្រឹមមនុស្សមួយជំនាន់អាចធ្វើបានទេ តែវាជាកិច្ចប្រឹងប្រែងពីជំនាន់មួយទៅជំនាន់មួយ។ 

ជាកិច្ចបន្ទាប់ លោក ធី ទ្រី ក៍បានឡើងថ្លែងអំណគុណចំពោះក្រុមការងារយុវជនដែលរៀបចំវេទិកា ព្រមទាំង វាគ្មិនកិត្តិយសដូចជា លោក Norbert Klein និងលោក Siu Dixon សម្រាប់ការចូលរួមក្នុងវេទិកានេះ។ ការរៀបចំវេទិកាអភិបាលកិច្ចអ៊ិនធឺណិតថ្នាក់ជាតិក៍ជាគម្រោង មួយដែលអង្គការអូឌីស៊ី ប្តេជ្ញារៀបចំបន្តទៀតដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយស្របនឹងវេទិកាថ្នាក់សកសមួយ ដែលនឹងរៀបចំនៅទីក្រុងញ៉ូយ៉ក។ ជាកិច្ចចុងក្រោយបង្អស់ កញ្ញា​ ឡាយ ពុទ្ធិនាថ ដែលជាគណៈកម្មាធិការប្រឹក្សា នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា បានថ្លែងសុន្ទរកថាបិទ។ អ្វីដែលជាចំនុចបង្ហាញថាវេទិកានេះបានប្រព្រឹត្តដោយជោកជ័យនោះគឺជាចំនួនអ្នកចូលរួមសរុបដល់ទៅ ១៧០ នាក់ នៅក្នុងគ្រប់បទបង្ហាញទាំង ៣៣  ប្រកបដោយចំណាប់អារម្មណ៍ល្អ។ កញ្ញា​ ឡាយ ពុទ្ធិនាថ ក៍បានថ្លែងអំណរគុណទៅដល់អង្គការអូឌីស៊ី និងដៃគូផ្សេងៗដូចជា FHI  APNIC និង Chumrum Digital។

អត្ថបទទាក់ទង

ដាច់ចរន្ត Microsoft តែឯងសោះ បង្កឱ្យមានភាពចលាចលសឹងគ្រប់វិស័យ?

កំឡុងពេលប៉ុន្មានម៉ោងកន្លងទៅនេះ ទូទាំងបណ្តាប្រទេសជាច្រើន ជាពិសេសទ្វីបប៉ែកខាងលិចជួបភាពចលាចល ដោយសារជើងហោះហើរត្រូវបានពន្យារពេល ធ្វើឱ្យអាកាសយានដ្ឋានស្ថិតក្នុងភាពវឹកវរ រីឯធនាគារកំពុងតែស្វែងរកវិធីយ៉ាងស្វិតស្វាញ ដើម្បីរក្សាដំណើរការលើប្រព័ន្ធអនឡាញរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ភាគច្រើនដែលពឹងផ្អែកទៅលើការទូរទាត់តាមអនឡាញ។ ទាំងនេះគឺជាទិដ្ឋភាពនៅទូទាំងពិភពលោក ដែលរងផលវិបាកពីការដាច់បច្ចេកវិទ្យាតភ្ជាប់ជាសកល ធ្វើឱ្យមានផលប៉ះពាល់ជាច្រើននៅស្ទើរគ្រប់វិស័យ។ នៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ការបរាជ័យផ្នែកបច្ចេកវិទ្យាជាសាកលដ៏សំខាន់បាននាំឱ្យប្រតិបត្តិការនៅទូទាំងឧស្សាហកម្មជាច្រើនត្រូវជាប់គាំង។ ការដាច់ចរន្តដែលបង្កឡើងដោយការធ្វើបច្ចុប្បន្នភាពផ្នែកទន់ពីក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike បាននាំឱ្យមានការរំខានទៅលើប្រព័ន្ធយ៉ាងទូលំទូលាយរបស់ Microsoft Windows ដែលធ្វើឱ្យលេចឡើងនូវ “អេក្រង់ពណ៌ខៀវនៃការស្លាប់” (Blue Screen of Death) ឬហៅកាត់ថា BSOD។ \"អេក្រង់ពណ៌ខៀវនៃការស្លាប់\" Blue Screen of Death (BSOD) Blue Screen of Death (BSOD) គឺជាអេក្រង់ដែលជាប់គាំងដែលបង្ហាញខ្លួននៅពេលមានបញ្ហាកំហុសក្នុងប្រព័ន្ធកើតឡើងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows។ កំហុសនេះបង្ខំឱ្យកុំព្យូទ័របើកឡើងវិញដោយមិនរំពឹងទុក ដែលជារឿយៗបណ្តាលឱ្យបាត់បង់ទិន្នន័យ។ នៅក្នុងឧបទ្ទវហេតុថ្មីៗនេះ សារកំហុស BSOD បានបង្ហាញថាកុំព្យូទ័រមានបញ្ហា ហើយត្រូវការបើកឡើងវិញ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការខកចិត្ត ហើយអាជីវកម្មជាច្រើនព្យាយាមស្វែងរកដំណោះស្រាយ។ វាបង្ខំឱ្យកុំព្យូទ័រយួរដៃ និងកុំព្យូទ័រផ្សេងៗបិទភ្លាមៗ ហើយបើកឡើងវិញដោយជៀសមិនបាន។ ផលប៉ះពាល់នៃការដាច់ប្រព័ន្ធប្រើប្រាស់ទូលំទូលាយ ការដាច់ចរន្តចេញមកពីការធ្វើបច្ចុប្បន្នភាពរបស់ប្រព័ន្ធកម្មវិធីសុវត្ថិភាពដែលអាចប្រើប្រាស់ទូលំទូលាយដែលបង្កើតឡើងដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike នៅព្រឹកថ្ងៃសុក្រនេះ បានប៉ះពាល់ដល់កុំព្យូទ័រដែលកំពុងដំណើរការ Microsoft Windows នៅតាមក្រុមហ៊ុននានានៅទូទាំងវិស័យនានា ចាប់ពីក្រុមហ៊ុនអាកាសចរណ៍ ធនាគារ សង្វាក់អាហារ និងក្រុមហ៊ុនកម្រៃជើងសារ រហូតដល់ស្ថាប័នព័ត៌មាន និងបណ្តាញផ្លូវដែកជុំវិញពិភពលោក។ ក្នុងនោះ វិស័យ​អាកាសចរ​ណ៍ហាក់​ដូច​ជា​ត្រូវរង​គ្រោះ​ខ្លាំង​ជាង​គេ។ អាកាសយានដ្ឋាននៅទូទាំងពិភពលោកកំពុងជួបប្រទះការពន្យារពេលជើងហោះហើរ និងការលុបចោលដោយសារតែមិនអាចចូលទៅប្រើប្រព័ន្ធសំខាន់ៗ។ អ្នកធ្វើដំណើរជាច្រើនត្រូវទទួលការខកចិត្ត ដោយសារតែការ​ពន្យារ​ពេល​ជើង​ហោះ​ហើរ និង​ការ​លុប​ចោល ដោយសារ​ប្រព័ន្ធ​ពិនិត្យ​ចូល និងប្រព័ន្ធ​សំបុត្រ​របស់​ពួក​គេមិនដំណើរការ។ អ្នកដំណើរប្រឈមមុខនឹងការរង់ចាំយូរ និងការយល់ច្រឡំ ដោយជើងហោះហើរជាច្រើនត្រូវបានផ្អាក ដោយសារមិនអាចដំណើរការទិន្នន័យចាំបាច់។ ធនាគារ​ក្នុង​ប្រទេស​​អូស្ត្រាលី និង​នូវែលសេឡង់​បាន​ជួប​ប្រទះ​ការ​រំខាន​យ៉ាង​ខ្លាំងពីហេតុការណ៍នេះ។ សេវាធនាគារតាមអ៊ីនធឺណិតបានធ្លាក់ចុះ អេធីអឹមមិនដំណើរការ ហើយអតិថិជនមិនអាចចូលគណនីរបស់ពួកគេបាន ដែលនាំឱ្យមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ និងការខកចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅចក្រភពអង់គ្លេសដូចជា Sky News មិនអាចផ្សាយផ្ទាល់បាន ហើយសេវាសុខភាពជាតិជួបនឹងបញ្ហាលើប្រព័ន្ធកុំព្យូទ័រគ្លីនិករបស់ខ្លួន ដែលប៉ះពាល់ដល់ការថែទាំអ្នកជំងឺ និងកាលវិភាគណាត់ជួប។ តើវាកើតឡើងយ៉ាងដូចម្តេច? ហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនមេពពក ដែលជាសេវាផ្ទុកទិន្នន័យ និងកុំព្យូទ័រដែលប្រមូលផ្តុំដោយបណ្តាញអ៊ីនធឺណិត។ ម៉ាស៊ីនមេទាំងនេះរៀបចំកម្មវិធី និងទិន្នន័យសំខាន់ៗសម្រាប់អាជីវកម្ម និងរដ្ឋាភិបាលទូទាំងពិភពលោក។ នៅពេលដែលម៉ាស៊ីនមេពពកជួបប្រទះការបរាជ័យ វាអាចរំខានដល់សេវាកម្មរបស់អតិថិជនទាំងអស់ដែលពឹងផ្អែកលើវា។ នេះមានន័យថាស្ថាប័នណាមួយដែលប្រើប្រាស់ម៉ាស៊ីនមេទាំងនេះអាចប្រឈមនឹងការបិទប្រតិបត្តិការ ការបាត់បង់ទិន្នន័យ និងការដាច់ប្រព័ន្ធទំនាក់ទំនង។ ឫសគល់នៃការដាច់ចរន្តនេះ ត្រូវបានភ្ជាប់ទៅនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធី CrowdStrike ដែលប៉ះពាល់ដល់ឧបករណ៍ចាប់សញ្ញា Falcon របស់ពួកគេ ដែលជាឧបករណ៍សុវត្ថិភាពតាមអ៊ីនធឺណិតដែលប្រើប្រាស់ដោយសហគ្រាសជាច្រើន។ ការធ្វើបច្ចុប្បន្នភាពនេះបានធ្វើឱ្យប្រព័ន្ធ Windows គាំងដែលធ្វើឱ្យមានអេក្រង់ BSOD។ សេចក្តីសន្និដ្ឋាន ឧប្បត្តិហេតុនេះសបញ្ជាក់ពីភាពងាយរងគ្រោះដែលមាននៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានការពាក់ព័ន្ធគ្នា។ ការពឹងផ្អែកលើសេវាកម្មដែលមានមូលដ្ឋានលើពពក និងដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិតភាគីទីបី ទោះបីជាវាផ្តល់នូវការការពារ និងប្រសិទ្ធភាពខ្ពស់ ក៏នៅតែអាចបង្កហានិភ័យយ៉ាងខ្លាំង នៅពេលដែលអ្វីៗដំណើរការខុសប្រក្រតី។ មាត្រដ្ឋានសកលនៃការដាច់ចរន្តនេះ បង្ហាញពីតម្រូវការនៃផែនការភាពអាសន្នដ៏រឹងមាំ សារៈសំខាន់នៃការឆ្លើយតបរហ័ស និងការសម្របសម្រួលចំពោះបញ្ហានេះ។ ទោះបីជា CrowdStrike បានធានានូវការគាំទ្រ និងការធ្វើបច្ចុប្បន្នភាពបន្តក៏ដោយ ក៏សហគមន៍បច្ចេកវិទ្យាសកលត្រូវតែពិនិត្យមើលឱ្យបានដិតដល់ក្នុងការការពារប្រឆាំងនឹងឧប្បត្តិហេតុស្រដៀងគ្នានេះនៅថ្ងៃមុខ រួមបញ្ចូលទាំងការធ្វើតេស្តការធ្វើបច្ចុប្បន្នភាពយ៉ាងហ្មត់ចត់ ការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងក្នុងអំឡុងពេលមានវិបត្តិ និងពិធីការស្តារឡើងវិញពេលមានបញ្ហា។ មេរៀនដែលបានរៀនពីការដាច់ចរន្តនេះនឹងសូនអនាគតនៃការអនុវត្តសុវត្ថិភាពតាមអ៊ីនធឺណិត និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ឧបទ្ទវហេតុនាពេលថ្មីៗនេះ គឺជាការរំឮកយ៉ាងច្បាស់អំពីតុល្យភាពដ៏ទន់ខ្សោយរវាងភាពជឿនលឿននៃបច្ចេកវិទ្យា និងភាពធន់នៃប្រព័ន្ធដែលយើងពឹងផ្អែកលើប្រចាំថ្ងៃ។ នៅពេលដែលឧស្សាហកម្មនេះបន្តងើបឡើងវិញ ការផ្តោតសំខាន់នៅតែមានបន្តលើការស្ដារឡើងវិញនូវភាពប្រក្រតី និងការការពារឧប្បត្តិហេតុនេះនាពេលអនាគត។ ឯកសារយោង MSN. (2024). Global cyber outage: What is CrowdStrike? How is it linked to the global Microsoft outage? Retrieved from https://www.msn.com/en-in/money/news/global-cyber-outage-what-is-crowdstrike-how-is-it-linked-to-the-global-microsoft-outage/ar-BB1qgmDq?ocid=BingNewsSerp Yahoo. (2024). Explainer: What caused the global cyber outage? Retrieved from https://www.yahoo.com/news/explainer-caused-global-cyber-outage-103655875.html BBC. (2024). Technology: Global cyber outage. Retrieved from https://www.bbc.com/news/technology-64397643